ក្រសួងមហាផ្ទៃហាមការជួបជុំជាសាធារណៈ៖ ចុះការជួបជុំថ្ងៃ៧មករា?
មានមជ្ឈដ្ឋានទូទៅបានលើកជាចម្ងល់ឡើងថា ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន អាចរៀបចំកម្មវិធីជួបជុំថ្ងៃ៧មករាបាន ដោយមានអ្នកចូលរួមជាង៤ម៉ឺននាក់ ខណៈក្រសួងមហាផ្ទៃបានហាមឃាត់ មិនឲ្យមានការប្រមូលផ្តុំជាសាធារណៈ រហូតដល់សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាពីភាពប្រក្រតីឡើងវិញ។ ជុំវិញករណីនេះ អ្នកច្បាប់បានលើកឡើងថា មិនអាចមានអ្វីជាឧបសគ្គ ក្នុងការរៀបចំកម្មវិធីរបស់គណបក្សប្រជាជនកម្ពុជានោះទេ ហើយជាពិសេសទៅទៀតនោះ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃក៏បានចូលរួមក្នុងកម្មវិធីនោះដែរ។
ការជួបជុំរំលឹកខួបលើកទី ៣៥ នៃជ័យជំនះថ្ងៃទី៧មករា ឆ្នាំ១៩៧៩ នៅកោះពេជ្រ។ (រូបថត MONOROOM.infO/ SengHong)
នយោបាយកម្ពុជា - បន្ទាប់ពីបានបំបែកយ៉ាងរង្គាល ទៅលើក្រុមកម្មករទាមទារប្រាក់ឈ្នួល និងក្រុមបាតុកររបស់គណបក្សសង្រ្គោះជាតិ បាន៣ថ្ងៃក្រោយមក នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៤ នេះ ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុផងនោះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលសន្និសីទកោះពេជ្រដែលមានមនុស្សចូលរួមប្រមាណ ៤ម៉ឺននាក់ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលទាំង ៣រូប របស់គណបក្ស គឺលោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ។
ដោយឡែក សម្រាប់ទិវា«ជ័យជម្នះ៧មករាលើកទី៣៥» នៅឆ្នាំ២០១៤ នេះ ក៏ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា សង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាអាចរៀបចំកម្មវិធីនេះបានដោយរលូន ថែមទាំងមានការជួយសម្របស្រួលពីកងកម្លាំង របស់អាជ្ញាធរពាក់ព័ន្ធទៀតផង បើទោះជាក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសហាមឃាត់ មិនឲ្យមានការជួបប្រជុំជាសាធារណៈក៏ដោយ។ សេចក្ដីប្រកាស ដែលមានទម្រង់ដាក់ឲ្យមានភាពស្របច្បាប់ នូវការបង្ក្រាប ឬការវាយបណ្ដេញទាំងឡាយ របស់អាជ្ញាធរ ទៅលើការជួបជុំនានា របស់ក្រុមអ្នកតវ៉ាទាមទារសិទ្ធិ និងក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង។
ជុំវិញករណីនេះ លោក សុក សំអឿន ជាអ្នកច្បាប់ និងជាប្រធានសម្របសម្រួលសម្ព័ន្ធអង្គការដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បានបញ្ជាក់ខ្លីថា៖ «វាជាកម្មវិធីរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រហែលជាក្រសួងមហាផ្ទៃមានការអនុញ្ញាត (...)។ ប្រាកដជាក្រសួងមហាផ្ទៃអនុញ្ញាត ព្រោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃទៅចូលរួមដែរ។»
ដូច្នេះ ឆ្លងចេញពីការបញ្ជាក់របស់អ្នកច្បាប់ខាងលើនេះ វានឹងកាន់តែបង្កឲ្យក្រុមអ្នកតាមដានសភាពការណ៍កម្ពុជា មានមន្ទិលថា ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាកម្មសិទ្ធិផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ឬយ៉ាងណា? គេក៏កាន់តែពិបាក់យល់ទៅទៀត នៅពេលដែលសេចក្ដីប្រកាសរបស់ក្រសួងជាតិមួយ ចេញផ្សាយសម្រាប់តែដាក់កំហិតទៅលើក្រុមអ្នកតវ៉ា និងក្រុមប្រឆាំង តែបានទុកឲ្យក្រុមមួយទៀតអាចធ្វើអ្វីបានដោយគ្មានការហាមឃាត់នោះ។
សូមរម្លឹកដែរថា ការរៀបចំទិវាជ័យជម្នះ៧មករា របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅក្នុងស្ថានភាពដ៏ចម្រួងចម្រាស។ ប្រជាពលរដ្ឋកម្ពុជាដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧មករា ថាជាថ្ងៃកំណើតទី២របស់ពួកគេ ឬជាថ្ងៃរស់ឡើងវិញរបស់ពលរដ្ឋកម្ពុជា។
តែសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមាននិន្នាការទៅរកគណបក្សសង្រ្គោះជាតិ និងអ្នកស្រាវជ្រាវឯករាជ្យជាច្រើន បានចាត់ទុកថ្ងៃ៧មករា ថាជាថ្ងៃដែលប្រទេសវៀតណាមឈ្លានពានកម្ពុជា។ ឈ្លានពាន ក៏ព្រោះតែពួកគេយល់ឃើញថា នៅថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩នោះ វៀតណាមបានវាយបណ្ដេញរបបកម្ពុជាប្រជាធិបតេយ្យ ឲ្យចេញពីអំណាចជាងបីឆ្នាំរបស់របបនេះ ហើយលើបន្តុបគណបក្សប្រជាជនបដិវត្តកម្ពុជា បច្ចុប្បន្នជាគណបក្សប្រជាជនកម្ពុជា ឲ្យមកគ្រប់គ្រងប្រទេសកម្ពុជាជំនួសវិញ។ ពួកគេទាំងនេះ បានយល់ឃើញទៀតថា ជាមួយនឹងថ្ងៃ៧មករា ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុង«នឹមអាណានិគមនិយមបែបថ្មីមួយ» ដែលមានរយៈពេលរាប់សិបឆ្នាំ របស់ប្រទេសកុម្មុយនីសវៀតណាម៕
--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ