រ៉ុង ឈុន៖ ទិវាគ្រូបង្រៀនពិភពលោកនឹងធ្វើជាធម្មតា ទោះមានការព្រមានចាប់ខ្លួន
បើទោះជាសាលារាជធានីភ្នំពេញ បានធ្វើការបដិសេធយ៉ាងណាក្តី ក៏សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបោះបង់គម្រោងរបស់ខ្លួននោះទេ ពោលគឺនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា ការប្រារព្ធកម្មវិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគ្រូបង្រៀន ដែលមានចែងក្នុច្បាប់។
លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)
រាជធានីភ្នំពេញ - ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នេះថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នឹងប្រព្រឹត្តទៅតាមធម្មតា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ដោយមិនមានការបារម្ភចំពោះការរារាំង ឬឃាត់ខ្លួននោះទេ។
ប្រធានសមាគមរូបនេះអះអាងថា អ្វីដែលសមាគមគ្រូបង្រៀនកម្ពុជាឯក្យរាជ្យធ្វើ វាគឺជាសិទ្ធិសេរីភាព ដែលស្របទៅនឹងច្បាប់បាតុកម្មបានកំណត់ តែអ្នកអនុវត្តច្បាប់មិនគោរព។ លោក រ៉ុង ឈុន បញ្ជាក់ថា៖ «ទីលានប្រជាធិបតេយ្យ បង្កើតឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបញ្ចេញមតិ តែសាលារាជធានីភ្នំពេញមិនអនុញ្ញាត វាគឺជារឿងមួយចម្លែក»។
លោក កើត ឆែ នាយករងរដ្ឋបាល និងលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យ របស់សាលារាជធានីភ្នំពេញ បានរបដិសេធ មិនធ្វើការអត្ថាធិប្បាយចំពោះករណីនេះទេ ដោយលោកទាំងពីរប្រាប់ថា កំពុងជាប់ប្រជុំ។ តែគោលជំហររបស់សាលារាជធានីភ្នំពេញ ចំពោះសំណើរប្រារព្វទិវាគ្រូបង្រៀនពិភពលោក របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានអ្នកចូលរួមប្រហែលជា៦០០នាក់ ត្រូវបានគេដឹងថា សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យធ្វើ តែត្រូវធ្វើក្នុងទីស្នាក់ការរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឬនៅកន្លែងឯកជនណាមួយ ដោយមិនត្រូវធ្វើនៅទីលានប្រជាធិបតេយ្យនោះទេ។
ចំពោះករណី ដែលថាអាចនឹងមានការឃាត់ខ្លួន ពីសំណាក់សមត្ថកិច្ច ខណៈពេលប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ លោក រ៉ុង ឈុន បានលើកឡើងថា លោកមិនចាប់អារម្មណ៍ ចំពោះការឃាត់ខ្លួននោះទេ ព្រោះលោកមិនបានធ្វើអ្វីដែលខុសទៅនឹងច្បាប់។ លោក រ៉ុង ឈុន បញ្ជាក់ថា៖«បើគេនាំខ្លួនខ្ញុំ អាហ្នឹងវាជារឿងធំហើយ ដឹងហើយស្រុកយើងសព្វថ្ងៃកំពុងតែច្របូកច្របល់រឿងនយោបាយ ក្រែងលោរឿងតូចក្លាយជារឿងធំ ច្រានរលំរដ្ឋាភិបាល ដូចប្រទេសទុយនេស៊ី ចាប់ផ្តើមពីនិស្សិតតែម្នាក់ ហើយខ្ញុំក៏មានអ្នកគាំទ្រច្រើនដែរ កម្មករ ពលរដ្ឋ សិស្សនិសិ្សត ក្រែងលោទប់ចរន្តនឹងវាមិនជាប់»។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា ក្នុងបញ្ហានេះវាមានរូបភាពពីរយ៉ាង ទី១. រូបភាពច្បាប់ ដែលគេមើលឃើញថា សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតប្រារព្ធកម្មវិធី នៅទីលានប្រជាធិបតេយ្យនោះ បានន័យថា«ច្បាប់»ស្ថិតនៅលើសាលារាជធានី។ ទី២. រូបភាពសិទ្ធិសេរីភាព ការប្រមូលផ្តុំជួបជុំ និងសម្តែងមតិរបស់ប្រជាពលរដ្ឋ វាគឺជារឿងត្រឹមត្រូវ។ លោក ព្រាប កុល បានថ្លែងឲ្យដឹងទៀងថា៖ «អាជ្ញាធរគួរតែសម្របសម្រួលសហការជាមួយគ្នា ព្រោះការជួបជុំសម្តែងមិតិ វាគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិតេយ្យ»។
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ