សាសា ថា​ជន​ដែល​វាយ​នាង បាន​ទូរស័ព្ទ​មក​សុំ​ទោស

បើទោះជាសំនុំរឿងរង្គើមេឃ នៃការវាយតប់របស់ជន ដែលគិតថាខ្លួនមានអំណាចម្នាក់ ទៅលើអតីតពិធីការិនី ស្ថានីយ​ទូរទស្សន៍ ស៊ីធីអ៊ិន បាន​ឈានដល់ដំណាក់កាល តតាំងគ្នា តាមផ្លូវតុលាការក៏ដោយ ប៉ុន្តែសម្រាប់កញ្ញា សាសា វិញ បាន​បង្ហើប​ថា ជន​​នោះ​បាន​ទូរស័ព្ទ​មក​នាង ដោយបានធ្វើការសុំទោសថា វាយតប់ ព្រោះ​មិន​បាន​ស្គាល់​កញ្ញា ជា​នរណា។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនៅព្រះរាជាណាចក្រកម្ពុជា គេពិតជាអាចវាយតប់នរណាម្នាក់ បានស្រេចនឹងចិត្តឬ ប្រសិនជា​ម្នាក់នោះ មិន​មានឈ្មោះបោះសម្លេង? ដើម្បីដឹងពីចម្លើយនេះ កញ្ញា សាសា ដែលមានឈ្មោះ ឯក សុជាតា និងជាជនរង​គ្រោះ ក្នុងអំពើវាយតប់ដ៏ហិង្សាឃោឃៅ ពីសំណាក់ជនម្នាក់ កាលពីយប់ថ្ងៃទី២ ខែកក្កដានោះ បានបង្ហើប​ថា ជនដ៏ព្រៃផ្សៃនោះ បានទូរស័ព្ទមកនាង ដើម្បីធ្វើការសុំទោស ដោយអះអាងថា ខ្លួនមិនបានស្គាល់​កញ្ញា ជា​នរណា។

នៅលើគណនេយ្យហ្វេសប៊ុក របស់កញ្ញា សាសា អតីតតារាទូរទស្សន៍ ស៊ីធីអិន រូបនេះ បានសរសេរតប ទៅនឹង​ការសួរសុខទុក្ខ របស់ញាតិមិត្ត  ដែលទំនងជា«ជីដូន»ម្នាក់ របស់កញ្ញាថា៖ «ពេលគាត់តេមកចៅ កាលពី​ម្សិល​មិញ គាត់ថា គាត់សុំទោស គាត់ស្រវឹងខ្លាំង ហេីយគាត់អត់ស្គាល់ចៅ ថាជានរណា?»

អតីតតារាទូរទស្សន៍ មិនបានបញ្ជាក់ថា «គាត់»នោះ ជានរណាទេ។ ប៉ុន្តែបើតាមដីការឲ្យនាំខ្លួន របស់សាលា​ដំបូងរាជធានីភ្នំពេញ និងតាមរយៈវីដេអូចំនួនពីរ ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព នៅក្នុង​ក្លឹប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមននោះ បានធ្វើឲ្យគេយល់ថា «គាត់»នោះ ជាលោកឧកញ៉ា សុខ ប៊ុន។ នៅ​ក្នុងការជជែកតាមទូរស័ព្ទ ជាមួយជននោះ កញ្ញាបានសួរត្រឡប់ ទៅវិញថា៖ «អត់ស្គាល់វៃជិតងាប់ ចុះបេី​ស្គាល់ សំលាប់ចោលមែន?»

ពាក្យសំដីរបស់កញ្ញា សាសា មិនគ្រាន់តែជាការសួរឆ្លើយ តបទៅនឹងជនម្នាក់ ដែលបានប្រើកម្លាំងខ្លួន ជា​មនុស្ស​ប្រុស មកធ្វើការវាយតប់ ទាត់ធាក់ បោចសក់ ទៅស្ត្រីទន់ខ្សោយម្នាក់ ដូចជាកញ្ញានោះទេ ប៉ុន្តែវាការ​សួរ​ត្រឡប់ទៅវិញ ក្នុងនាមជាជនរងគ្រោះម្នាក់។ កញ្ញា បានសរសេរទៀតថា៖ «ចៅឈឺចិត្តខ្លាំងណាស់ រាល់ពេល​ដែលចៅមេីលវីដេអូរម្តងៗ ចៅពិតជាពិបាកដកដង្ហេីម ទ្រាំមេីលនូវសកម្មភាព គេវាយដំចៅដូចជាសត្វ!»

សម្រាប់ភាគីលោកឧកញ៉ា សុខ ប៊ុន វិញ បានទទួលស្គាល់ថា ប្រធានប្រធាន​ក្រុមហ៊ុន តេហូ ឌឺវើឡូពើមិន (TEHO Development) និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជារូបនេះ រួមនឹង​អង្គរក្ស​របស់លោកផង ពិតជា«បានជ្រុលដៃជ្រុលជើង» វាយតប់ទៅលើកញ្ញា សាសា មែន។ ប៉ុន្តែបាន​ព្យាយាម​ពន្យល់​ថា បើមិនមានភ្លើង ក៏មិនមានផ្សែងនោះដែរ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុកមួយ មេធាវីម្នាក់​របស់​លោក សុខ ប៊ុន បានអះអាងថា ហេតុការណ៍នេះ បានកើតឡើង ដោយសារកញ្ញា សាសា បានប្រើសម្តី​ប្រមាថ និងបានគប់ទូរស័ព្ទ ទៅលើឧកញ៉ា សុខ ប៊ុន ជាមុន។

នៅក្នុងវីដេអូទីពីរខាងក្រោម ក៏គេបានឃើញដែរថា អតីតពិធីការិនីទូរទស្សន៍ បានគប់ទូរស័ព្ទ សំដៅមនុស្ស​ម្នាក់ ក្នុងចំណោមមនុស្សទាំងពីរនាក់ ដែលកំពុងប្រឈមមុខ តតាំងជាមួយនាង។ ប៉ុន្តែការគប់នោះ មិន​ប្រាកដ​ថា បានត្រូវនរណាម្នាក់ទេ។ ដោយឡែក កញ្ញា សាសា បានថ្លែងកាលពីម្សិលម៉ិញ ប្រាប់អ្នកសារព័ត៌មានថា ប្រតិកម្មរបស់កញ្ញា គ្រាន់តែជាការតបតរ ទៅនឹងការគម្រាម ដោយពាក្យសម្ដី «កុំចេះ! ចង់ងាប់ហេះ?» និង​ដោយ​អាវុធខ្លី របស់អង្គរក្សលោកឧកញ៉ា សុខ ប៊ុន ប៉ុណ្ណោះ។

ដើម្បីបញ្ជាក់ពីរឿងនេះ ថាយ៉ាងណានោះ មានតែសាក្សី ដែលនៅក្នុងហេតុការណ៍ប៉ុណ្ណោះ ដែលអាច​និយាយ​ថា យ៉ាងដូចម្ដេច ហើយត្រូវរងចាំមើល ថាតើតុលាការ និងសម្រេចសេចក្ដីបែបណា។ យ៉ាងណា​ បើទោះជា​វាយតប់​ទាត់ធាក់​បោចសក់ បានកើតឡើង ពីមូលហេតុអ្វីក៏ដោយ ក៏គេមិនគួរ​ចាត់​ទុក​ថា នេះជាជា​វិធានការ​ដើម្បីជម្រះបញ្ជីគ្នា ដែលជាទង្វើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរនោះដែរ។ ម្យ៉ាងទៀត ទង្វើរបៀបនេះ នឹង​ផ្ដល់​ជា​រូបភាព​ដ៏អាក្រក់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការគោរពច្បាប់ ជាពិសេស​សម្រា​ប់​កុមារ ដែលបាន​មើល​ឃើញ ហើយអាចនឹងយកទៅអនុវត្តន៍តាម៕

» សូមទស្សនាវីដេអូមួយ ក្នុងចំណោមវីដេអូពីរ ដែលថតដោយក៉ាម៉េរ៉ាសុវត្ថិភាព៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...