ស៊ីសុវត្ថិ ធម្មិកោ៖ ព្រះមហាក្សត្សនឹងអន្តរាគមន៍បើបក្សទាំងពីរឯកភាព
រហូតមកដល់ពេលនេះ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងក្រសួងព្រះបរមរាជវាំង នៅតែបន្តភាពស្ងៀមស្ងាត់នៅឡើយ បើទោះជាមានបណ្ឌិត និងបញ្ញវ័ន្តមួយក្រុមបានស្នើព្រះអង្គ ឲ្យជួយអន្តរាគម៍ ក្នុងស្ថានការណ៍នយោបាយកម្ពុជា ដែលកំពុងមានភាពក្តៅគគុកក៏ដោយ។ ជុំវិញករណីនេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា គេមិនអាចប្រៀបធៀបព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេច នរោត្តម សីហនុ បានទេ តែព្រះមហាក្សត្របច្ចុប្បន្នក៏អាចនឹងអន្តរាគន៍ ក្នុងជម្លោះនយោបាយបានដែរ ប្រសិនបើគណបក្សទាំងពីរ មានការឯកភាពគ្នា និងធ្វើការស្នើជាមុននោះ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ២០១៤ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេច នរោត្តម សីហនុ បានមានបន្ទូលពន្យល់ថា វាជាការល្អប្រសើរណាស់ ដែលមានក្រុមបញ្ញវ័ន្តខ្មែរមានការព្រួយបារម្ភ ចំពោះជោគវាសនារបស់ទេសជាតិ ហើយហ៊ានចេញមុខស្នើ ទៅព្រះមហាក្សត្រជួយអន្តរគមន៍ ក្នុងជម្លោះនយោបាយក្រោយការបោះឆ្នោត ដ៏ចម្រូងចម្រាសនេះ។
គេមិនត្រូវប្រៀបធៀបគ្នា រវាងព្រះករុណា សីហមុនី និង ព្រះករុណា សីហនុ
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលបញ្ជាក់ថា៖ «តាមមើលទៅព្រះមហាក្សត្រអាចនឹងអន្តរាគមន៍ ពេលណាដែលមានឯកភាពទាំងពីរភាគី គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ហើយគណបក្សទាំងពីរសំណូមពរឲ្យព្រះមហាក្សត្រកោះប្រជុំរកដំណោះស្រាយ ដល់ពេលណ្នឹង លោកនឹងកោះប្រជុំ ខ្ញុំជឿ១០០%ថាលោកនឹងកោះប្រជុំ (...)។ តែគេមិនត្រូវប្រៀបធៀបគ្នា រវាងព្រះករុណា សីហមុនី និងព្រះករុណា សីហនុ បានទេ។»
សូមរម្លឹកថា ក្នុងពេលដែលស្ថានការណ៍នយោបាយកម្ពុជា កាន់តែមានភាពក្តៅគគុកក្នុងពេលចុងក្រោយនេះ បណ្ឌិត និងជាអ្នកវិភាគឯករាជ្យ ជំនាញខាងនយោបាយ និងនយោបាយកម្ពុជាល្បីឈ្មោះ ៣រូប គឺ លោក សុខ ទូច លោក កែម ឡី និងលោក ឡៅ ម៉ុងហៃ បានសរសេរលិខិត៣ ដាច់ដោយឡែកពីគ្នាផ្ញើថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបំណងឲ្យមានកិច្ចចរចាជាបន្ទាន់ ។
ក្នុងលិខិត៣ដាច់ដោយឡែកពីគ្នានោះ មានខ្លឹមសារជារួមថា៖ «ព្រឹត្តិការណ៍អំពើហិង្សាបានកើតឡើងភ្លាមៗ ក្រោយពេលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មិនអាចដោះស្រាយបញ្ហានយោបាយតាមរយៈការចរចា។ ចំពោះមុខព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ ប្រទេសជាតិពិតជាត្រូវការជាបន្ទាន់ ព្រះរាជតួនាទីដែលមិនអាចខ្វះបាន របស់ព្រះករុណា ដើម្បីគង់ជាអាជ្ញាកណ្តាល និងជានិមិត្តរូបនៃឯកភាពជាតិ ក្នុងការដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅនេះ។»
លោកបណ្ឌិត កែម ឡី ដែលជាតួអង្គសំខាន់មួយ ក្នុងការទទូចឲ្យមានការចរចានយោបាយនេះ បានពន្យល់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ វាមានការលំបាកណាស់ ដែលអាចឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាចដោះស្រាយជម្លោះនយោបាយបានតែពីរភាគី ដោយមិនមានការអន្តរាគមន៍ពីរព្រះមហាក្សត្រ។ នៅពេលសួរពីសមត្ថភាព និងសមត្ថកិច្ចរបស់ព្រះមហាក្សត្រ លោកបណ្ឌិត កែម ឡី បញ្ជាក់ថា៖ «រឿងសមត្ថភាពមិនជាបញ្ហាទេ ព្រោះមហាក្សត្រ លោកមានក្រុមទីប្រឹក្សា ក្នុងការផ្តល់ជម្រើសសម្រាប់គណបក្សទាំងពីរ វាលែងតែមេដឹកនាំគណបក្សទាំងពីរ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនគោរពព្រះរាជតួនាទីរបស់អង្គព្រះមហាក្សត្រ។»
--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ