«លោក​បាន​បុណ្យ​ស័ក្ត ដោយ​សា​វាយ​ស្រី​មែន​ទេ?»

អភិបាលរងខណ្ឌចំការមនមួយរូប បានរងការចោទប្រកាន់ ពីបទបង្កហិង្សា ដោយវាយស្រ្តីនឹងវិទ្យុទាក់ទង ខណៈ​ពួក​គេ​ធ្វើការ​តវ៉ា នៅ​មុខ​រដ្ឋសភា ដើម្បី​ស្នើ​សុំ ឲ្យតំណាងរាស្រ្តទាំង១២៣រូប នៃរដ្ឋសភា «មិន»អនុម័ត លើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នាថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ជ គឹមស៊រ អភិបាលរងខណ្ឌចំការមន បានរងការចោទប្រកាន់ថា បានលើវិទ្យុទាក់ទង​វាយក្បាល​ស្ត្រី​ម្នាក់ បន្ទាប់ពីលោក បានដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងចម្រុះមួយចំនួនទៀត មកធ្វើការបិទផ្លូវ និងទប់ទល់​នឹងការតវ៉ា របស់ប្រជាពលរដ្ឋ យុវជន និងអង្គការសង្គមស៊ីវិលមួយចំនួន នោមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ។

បូវ សោភា ដែលមកពីតំបន់បឹងកក់ និងដែលតែងសកម្ម ក្នុងការតវ៉ាទាមទារនូវសិទ្ធិសេរីភាព និងសិទ្ធិ​លំនៅ​ដ្ឋាន​នោះ បានអះអាងថា ខ្លួនបានរងគ្រោះ ក្រោមទំងន់វិទ្យុទាក់ទង របស់លោក ជ គឹមស៊រ។ ភ្លាមៗ បន្ទាប់ពី​ត្រូវ​បានគេវាយរួច (មិនមានគ្រោះថ្នាក់ធំដំទេ) អ្នកស្រីបានធ្វើការតវ៉ា និងឌឺដងថា៖ «មនុស្សប្រុសវាយស្រី អន់​ណាស់ វាយមក! វាយមក អន់ម្លេះ? មនុស្សប្រុសដែលអន់ ថោក វាយស្រ្តី។ (...) លោកបានបុណ្យសក្តិ ដោយ​សារ​វាយស្រីមែន? (...) ស្អីគេ យកអាយឌី (វិទ្យុទាក់ទង) មកវាយ សក្តិម៉ានហ្នឹង?»

ក្រោយពីមានការវាយនោះហើយ ក្រុមសន្តិសុខខណ្ឌមួយហ្វូងធំ បានចូលមកធ្វើការបំបែក ការជួបជុំនោះ ដោយបង្ខំឲ្យពួកគេចាកចេញ។ ភាពរឹងទទឹង និងមានៈរៀងៗខ្លួន នៃស្រ្តីដែលជាអ្នកតវ៉ា និងក្រុមសន្តិសុខ បាន​បង្កើត ឲ្យមានការទាស់សម្តីគ្នាតិចតួច។ បន្ទាប់ពីនោះ ស្រាប់តែក្រុមសន្តិសុខឃុតពណ៌កាកអំពៅ បាន​រុញ​ក្រុម​សន្តិសុខឈុតខៀវ ឲ្យបុកប៉ះក្រុមស្រ្តីដែលកំពុងឈរតវ៉ា ក៏បង្កមានទំនាស់ពាក្យ​សំដីឡើង​ខ្លាំងឡើង តែមិន​បាន​ឈានទៅដល់ការប្រើប្រាស់ នូវអំពើហិង្សាខាងរាយកាយឡើយ។

នៅមុខរដ្ឋសភា គេសង្កេតឃើញមាន ការដាក់រនាំងបិទ មិនឲ្យមានអ្នកដំណើរ ធ្វើការឆ្លងកាត់ផ្លូវមុខ​រដ្ឋសភា​នោះទេ។ ហើយការបិទផ្លូវនេះទៀតសោធ ក៏មានការពង្រាយកម្លាំងសន្តិសុខ រួមទាំងកម្លាំងចម្រុះ ប្រមាណ​ជាង១០០នាក់ ដើម្បីការពារសន្តិសុខមុខរដ្ឋសភា និងទប់ទល់ការជ្រែក ចូលមកមុខរដ្ឋសភា នៃក្រុមស្រ្តីអ្នក​តវ៉ា ដែលមានគ្នាមិនដល់៥០នាក់ផង។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីលោកអភិបាលរង ខណ្ឌចំការមនរូបនោះបានទេ ទាក់ទង​នឹងការចោទប្រកាន់ របស់ស្រ្តីរងគ្រោះឈ្មោះ បូវ សោភា ដោយសារលោកខ្លួនឯង «មិន»និយាយ ជាមួយ​អ្នក​សារព័ត៌មាន និងបានដើរចេញ នៅពេលអ្នកសារព័ត៌មានសួរនាំ។ ការតវ៉ារបស់អ្នកបឹងកក់ទាំងនោះ ត្រូវ​បាន​សាលារាជធានីភ្នំពេញ ចោទប្រកាន់ថា ជាក្រុម«ពហុវិស័យ(បាតុកម្ម)» ដែលមាន័យថា ធ្វើការតវ៉ា​គ្រប់​រូបភាព គ្រប់ករណី មិនរើសមុខ។ ប៉ុន្តែបើទោះជា«ពហុវិស័យ»ក៏ដោយ ក៏រឿង«វាយក្បាលនឹងវិទ្យុទាក់ទង» គឺជា​រឿង​ពីរផ្សេងពី​គ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...