អង្គការ​សិទ្ធិ​មនុស្ស​៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ផ្នែកច្បាប់ និងការ​តស៊ូមតិ​របស់ខ្លួន បានវាយតម្លៃ ការបោះឆ្នោត​ជាតិ​កាលពីម្សិលម៉ិញ ថាជា «ឧបាយកលដ៏កខ្វក់» ដែលរៀបចំដឹកនាំឡើង ប្រឆាំងនឹង​ប្រជាជន​កម្ពុជា​។
អង្គការ​សិទ្ធិ​មនុស្ស​៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 30, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ភាស - ប្រតិកម្មកំពុងធ្លាក់ចុះមក ជាបន្តបន្ទាប់។ ហើយខាងក្រោមនេះ គឺជាប្រតិកម្មខ្លាំងៗ ធ្វើឡើងដោយលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិ​ទទួលបន្ទុកផ្នែកច្បាប់ និងការ​តស៊ូមតិ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការធំ នៅក្រុង ញ៉ូយក សហរដ្ឋអាមេរិក។ មេដឹកនាំអង្គការអន្តរជាតិរូបនេះ បានចាត់ទុកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីម្សិលម៉ិញ នៅក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់ជ័យជំនះ នៅក្នុងលទ្ធផលផ្លូវការបឋម ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកនោះ ថាជា «ឧបាយកលដ៏កខ្វក់» ដែលមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើល និងដែលត្រូវបានរៀបចំទុក រួចជាស្រេចហើយ។

តាមរយៈបទសម្ភាសមួយ ជាមួយវិទ្យុុបារាំង «France Info» លោក ប្រ៊ុយណូ ស្ដាចណូ ដែលមានជំនាញខាងសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងក្រាសក្រែល បានអះអាងថា ជ័យជំនះចេញពីការបោះឆ្នោតនេះ នឹងអនុញ្ញាតឲ្យលោក ហ៊ុន សែន អាចបន្ត​អង្គុយ​ចាក់ឫស នៅពីលើរបបដឹកនាំរបស់លោក ដែលពោរពេញ​ដោយ​​«អំពើពុករលួយ ការកៀបសង្កត់ និង​ការបង្ក្រាប»។ លោកបានសំដែងការជឿជាក់ថា ពេលនេះ ​គឺវាសមល្មមហើយ ដែលសហគមន៍អន្តរជាតិ ត្រូវចាត់វិធានការ ឲ្យបានច្បាស់លាស់ ជាងពេលណាៗទាំងអស់។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់​យកខ្លឹមសារសំខាន់ នៃកិច្ចសម្ភាសនោះ មកផ្សាយបន្ត មានជាអាទិ៍័ដូចខាងក្រោម៖

សំនួរ៖ សហភាពអ៊ឺរ៉ុប មិនបានបញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​របស់​ខ្លួន មកកម្ពុជាទេ ក្នុងចុងសប្ដាហ៍នេះ។ អញ្ចឹង តើលោកគិតថា ព្រឹត្តិការណ៍នោះ ជាការបោះឆ្នោតឬទេ?

ប្រ៊ុយណូ ស្ដាចណូ៖ មិនមែនទាល់តែសោះ។ តែវាជាឧបាយកល​ដ៏កខ្វក់ ដែលរៀបចំ​ដឹកនាំ​ឡើង ប្រឆាំងនឹងប្រជាជនកម្ពុជា។ គេត្រូវដឹងថា ការបោះឆ្នោតនេះ ជាការចំអកមួយ ទៅដល់លទ្ធិប្រជាធិបតេយ្យ។ របបដឹកនាំសព្វថ្ងៃ ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច តាំងពី៣៣ឆ្នាំ។ លោក ហ៊ុន សែន ចាំបាច់ត្រូវធានា​ឲ្យបាន នូវជ័យជំនះដូច្នេះ ដើម្បីបន្តក្រាញអំណាច ជាមួយនឹងអំពើពុករលួយ ការកៀបសង្កត់ ការបង្ក្រាប និងដើម្បីធានាថា មន្ត្រីយោធាជាង២០នាក់ ក្នុងនោះមាន១២នាក់ ជាឧត្ដមសេនីយ៍ ដែលមានអតីតភាព ជាទាហានខ្មែរក្រហមនោះ អាចបន្តសម្រេចជោគវាសនាប្រទេសកម្ពុជា ជំនួសប្រជាជនកម្ពុជា ទៅមុខទៀត។

សំនួរ៖ យើងចាំបាន ពីរបបប្រល័យពូជសាសន៍​ខ្មែរក្រហម នៅក្នុងទសវត្សន៍ឆ្នាំ៧០។ តើដោយសារប្រជាជនកម្ពុជា ភ័យនឹងការវិលត្រឡប់ នៃរបបវាលពិឃាតហ្នឹងឬ ដែលធ្វើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេះតែនៅបន្តកាន់អំណាចបានដូច្នេះ?

ប្រ៊ុយណូ ស្ដាចណូ៖ ជាអ្វីដែលលោក ហ៊ុន សែន បានយកមក​ប្រើប្រាស់ តាំងពី៣៣ឆ្នាំ​មកហើយ។ គឺជាការរំលោភ​ជាអចិន្ត្រៃយ៍ ទៅលើកិច្ចព្រមព្រៀងនានា និងជាពិសេសកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១។ ការបោះឆ្នោតនេះ ជាការរំលោភថ្មីមួយទៀត ទៅនឹងគ្រប់កិច្ចព្រមព្រៀងសន្តិភាព ដោយសារតែលក្ខខណ្ឌ មិនមានគ្រប់គ្រាន់ ដើម្បីឲ្យមានការបោះឆ្នោតមួយ ដោយសេរីនោះឡើយ។ ដូច្នេះ លោក ហ៊ុន សែន កំពុងលេងល្បែង ជាមួយសហគមន៍អន្តរជាតិ ដែលបានយល់យោគខ្លាំងជ្រុល ក្នុងពេលកន្លងមក។ យើងសង្ឃឹមថា បន្ទាប់ពីការបោះឆ្នោត​ដែលគ្មានតម្លៃ និងគ្មានភាពស្របច្បាប់​ទាល់តែសោះ​នេះ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសបារាំង (ដែលជាសហប្រធានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១) គួរត្រូវសន្មតថា ពេលវេលាបានផុតកំណត់ហើយ ដែលចាំបាច់ត្រូវចាត់វិធានការ ដែលច្បាស់លាស់​ជាងពេលមុនៗ។ ហើយវិធានការ​ដ៏សំខាន់ជាងគេនោះ គឺទណ្ឌកម្មប្រឆាំងឧត្ដមសេនីយ៍ ទាំង១២នាក់ ដែលសុទ្ធសឹងជាឫសកែវ នៃអំណាចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សំនួរ៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានស្នើសុំជាថ្មី ឲ្យមានការ​គោរព​សិទ្ធិមនុស្ស នៅកម្ពុជា។ លោកអគ្គលេខាធិការ បានថ្លែងថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការការពារ​ភាពរីកចម្រើន ដែលសម្រេចបាន នៅក្នុងកិច្ចពង្រឹងសន្តិភាព»។ បើតាមលោកផ្ទាល់ តើវាពិតជាមានភាពរីកចម្រើន ដែលសម្រេចបានមែនឬ?

ប្រ៊ុយណូ ស្ដាចណូ៖ អត់មានរីកចម្រើនអ្វីទេ ហើយវាជាការវាយតម្លៃ ដែលមិនត្រឹមត្រូវ។ គ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គ្មានគណបក្សប្រឆាំងពិតប្រាកដ។ គណបក្សប្រឆាំងពិតប្រាកដ ដែលមានឈ្មោះ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលោយចោល។ មេដឹកនាំទាំងអស់ របស់គណបក្សនេះ បានភៀសខ្លួន​ចេញពីប្រទេស និងបានជាប់ពន្ធនាគារ។ លោក ហ៊ុន សែន ក្ដាប់ស្ថាប័នរដ្ឋគ្រប់ទាំងអស់ រួមទាំងកងទ័ព។ គេកំពុងចូលរួម ក្នុងការបង្កើតរដ្ឋឯកបក្សមួយ។ អញ្ចឹង វាគ្មានភាពរីកចម្រើនអ្វី ឲ្យពិតប្រាកដនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...