ព្រះមហាក្សត្រ​បន្ត​ស្មើរ​ឲ្យ​ចូល​ប្រជុំ​សភា ​តែ​បក្ស​សង្រ្គោះ​ជាតិ​ថា​ដាច់​ខាត​មិន​ចូល

ជាថ្មីម្តងទៀតព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានបន្តស្មើរដល់បេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិចំនួន៥៥រូប ឲ្យចូលរួមប្រជុំសភាលើកដំបូង តែគណបក្សសង្រ្គោះជាតិ នៅតែបង្ហាញគោលជំហរដាច់ខាត មិនចូលរួមប្រជុំសភានោះទេ ប្រសិនបើគ្នានដំណោះស្រាយណាមួយ ប្រកបដោយយុត្តិធម៌។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀតព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានបន្តស្មើរដល់បេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលរួមប្រជុំសភាលើកដំបូង តែគណបក្សសង្រ្គោះជាតិ នៅតែបង្ហាញគោលជំហរដាច់ខាត មិនចូល​រួមប្រជុំសភានោះទេ ប្រសិនបើគ្នានដំណោះស្រាយណាមួយ ប្រកបដោយយុត្តិធម៌។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នេះព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានចេញព្រះរាជសារស្មើរដល់បេក្ខជន​តំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិទាំង៥៥រូប ឲ្យចូលរួមប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងស្មារតីរួបរួមជាតិ និងឯកភាពជាតិ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ កំពុងបន្តចរចាជាមួយគ្នាដើម្បីទម្លុះទម្លាយភាពទាល់ច្រក នយោបាយក្រោយការបោះឆ្នោត ។

បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររវាងមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅមន្ទីររដ្ឋសភា ដែលមានរយៈពេល២ថ្ងៃនោះមក លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងវេទិការអ្នកស្តាប់​វិទ្យអាស៊ីសេរី​នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ​នៅតែមិនទាន់​ឯកភាពគ្នា អំពីរបៀបវារៈរួមនៃការប្រជុំ ព្រោះគណបក្សប្រជាជនកម្ពុជា នៅតែនិយាយអំពីការរៀបចំ​ស្ថាប័នរដ្ឋសភាមុន​គេបង្អស់ រីឯគណបក្សសង្រ្គោះជាតិប្រកាន់ជំហរ ចង់ឲ្យមានការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុនសិន។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងកម្មវិធីវេទិការអ្នកវិទ្យុអាស៊ីសេរីដដែល បានបញ្ជាក់ថា៖ «បេក្ខជន​តំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិទាំង៥៥រូប ដាច់ខាតមិនចូលរួមប្រជុំសភាលើកតំបូងនោះទេ ដរាបណាមិន​រកយុត្តិធម៌ជូនប្រជារាស្រ្តខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្តូរ»។

បើទោះជាមានការអះអាងពីគោលជំហរ យ៉ាងមុតមាំពីសំណាក់ មេដឹកនាំគណបក្សសង្រ្គោះជាតិយ៉ាងណាក្តី ក៏លោក ប្រាក់ សុខុន មន្រ្តីអ្នកនាំពាក្យអង្គប្រជុំខាងភាគីគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ថា​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានស្វែង រកចំណុចត្រូវគ្នាច្រើនហើយ និងរង់ចាំការជួបចរចា​គ្នាជាថ្មី ក្រោយការប្រជុំផ្ទៃក្នុងរបស់គណបក្សនីមួយៗ។

គួរម្លឹកថាគណបក្សសង្រ្គោះជាតិ បានបដិសេធលទ្ធផលបោះឆ្នោតផ្លូវការ ដែលប្រកាសឲ្យដឹង ដោយគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ និងស្មើឲ្យមានការបង្កើតគណៈកម្មការចម្រុះ មាន​ភាពឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត តែត្រូវបានបដិសេធដោយគណបក្សប្រជាជនកម្ពុជា ហើយបញ្ហានេះហើយដែលជារបៀបវារៈសំខាន់ ក្នុងការចរចារបស់គណបក្សទាំងពីរ ដើម្បីដោះស្រាយភាព​ជាប់គាំង​នយោបាយ។

អ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយកម្ពុជា លោកបណ្ឌិត សុខ ទូច បានពន្យល់ថា យើងនឹងរងចាំមើលទាំងអស់​គ្នាថា តើគណបក្សសង្រ្គោះជាតិចូលប្រជុំនៅថ្ងៃទី២៣ កញ្ញា ឬអត់។ ទន្ទឹមនឹងនេះលោក សុខ ទូច បន្ថែមថា ប្រសិនបើ​គណបក្សសង្រ្គោះជាតិចូលប្រជុំសភា មានន័យថាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាត្រូវរូវគ្នា តែដោយ​មិនចង់ឲ្យគណបក្សសង្រ្គោះជាតិ ទទួលសម្ពាធពីក្រុមបាតុករ ក៏លើកទាញយកហេតុផលការប្រជុំសភានេះ ថាជាការកោះ​អញ្ជើញរបស់ព្រះមហាក្សត្រ។ តែប្រសិនបើគណបក្សសង្រ្គោះជាតិ មិនចូលប្រជុំមានន័យថា ព្រះមហាក្សត្រព្រះអង្គ​គ្រាន់​តែបំពេញតួនាទី ជាអ្នកបង្រួបង្រួមជាតិតែប៉ុណ្ណោះ៕

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...