«បង្កើត​ច្បាប់ NGO ដើម្បី​ទប់​ស្កាត់​លុយ​ខ្មៅ»

ទន្ទឹមនឹងការតវ៉ា ពីសំណាក់ក្រុមអង្គការ​សង្គមស៊ីវិលមួយចំនួន ដែលបានចោទប្រកាន់ លើសេចក្ដីព្រាងច្បាប់ ស្ដី​ពី​សមាគម និងអង្គការក្រៅរដ្ឋាភិបាល ថាជាច្បាប់ដែលចង់បំបិទសិទ្ធិសេរីភាពពួកគេនោះ មន្ត្រីអង្គការ​សង្កម​ស៊ីវិល​ផ្សេង​ទៀត បាន​ថ្លែង​ថា ច្បាប់​នេះ​មាន​បំណង ​​គ្រាន់​តែ​ចងទប់ស្កាត់ «លុយខ្មៅ»ប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 09, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល មានបំណង សម្រាប់តែទប់ស្កាត់​«លុយខ្មៅ»​ប៉ុណ្ណោះ។ រីឯការលើកឡើង ពីសិទ្ធិ និងសេរីភាព របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គ្រាន់តែជា​«លេស» ដើម្បីបិទបាំងនូវផលប្រយោជន៍ ដែលពួកគេនឹងបាត់បង់ តាមរយៈច្បាប់ខាងលើ។ នេះជាការអះអាង របស់​លោក រស់ សារុំ ប្រធានក្រុមបញ្ញវន្តកំណែទម្រង់សង្គម ដែលជាស្ថាបនិកម្នាក់ ក្នុងកិច្ចការពង្រាងច្បាប់ ដ៏​ចម្រូង​ចម្រាស់ ដើម្បីគ្រប់គ្រងអង្គការសមាគម នៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សារុំ បានទទួលស្គាល់ជាពិសេសថា ច្បាប់នេះ ពិត​ជាមានការលូកដៃដឹងលឺ នូវប្រព័ន្ធហិរញ្ញវត្ថុ ចំណូល និងចំណាយ របស់អង្គការសង្គមស៊ីវិលនោះ ជាប្រចាំខែ ឬឆ្នាំមែន តែក៏ដើម្បីទប់ស្កាត់លុយខ្មៅ ហូរចូលមកកម្ពុជា ឬលុយនោះ គ្មានគម្រោងច្បាស់លាស់ ក្នុងការ​ចាយ​វាយ។ លោក បានពន្យល់ទៀតថា ច្បាប់ខាងលើ ចង់ឲ្យអង្គការសង្គមស៊ីវិល ដែលទទួលលុយពីបរទេស ត្រូវ​ឆ្លង​កាត់ធានាគារកណ្តាល របស់កម្ពុជាជាមុនសិន មុននឹងធ្លាក់ដល់គណនេយ្យ របស់អង្គការនីមួយ។

«លេស!»

សម្រាប់មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ លោកបានយល់ថា ច្បាប់នេះមិនមានអ្វីធ្ងន់ធ្ងរ ឬគាបសង្កត់​ទៅ​លើសកម្មភាព នៃការចូលរួមរបស់សង្គមស៊ីវិល ក្នុងការអភិវឌ្ឍន៍ប្រទេស ឬជួយប្រជាជនកម្ពុជានោះទេ។

ការអះអាងរបស់ប្រធានក្រុមបញ្ញវន្ត កំណែទម្រង់សង្គម ខាងលើ មានលក្ខណៈប្លែក និងខុសពីការ​ជជែក​ពិភាក្សាគ្នា ជាហូរហែនាពេលកន្លងមក របស់អង្គការសង្គមស៊ីវិលផ្សេងទៀត ដែលធ្វើការតវ៉ាទាមទារ ឲ្យមាន​ការកែតម្រូវ តែទៅលើមាត្រាមួយចំនួន ដែលមានទាក់ទងតែសិទ្ធិបុគ្គល សិទ្ធិនៃការបញ្ចេញមតិ... ប៉ុន្តែពួកគេ​មិនដែលបានលើកឡើង ជំទាស់ពីមាត្រា ដែលចែងពីគណនេយ្យភាព ផ្ដល់ឲ្យរដ្ឋាភិបាល អាចលូកដៃលូកជើង ចូលដឹង​ឮពីចំណូលចំណាយ របស់ពួកគេឡើយ។ សូមស្វែងរកអាន ពីប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល​ទាំងនោះ ដោយចុចនៅលើទីនេះ

លោក រស់ សារុំ បានបញ្ជាក់ទៀតថា៖ «ពួកគេ (សង្គមស៊ីវិល)ព្រួយបារម្ភខ្លាំង លើបញ្ហា រដ្ឋាភិបាលត្រួតពិនិត្យ លើប្រាក់ជំនួយប៉ុណ្ណោះ។ មិនមែនសិទ្ធិ ឬសេរីភាពអ្វីជាសំខាន់ទេ នោះគ្រាន់តែជាលេស។ (…) បើច្បាប់នេះ​ចេញ ពួកគេនឹងត្រូវបានត្រួតពិនិត្យ លើការចាយវាយប្រាក់ជំនួយ របស់បណ្តារប្រទេស ដែលនឹងត្រូវជួយ​សម្រាប់​អង្គការទាំងនោះ លើផ្នែកហិរញ្ញប្បទាននេះឯង។ (…) ដូចច្នេះ ពួកគេនឹងប្រឈម នូវការបាត់បង់​លាភ​សក្ការៈ​ច្រើន តាមការត្រួតពិនិត្យនេះ។ (…) យ៉ាងណា ច្បាប់នេះនៅតែត្រូវបានចេញជាចាំបាច់ បើមានសង្គម​​ស៊ីវិល​មួយ​ចំនួន នៅតែស្រែកមិនគាំទ្រ រដ្ឋសភាក៏នៅតែអនុម័ត ដោយគ្មានឧបសគ្គដែរ។»

អង្គការសមាគមតូចៗ នឹងរងគ្រោះ?

នៅលើបណ្ដាញសង្គមវិញ ពួកអ្នកជួយឈឺឆ្អាល និងស្និតនឹងអង្គការសង្គមស៊ីវិល បានបញ្ចេញមតិរបស់​ពួក​គេ​ថា បើនិយាយអំពីគណនេយ្យភាព ច្បាប់ខាងលើអាចធ្វើឲ្យ មានផលប៉ះពាល់ខ្លាំងជាងគេ តែទៅលើ អង្គការ​សមាគមតូច ដែលភាគច្រើនមាននិន្នាការ ស្និតនឹងគណបក្សកាន់អំណាចប៉ុណ្ណោះ។ មតិយោបល់មួយ បាន​សរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសរសេរថា៖ «បើចម្រូង​ចម្រាស​ពេក ម្ចាស់ជំនួយនឹងកាត់ជំនួយចោលខ្លះ។ តែកាត់ជំនួយ អង្គការនឹងកាត់បុគ្គលិកចោលខ្លះ។ (...) ពិសេស អង្គការសមាគមតូចៗ នៅតាមមូលដ្ឋាន ម្ចាស់ជំនួយ ច្បាស់ជាកាត់ចោលហើយ។ សមាគមតូចៗភាគច្រើន គឺជាអ្នកគាំទ្រ CPP។ អ្នកដែលរងគ្រោះធ្ងន់ មិនមែនអង្គការធំនៅភ្នំពេញទេ ព្រោះពួកគេ សុទ្ធតែបានចុុះបញ្ជី (មានគណនេយ្យភាព) ត្រឹមត្រូវ។»

យ៉ាងណាក៏ដោយ ក៏ក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា​នឹង​ប្រជុំ ស្តីពីការបញ្ចូលសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ក្នុងរបៀបវារៈ នៃកិច្ច​ប្រជុំ​ពេញអង្គរបស់រដ្ឋសភា នាពេលខាងមុខ។ តាមការអះអាង របស់អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន កាល​ពីថ្ងៃទី៨ ខែកក្កដា ម្សិលម៉ិញនេះ បានបញ្ជាក់ថា៖ «រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៥ ដើម្បីអនុម័ត លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ»។

ចំពោះសហភាពអ៊ឺរ៉ុបវិញ បានប្រតិកម្មទៅលើច្បាប់នេះ ដោយផ្ដោតសំខាន់ តែនៅសិទ្ធិនៃការធ្វើសកម្មភាព របស់ក្រុមអង្គការសង្គមស៊ីវិល និងមានបំណងចង់ឲ្យរដ្ឋាភិបាលកម្ពុជា គួរតែរួមដៃជាមួយអង្គការសង្គម​ស៊ីវិល ដើម្បីការអភិវឌ្ឍន៍កម្ពុជា។ ភារធារី នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អាឡាំង វ៉ានឌឺ ស្មីសស៊ិន(Alain Vandersmissen) បានថ្លែងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នេះ ទីលាន​ប្រជា​ធិបតេយ្យ​ថា៖ «ជាការពិត វាជាការលំបាក ក្នុងការស្រមៃថា តើកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ របស់​យើង​ជាមួយកម្ពុជា អាចនឹងមានប្រសិទ្ធិភាពពេញលេញ ដោយមិនមានអង្គការសង្គមស៊ីវិល កម្ពុជាជា​ដៃគូរបស់​យើង។ (…) ច្បាប់ស្តីពីសមាគន៍ និងអង្គការក្រៅរដ្ឋាភិបាល គួតែបង្កើតនូវបរិយាកាសល្អ សម្រាប់អង្គការ​សង្គម​ស៊ីវិល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...