អង្គការ​តម្លា​ភាព​អន្តរជាតិ ថ្កោល​ទោស​សេចក្តី​ព្រាង​ច្បាប់ NGO

សេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល បានរំលោភ លើ«សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​នយោបាយ (…) អនុសញ្ញា អង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ ដែលលើកតំកើងការចូលរួម របស់​សង្គម​ស៊ីវិល។ (…) ប៉ះ​ពាល់ នឹង​សេចក្តីប្រកាស របស់អាស៊ាន ក្នុងក្របខណ្ឌសិទ្ធិមនុស្ស» នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ របស់​អង្កការ​តម្លាភាព​អន្តរជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការតម្លាភាពអន្តរជាតិ ដែលល្បីល្បាញខាងការឃ្លាំមើល ភាពស្អាតស្អំ នៅគ្រប់ជ្រុងជ្រោយ នៃផែនដី បាន​ធ្វើការថ្កោលទោស ទៅលើសេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្កការក្រៅរដ្ឋាភិបាល របស់រដ្ឋាភិបាល​កម្ពុជា ដោយបានចាត់ទុកសេចក្ដីព្រាងច្បាប់នេះ ថាបានរំលោភលើច្បាប់ និងអនុសញ្ញាអន្តរជាតិ។

សេចក្ដីថ្លែងការណ៍ថ្កោលទោស របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានទីតាំង នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវ​បានដាក់ផ្សាយ នៅលើគេហទំព័រ​របស់​អង្គការនេះ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ (ប្រិយមិត្តអាចរកអាន​បាន ជាភាសាអង់គ្លេស ដោយចុច​នៅទី​នេះ)។ លោក ចូហ្សេ អ៊ូហ្គាស (Jose Ugaz) ប្រធាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ថ្លែង​ថា «​សង្គម​ស៊ីវិល​ គឺ​ជា​ការ​តំណាង ​ដ៏​ខ្លាំង​ជាង​គេ​បំផុត​ នៃ​សំ​លេង​របស់ពលរដ្ឋ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​គ្រប់​ទីកន្លែង​ផ្សេង​ទៀត​ នៅ​ក្នុង​ពិភព​លោក​។ ​ប្រសិន​បើ​ប្រទេស​កម្ពុជា​ បាន​ព្យាយាម​ដាក់​កំហិត ឬបំបិតមាត់អង្គការ​សង្គម​ស៊ីវិលនោះ ​វានឹងមាននូវការគ្រប់គ្រង បែប​ផ្តាច់​ការ​មួយឡើង ដែលមិន​អាចរិះ​គន់បាន គ្មានគណនីភាព និងអាចប្រព្រឹត្តអំពើពុករលួយ ដោយគ្មានទោសទណ្ឌ។»

លោក អ៊ូហ្គាស បានថ្លែងទៀតថា៖ «​យើង​បាន​ឃើញ​ និង​បាន​ជួប​ប្រទះ ​ផលវិបាក​ដ៏អវិជ្ជមាន ​នៃ​ច្បាប់​​ប្រភេទ​នេះ​ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត - ដូច​ប្រទេស វ៉េណេហ្សុយអេឡា ហុងគ្រី​ និង​ប្រទេស​រុស្ស៊ី ជាដើម (...)។ ច្បាប់​ទាំង​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​វាយប្រហារ​ ប្រឆាំង​អំពើ​ពុក​រលួយ​ និង​សកម្មជន​សិទ្ធិ​មនុស្ស។»

ថ្លែងក្នុងសិក្ខា​សាលាពិគ្រោះយោបល់ នៃបណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា នាយកប្រតិបត្តិអង្គការ​តម្លាភាព ប្រចាំប្រទេសកម្ពុជា លោក ព្រាប កុល បានអះអាងដែរថា៖ «អង្គការតម្លាភាពអន្តរជាតិ ថ្កោលទោសលើសេចក្តី​ព្រាង​ច្បាប់ សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល មិនមែនថ្កោលទោស ទៅលើរដ្ឋាភិបាលទេ»។ ប៉ុន្តែលោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការ​ពិចារណាឡើយវិញ ទៅលើ​ច្បាប់​នេះ ដោយធ្វើការពិគ្រោះ​យោបល់ ឲ្យបានសមស្រប ជាមួយ​នឹងអង្គការដៃគូ​ពាក់ព័ន្ធនានា ក្នុងពេលវេលាមួយ​សមស្រប និងគ្រប់គ្រាន់។

ក្នុងចំណោមមាត្រាជាច្រើន នៃសេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ លោក ព្រាប កុល បានលើកយកនូវមាត្រា៥ នៃសេចក្តីព្រាងនោះ មកធ្វើការពន្យល់ថា ពិបាកនឹងទទួលយកបាន។ លោក​បានលើកមាត្រានោះ មកថ្លែងថា៖ «ប្រធានអង្គការ ស្ថាបនិក ឬក៏មេដឹកនាំអង្គការ នៅពេលដែលអង្គការ​មួយ​នោះ ត្រូវបានបិទទ្វា ឬបញ្ចប់សកម្មភាព មិនមានសិទ្ធិ ទៅបង្កើតអង្គការ សមាគមផ្សេងបានទៀតទេ។»

លោកបានធ្វើការរិះគន់ លើមាត្រាប្រាំនោះថា ពិតជាមានភាពសាហាវមែនទែន ដែលមនុស្សម្នាក់ គ្មាន​កំហុស​អ្វីទាល់តែសោះ តែត្រូវបាន«ច្បាប់»មួយនេះ បិទសេរីភាព ដោយគ្មានថ្ងៃនឹងរំដោះចេញបាននោះ។ លោក​បាន​បង្ហាញឧទាហរណ៍ មួយទៀតថា៖ «ឧបមាថាខ្ញុំ លោក សារឿន លោក វ៉ាន់ ណារ៉ា លោកស្រី សុភាព រួមគ្នា​ដឹកនាំ​ស្ថាប័នមួយ (ជាស្ថាបនិក ឬអ្នកដឹកនាំក្នុងអង្គការ)។ ស្រាប់តែមានកូនចៅណាម្នាក់ ឬបុគ្គល ដែលគេ​បង្កប់ខ្លួនពីណាមក មកធ្វើសកម្មភាពខុសច្បាប់ ក្នុងអង្គការយើង រដ្ឋអំណាចចាប់កំហុសយើង និងផ្តន្ទាទោស ហើយប្រកាសបិទអង្គការហ្នឹង។ ខ្ញុំ លោកសារឿន លោកវ៉ាន់ណារ៉ា លោកស្រីសុភាព មួយជីវិតហ្នឹង មិន​អាច​ទៅបង្កើតសមាគម ណាមួយបានទៀតទេ ដែលយើងអត់មានកំហុសអ្វីទាល់តែសោះ។»

លោកបានបញ្ជាក់ដូច្នេះថា តាមចំណុចខាងលើ វាមិនដែលមាន ពិសេសក្នុងប្រទេសដទៃទៀត។ លោក ព្រាប កុល បានថ្លែងឲ្យដឹងទៀតថា៖ «យើងមើលទៅ វាមិនដែលធ្លាប់មាន នៅក្នុងប្រទេសដទៃទៀត។ មិនដែល​រំលោភសិទ្ធិបុគ្គលហើយ ដាក់លក្ខខណ្ឌទៅអញ្ចឹងទេ។ សួរថា តើមានបំណងអ្វី បានជាយើង​បង្កើត​ច្បាប់​អញ្ចឹង? ជាស្វ័យប្រវត្តិ បើអង្គការត្រូវបានបិទទ្វា ស្ថាបនិក ប្រធានអង្គការអីទាំងអស់ចប់ហ្មង អត់មានទៅ​បង្កើត​អង្គការ សមាគមអីទៀតទេ ទាំងខ្លួនគេមិនមានទោសអីផង។ ខ្ញុំមិនអាចទទួលយកបានទេ លើចំណុច​ហ្នឹង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...