ក្រសួង​ការងារ​ពន្យា​ពេល​ជួប​មេ​ដឹកនាំ​សហជីព ព្រោះ​កម្មករ​ភាគ​ច្រើន​ចូល​ធ្វើការ​វិញ

កាលពីថ្ងៃទី ០៣ ខែមករាកន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញមេសហជីពចំនួន ៥ និងប្រធានសមាគមមួយ ដើម្បីមកនិយាយអំពីការញុះញង់ ឲ្យកម្មរ-កម្មការិនីធ្វើបាតុកម្ម បង្កអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ក៏ប៉ុន្តែ គម្រោងនេះ ត្រូវក្រសួងការងារលើកពេលជួបពិភាក្សា ដោយសារស្ថានភាពរបស់កម្មករពេលនេះ មានភាពល្អប្រសើរឡើងវិញ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី ០៣ ខែមករាកន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញ​មេសហជីព​ចំនួន ៥ និងប្រធានសមាគមមួយ ដើម្បីមកនិយាយអំពីការញុះញង់ ឲ្យកម្មរ-កម្មការិនីធ្វើបាតុកម្ម បង្កអំពើហិង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ក៏ប៉ុន្តែ គម្រោងនេះ ត្រូវក្រសួងការងារលើកពេលជួបពិភាក្សា ដោយសារស្ថានភាពរបស់កម្មករពេលនេះ មានភាពល្អប្រសើរឡើងវិញ។


លោក​ ជា មុនី ប្រធានសហជីបសេរីកម្មកកម្ពុជា អោបរូបសំណាកលោក ជា វិជ្ជា បងប្រុសរបស់លោក។ (រូបថត MONOROOM.info)

វិបត្តិការងារ - ដោយសារតែកម្មករ-កម្មការិនីនៅរោងចក្រជាង ៩០ ភាយទៅហើយនៅទូទាំងប្រទេសកម្ពុជា បាន​ចូលធ្វើការវិញនៅថ្ងៃនេះ គម្រោងជួបគ្នារវាងមន្រ្តីក្រសួងការងារ ជាមួយនឹងមេដឹកនាំសហជីពចំនួន ៥ ព្រមទាំង​សមាគម ១ នៅថ្ងៃទី ០៨ ខែមករា ខាងមុខនេះ ត្រូវបានលើកទៅពិភាក្សាគ្នានៅពេលក្រោយៗទៅវិញ។ នេះបើ​តាម​ការឲ្យដឹង ពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារ។

លោក វង្ស សុវណ្ណ អនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា​នៃក្រសួង​ការងារ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានសរសេរលិខិតប្រាប់ទៅមេសហជីពទាំង ៥ និងមេសមាគមមួយរូប អំពីការលើកពេលជួបពិភាក្សាគ្នា ដែល​គ្រោងធ្វើនៅថ្ងៃទី ០៨ ខែមករា ខាងមុខ ទៅពេលក្រោយៗវិញ ដោយគ្មានការកំណត់។

មន្រ្តីក្រសួងការងាររូបនេះ បានបន្តថា បានជាក្រសួងការងារសម្រេច លើកពេលនៃការជួបគ្នាជាមួយ មេសហជីព​ដោយសារតែ ស្ថានភាពរបស់កម្មករនៅថ្ងៃចន្ទនេះ មានលក្ខណៈល្អប្រសើរ ជាងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពោលគឺកម្មករ-កម្មការិនីភាគច្រើន បានត្រឡប់មកចូលធ្វើការវិញហើយ។ លោក វង្ស សុវណ្ណ បានបញ្ជាក់ថា នៅ​ក្នុងថ្ងៃចន្ទនេះតួលេខនៅទូទាំងប្រទេសកម្ពុជាទាំងអស់ បានបង្ហាញថា មានរោងចក្រចំនួន ៨៤៩ ក្នុងចំណោម​រោង​ចក្រសរុប៩០៩ រោងចក្រ គឺស្មើនឹង ៩៣ ភាគរយបានបើកឲ្យដំណើរការធម្មតាឡើងវិញហើយ។

ស្របពេលនេះដែរ នៅមុនការប្រកាសលើកពេលរបស់ក្រសួងការងារ លោក ជា មុន្នី ប្រធានសហជីពសេរី​កម្ពុជា​នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទទី ០៦ ខែមករា ឆ្នាំ ២០១៤ នេះ បានចេញលិខិតចំហរមួយ ដោយបដិសេធ​មិនចូលរួមប្រជុំ ជាមួយមន្រ្តីក្រសួងការងារ តាមការអញ្ជើញឡើយ ។ ហេតុផលរបស់លោក ជា មុនី គឺដោយសារ​លោកចាត់ទុកថា ការប្រជុំនាពេលខាងមុខនោះ នឹងមិនមានប្រយោជន៍អ្វីឡើយ ពីព្រោះតែពេលនេះមាន​មេដឹកនាំ​សហជីព ៦ រូបទៅហើយ កំពុងទទួលរងការប្តឹងទៅតុលាការ ក្រោមបទចោទប្រកាន់ថា បានញុះញង់កម្មករ ឲ្យធ្វើ​កូដកម្មមិនចូលធ្វើការ ដើម្បីទាមទារប្រាក់ខែគោល ១៦០ ដុល្លារ។

ខណៈដែលមេសហជីពមួយចំនួន កំពុងប្រឈមនឹងការប្តឹងទៅតុលាការបែបនេះ មានមេដឹកនាំសហជីពខ្លះទៀត ក៏កំពុងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ ការភ័យខ្លាច ព្រោះមានបទពិសោធន៍កាលពីពេលកន្លងទៅ មាន​មេដឹកនាំសហជីពខ្លះ ដូចជាលោក អាត់ ធន់ ជាដើម ត្រូវជនមិនស្គាល់អត្តសញ្ញាណគម្រាមតាមសម្លាប់។

គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ ពោលគឺចំពេលផ្ទុះអំពើហិង្សា នៅផ្លូវវ៉េងស្រេង​រាជធានី​ភ្នំពេញ ក្រសួងការងារ បានចេញលិខិតមួយជាបន្ទាន់ ដោយចោទប្រកាន់មេដឹកនាំសហជីពចំនួន ៥ និងសមាគម១ ថា ជាអ្នកញុះញង់កម្មករមិនឲ្យចូលធ្វើការ ដើម្បីចេញមកធ្វើបាតុកម្ម បង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ​សាធារណៈ និងឯកជន។ បន្ថែមពីលើនេះទៅទៀត ក្រសួងការងារ ក៏អញ្ជើញមេសហជីពទាំង ៥ និងសមាគមមួយ ឲ្យមកបំភ្លឺនៅក្រសួងការងារនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៤ ខាងមុខទៀតផង៕

-----------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...