សង្គមស៊ីវិលមួយទៀតដាក់កំហុស គ.ជ.ប ពី«បញ្ហា»នៃបញ្ជីបោះឆ្នោត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការធ្វើបញ្ជីឈ្មោះបោះឆ្នោតសារជាថ្មី ជាយន្តការចំបងនិងត្រូវរៀបចំបង្កើតឡើង ដោយគណកម្មការមួយឯករាជ្យ ដែលអាចផ្តល់ទំនុកចិត្ត ជាមួយនឹងសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការចុះបញ្ជីឈ្មោះជាថ្មីនេះ ដើម្បីបង្កើននូវគុណភាព រួមនិងការកាត់បន្ថយនូវផលអវិជ្ជមានឲ្យនៅតិចតួចបំផុត។ នេះជាការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា។
អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
បញ្ជីបោះឆ្នោតថ្មី - របាយការណ៍ស្តីពី«លទ្ធផលនៃការធ្វើសវនកម្មបញ្ជីបោះឆ្នោត» ដែលបានដាក់ទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤កន្លងមក ហើយដែលទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ទើបបានទទួលកាលពីល្ងាចថ្ងៃទី៦ ខែមករាម្សិលម៉ិញនេះ បានធ្វើការសិក្សា ពី«មូលហេតុនៃភាពមិនប្រក្រតីនៃបញ្ជីបោះឆ្នោត» ដើម្បីផ្តល់ជាអនុសាសន៍ និងដាក់ជូនទៅរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធនានា ដាក់ចេញជាប្រធានបទ និងលើកយកមកធ្វើការពិភាក្សា ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោតនាថ្ងៃទី៩ ខែមករា ខាងមុខនេះ។
ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាតំណាងឲ្យមេភូមិ មេឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំគោលដៅគំរូនៃការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឃុំថ្លាត ស្រុកអន្លងវែង ខេត្តឧត្តមានជ័យ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានយកទិន្នន័យពាក់ព័ន្ធ នឹងសុច្ចរិតភាពរបស់បញ្ជីបោះឆ្នោត មកធ្វើការវាយតម្លៃ និងប្រៀបធៀបគ្នាថា តើឃុំដែលមានមេឃុំ មកពីគណបក្សប្រជាជនកម្ពុជា និងមេឃុំមកពីគណបក្សសង្គ្រោះជាតិ មានការគ្រប់គ្រង និងរៀបចំនៃបញ្ជីឈ្មោះបោះឆ្នោតមានភាពខុសគ្នាដល់យ៉ាងណា!។
លោកបានបង្ហាញពីសវនកម្មលើឃុំទាំងពីរនេះ ទៅលើករណីប្រាំបួនយ៉ាង រួមមានឈ្មោះស្ទួន មានឈ្មោះឥតមានមនុស្ស (ឈ្មោះខ្មោច) ការធ្វើចំណាកស្រុក ទិន្នន័យខុសពីអត្តសញ្ញាណប័ណ្ណ (ខុសអក្ខរាវិរុទ្ធ) ឈ្មោះអ្នករស់នៅតំបន់ផ្សេង អ្នកគ្មានអត្តសញ្ញណប័ណ្ណ ការផ្លាស់ប្តូរលំនៅ យោធាប្តូរមូលដ្ឋាន និងអ្នកដែលបានស្លាប់ដោយមិនទាន់លប់ឈ្មោះជាដើម។ លោកបានបន្តរថា តាមសវនកម្មទាំងប្រាំបួនចំណុចខាងលើបានបង្ហាញថា បញ្ជីបោះឆ្នោតដែល គ.ជ.ប បានរៀបចំ និងកំពុងប្រើប្រាស់នៅតាមមូលដ្ឋាន ជាក់ស្តែងដូចនៅឃុំត្បែងពីរ ទោះជាមានកម្រិតលំអៀងទាប ក៏នៅតែជះឥទ្ធិពល និងផលប៉ះពាល់ដល់លទ្ធផលបោះឆ្នោតដែរ។
ដូចគ្នានេះក្នុងសន្និសិទសារព័ត៌មាន នៃគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានលើកឡើងពីការបន្លំសន្លឹកឆ្នោតតាមរូបភាពជាច្រើន ដែលចាំបាច់ត្រូវមានការបោះឆ្នោតឡើងវិញ បន្ទាប់ពីមានការកែទម្រង់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ។ លោកបានបញ្ជាក់ថា «មានការបន្លំច្រើនណាស់ ត្រូវទាមទាឲ្យមានការត្រួតពិនិត្យឡើងវិញ។ (…) កុំឲ្យមានបញ្ហានៃការលួចបន្លំមានតទៅទៀត ត្រូវតែកែទម្រង់ការឆោះឆ្នោត ទាំងប្រព័ន្ធ និងរបៀបនៃការចុះឈ្មោះបោះឆ្នោត។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបញ្ជាក់ ពីមន្រ្តីកិច្ចការនយោបាយនៃក្រសួងមហាផ្ទៃ មន្រ្តីនៃគណបក្សប្រជាជនកម្ពុជា និងមន្រ្តី គ.ជ.ប ពីបញ្ហានៃលទ្ធផលនៃការស្រាយជ្រាវខាងលើនេះបានទេ នាព្រឹកថ្ងៃទីប្រាំពីរ ខែមករានេះ។ តែយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការលោក ប៉ុល លឹម បានបញ្ជាក់ឲ្យសមាគមជ័យលាភីបញ្ញាជនកម្ពុជា ធ្វើការប្រមូលផ្តុំព័ត៌មាននានា ជុំវិញបាតុភាពអវិជ្ជមាន ដែលបណ្តាលឲ្យបញ្ជីបោះឆ្នោតមានភាពមិនពេញលេញ។ ក្នុងលិខិតនោះបន្តរថា លទ្ធផលនៃការស្រាវជ្រាវ និងក្លាយជាអនុសាសន៍សម្រាប់អង្គសិក្ខាសាលា ស្តីពីការកែទម្រង់ការបោះឆ្នោតឲ្យកាន់តែល្អប្រសើរ។
លោក រស់ សារ៉ុម បានធ្វើការសន្និដ្ឋានថា តាមករណីនៃសវនកម្មខាងលើ នឹងមានឃុំជាច្រើនទៀតក្នុងប្រទេសកម្ពុជា មានបញ្ហាចំពោះបញ្ជីបោះឆ្នោតនេះ។ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន លោកបានចាត់ទុកថាបញ្ហាទាំងនេះកើតឡើងមកពីកំហុស គ.ជ.ប ព្រោះតែមិនបានយកបញ្ជីបោះឆ្នោត ដែលបានកែដោយរដ្ឋអំណាចមូលដ្ឋាន ផ្ទុយមកវិញ គ.ជ.ប នៅតែឲ្យបញ្ជីឈ្មោះដែលខុសនោះត្រឡប់មកសារជាថ្មីដដែល។
លោកក៏បញ្ជាក់ថានឹងមានសន្និសិទសារព័ត៌មានមួយថ្ងៃទី៨ ខែមករា ខាងមុខនេះ ដើម្បីបង្ហាញពីលទ្ធផលដែលបានស្រាវជ្រាវនេះ ជាប្រយោជន៍ដល់សាធារណៈ និងជំរុញឲ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការរៀបចំបញ្ជីបោះឆ្នោតយ៉ាងសកម្មដោយគណកម្មការឯករាជ្យ ប្រកបដោយគុណភាព សុច្ចរិតភាព ជាមួយនឹងអព្យាក្រិត្យភាពនៃមន្រ្តីរៀបចំការបោះឆ្នោត៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ