តារាបង្ហាញម៉ូដស្វីសម្នាក់ មកថតស្រាតនៅ ប៉ារីស តែ...
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៧ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 08, 2015
- ប្រធានបទ: វិចិត្រកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសស្វីស នាង មីឡូ ម័រ៉េ ត្រូវបានអ្នកផងស្គាល់ និងល្បីថា នាងមានភាពប៉ិនប្រសព្វ ខាងឈុតឆាកសិល្បៈ បង្ហាញខ្លួនស្រាតននលគោក ជាសាធារណៈ។ ប៉ុន្តែនៅរដ្ឋធានី ប៉ារីស ប្រទេសបារាំងវិញ វិចិត្រការិនី និងជាតារាបង្ហាញម៉ូដរូបនេះ មិនសូវជាមាននរណាស្គាល់នាងទេ។ ដោយទំនងជាបែបនេះផង ទើបនាងបានមកកាន់ទីលានត្រូកាដេរ៉ូ (Trocadéro) ខាងមុខតួអេហ្វែល (tour Eiffel) នៃរដ្ឋធានី ប៉ារីស ដើម្បីរៀបចំឈុតឆាក ស្រាតដោយខ្លួនឯង ជាមួយមនុស្សម្នានៅទីនោះ។
បើក្រុមអ្នកទេសចរណ៍ និងបណ្ដាជនរស់នៅក្បែរនោះ បានសប្បាយរីករាយ នឹងបានឃើញនាង ហើយបានថតរូបជាមួយនាងនោះ តែសម្រាប់អាជ្ញាធរនគរបាលបារាំងវិញ មិនបានសប្បាយចិត្តទេ។ ហេតុដូច្នេះហើយ ទើបនាង មីឡូ ម័រ៉េ ត្រូវបាននគរបាលឃាត់ខ្លួន ប្រមូលទាំងសម្ភារៈនានារបស់នាង ដែលមាននៅនឹងកន្លែង យកទៅដាក់ នៅស្នងការនគរបាល សង្កាត់លេខ១៧ នៅវេលាម៉ោង១៧ល្ងាច។
ភ្នាក់ងារចាត់ការទូទៅរបស់នាង លោក ភីធើ ប៉ាល (Peter Palm) បានឲ្យដឹងថា នគរបាលបារាំង បានឃាត់ខ្លួនតារាវ័យ៣២ឆ្នាំ ដោយហេតុថា នៅប្រទេសបារាំង ការស្រាតដោះខោអាវ នៅតាមដងផ្លូវសាធារណៈ ត្រូវបានច្បាប់ហាមឃាត់។ នៅពេលនាំនាង នៅដល់ស្នងការរួច ភ្នាក់ងារនគរបាល បានសូត្រច្បាប់ទាំងនេះចេញមក ហើយបានយកស្នាមមេដៃ និងបានថតរូបនាង មុននឹងដាក់នាងទៅក្នុងបន្ទប់ឃុំឃាំង អស់ពេញមួយយប់។ នៅថ្ងៃចន្ទស្អែកឡើង វេលាម៉ោង១៦រសៀល នាង ម័រ៉េ ត្រូវបានដោះលែងមកវិញ ដោយសារការឃុំខ្លួន ជាបណ្ដោះអាសន្ននេះ មានរយៈពេលតាមច្បាប់កំណត់ ត្រឹមតែ១ថ្ងៃ១យប់ប៉ុណ្ណោះ។
ប៉ុន្តែនៅមិនទាន់ចប់នៅឡើយ ព្រោះច្បាប់ព្រហ្មទណ្ឌបារាំង មាត្រា ២២២-៣២ បានចែងឡើងថា៖ «ការដាក់តាំងបង្ហាញ ប្រដាប់ភេទ នៅទីសាធារណៈ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ១ឆ្នាំ និងឲ្យបង់ពិន័យ ជាប្រាក់ ១៥ ០០០អ៊ឺរ៉ូ (ប្រមាណជា ១៧ ០០០ដុល្លារ)»។ នាង មីឡូ នឹងដឹងពីការសម្រេចចិត្ត របស់តុលាការបារាំង ទាក់ទងនឹងការពិន័យនេះ នៅប៉ុន្មានថ្ងៃក្រោយមកទៀត៕
» រូបភាព និងវីដេអូ របស់នាង ម័រ៉េ មួយចំនួន ទាក់ទងនឹងការងារសិល្បៈ របស់នាង៖