មន្ត្រីខ័ណ្ឌដូនពេញបួនរូប រងការចោទប្រកាន់ពីបទ«ប៉ុនប៉ងមនុស្សឃាត និងប្លន់»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកអភិបាលរងខ័ណ្ឌដូនពេញ ប្រធានសណ្តាប់ធ្នាប់ខ័ណ្ឌ លោកស្រីមន្រ្តីក្រុមប្រឹក្សាសាលាខ័ណ្ឌ និងលោកអធិការរងខ័ណ្ឌដូនពេញ ទាំងបួនរូប ត្រូវបានអតីតប្រជាពលរដ្ឋអ្នកបឹងកក់១១នាក់ ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញពីបទប៉ុនប៉ងមនុស្សឃាត និងប្លន់ កាលបីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣។
ក្រុមពលរដ្ឋរងគ្រោះនឹងអំពើហិង្សា បានបង្ហាញពាក្យបណ្ដឹងរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់បានមកពីសហគមន៍បូរីកីឡា ក្នុងនោះប្រជាពលរដ្ឋដប់មួយនាក់ បានប្តឹងលោក សុខ ពេញវុធ លោក គឹម វុត្ថា លោកស្រី ពេជ្រ សុជាតា និងលោក សៅ ណុល ទៅព្រះរាជអាជ្ញាអមសាលារាជធានីភ្នំពេញ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា អ្នកទាំងបួននាក់ខាងលើនេះ បានដឹកនាំកម្លាំងប្រដាប់អាវុធចម្រុះចំនួនជិត៥០០នាក់ រួមមានក្រុមប៉ូលីស កងរាជអាវុធហត្ថ មន្រ្តីសាលាខណ្ឌ និងក្រុមសណ្តាប់ធ្នាប់ ក្នុងសម្លៀកបំពាក់ស៊ីវិល បានពង្រាយកម្លាំងបិទផ្លូវ ជុំវិញរមណីដ្ឋានវត្តភ្នំ នាវេលាម៉ោងជិតដប់។ ពាក្យបណ្តឹងនោះបានសរសេរបន្តរថា ក្នុពេលដែលប្រជាពលរដ្ឋមកពីសហគមបឹងកក់ និងបុរីកីឡា ប្រមាណជាង២០នាក់កំពុងតែអង្គុយតាំងសម្មាធិ ដើម្បីសុំសុខសន្តិភាព និងសុំឲ្យមានការដោះស្រាយបញ្ហាដីធ្លី ស្រាប់តែសមត្ថកិច្ចចម្រុះទាំងនោះបានប្រើអំពើហឹង្សាដោយដំបងឆក់ បាញ់គ្រាប់ឃ្លី ទាត់ ធាក់ វាយនឹងបំពង់ទីបរុំក្រដាសកាសែត និងបានបិទផ្លូវដោយរនាំងបន្លាលួស មិនឲ្យប្រជាពលរដ្ឋរងគ្រោះនោះចេញទៀតផង។
លោក ចាន់ ពុទ្ធស័ក្ត ជាសាក្សីក្នុងហេតុការណ៍នោះ បានរៀបរាប់ដំណោះរឿងខ្លះៗថាមិនថាអ្នកសារព័ត៌មាន មន្រ្តីអង្គការសង្គមស៊ីវិលអ្វីនោះទេ ក្រុមមន្រ្តីទាំងនោះបានរៀបកម្លាំងព័ទ្ធជុំវិញវត្តភ្នំ បាញ់ប្រហារដោយគ្រាប់ឃ្លី វាយសន្ធាប់មកលើប្រជាពលរដ្ឋដែលកំពុងតែអង្គុយសម្មាធិនោះតែម្តង។ លោកបានបន្តរថា ប្រជាពលរដ្ឋក៏នាំគ្នារើអីវ៉ាន់រត់ ពេលនោះក្រុមសមត្ថកិច្ចទាំងនោះបានហ៊ុំព័ទ្ធវាយ ឆក់ និងបាញ់យកតែម្តង។
សូមអានអត្ថបទមុន ដែលទាក់ទងនឹងប្រធានបទនេះ៖ បង្ក្រាបអ្នកតវ៉ានៅវត្តភ្នំ៖ មន្ត្រីសិទ្ធិមនុស្សថ្កោលទោស តែអាជ្ញាធរថាជា«កតព្វកិច្ច»។
អ្នកស្រី សុង ស្រីលាភ ក្រោយពីដាក់ពាក្យបណ្តឹង ស្នើរសុំឲ្យតុលាការជួយចាប់ជនដែលបានបង្កហេតុ និងអ្នកបញ្ជាក្នុងការប៉ុនប៉ងធ្វើមនុស្សឃាតមកលើប្រជាពលរដ្ឋ។ អ្នកស្រីបន្តរថា បើតុលាការកម្ពុជាធ្វើការឈរលើឆន្ទៈមួយ ដែលបំរើប្រជាជន មិនប្រកាន់បក្សពួក នោះគាត់នឹងធ្វើការវែកញែក ស៊ើបអង្កេតលើរឿងក្តីនេះជូនយុត្តិធម៌ដល់ពួកយើង។ តែផ្ទុយមកវិញ បើតុលាការមិនឯករាជ្យ និយមបក្សពួក លំអៀងលើអ្នកមានអំណាច នោះយើងនឹងបន្តរនីតិវិធីប្តឹងនេះ ទៅកាន់តុលាការអន្តរជាតិជាបន្តរទៀត។
អ្នកស្រីបន្ថែមថា ការប្តឹងនេះមិនដាក់ទៅសាលាខ័ណ្ឌដូនពេញនោះទេ ព្រោះថាក្រុមគាត់ទាំងនោះជាអ្នកប្រព្រឹត្ត ដូច្នេះមិនអាចធ្វើការសម្រេចសេចក្តីក្នុងរឿងនេះបានទេ។ «ព្រោះពួកគាត់មិនមានចេតនាណាមួយក្នុងការដោះស្រាយនោះទេ។ (...) ពេលយើងទៅរកការអន្តរាគមន៍ មិនមានមន្រ្តីសាលាខ័ណ្ឌណាមកសម្របសម្រួលទេ តែបែរជាថែមកម្លាំង និងរនាំងបន្លាលួសមិនឲ្យចូលទៅវិញ។ មិនតែប៉ុណ្ណោះថែមទាំងជេរថា បើចូលមួយសម្លាប់មួយ។ (...) ពួកគេបានប្លន់នូវសម្ភារៈមួយចំនួន ឲ្យត្រឡប់មកវិញតែម៉ូតូ និងទុកទុក។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចស្នើសុំប្រតិកម្មអត្ថាធិប្បាយពីមន្រ្តីទាំងបួនរូបខាងលើ ចំពោះការចោទប្រកាន់នេះតាមទូរស័ព្ទបានទេ។ តែលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ ដែលកំពុងជាប់រវល់ប្រជុំនោះ បានបញ្ជាក់យ៉ាងខ្លីពីករណីដែលបង្កឲ្យកើតមានអំពើហិង្សា របស់សមត្ថកិច្ចទៅលើប្រជាពលរដ្ឋនេះ យ៉ាងដូច្នេះថា «អត់ដឹង ខ្ញុំក្តាប់អត់បានផង ក្តាប់អត់បានផង» រួចលោកក៏បានផ្តាច់ទំនាក់ទំនងទៅ។
ចំពោះប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រទេសដែលមាននីតិរដ្ឋ និងគោរពលិទ្ធិប្រជាធិបតេយ្យ ក្រោយពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋហើយ តុលាការត្រូវធ្វើការកោះហៅភាគីពាក់ព័ន្ធទាំងអស់ មកធ្វើការសាកសួរ និងធ្វើការស៊ើបអង្គេតជាចាំបាច់ ដើម្បីស្វែងរកជនដៃដល់ក្នុងការប្រព្រឹត្តបទល្មើសនេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ លោកបន្តរថា ករណីនេះវានឹងក្លាយជា«គំរូ»មួយ ដើម្បីកុំឲ្យកើតមាននូវករណីអំពើហិង្សារបៀបនេះនាពេលខាងមុខទៀត តែផ្ទុយទៅវិញបើតុលាការមិនចាត់ការនោះ និទណ្ឌភាពនៅតែមានជាបន្តររហូត។
លោក អំ សំអាត បានថ្លែងឲ្យដឹងទៀតថា «បើបណ្តឹងមានដាក់ឈ្មោះចំបុគ្គលណាម្នាក់ហើយនោះ តុលាការត្រូវតែហៅបុគ្គលនោះមកសាសួរអំពីមូលហេតុ និងអ្នកដែលពាក់ព័ន្ធ តែមិនមែនជាការចោទប្រកាន់ភ្លាមនោះទេ។ តែបើមិនមែនអ្នកដែលមានឈ្មោះក្នុងនោះទេ ត្រូវធ្វើការស៊បអង្កេតរកអ្នកដែលពាក់ព័ន្ធ។ (...) អ្នកដែលជាមន្រ្តីរាជការ នៅក្នុងចំណោមដែលប្រជាពលរដ្ឋបានស្គាល់ និងចង្អុលបង្ហាញនោះ តុលាការត្រូវតែហៅមកធ្វើការសួរនាំទាំងអស់ ដើម្បីឈានទៅរកការចាប់ខ្លួនជនដែលប្រព្រឹត្តបទល្មើសពិតប្រាដក៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ