មន្ត្រីបក្សប្រឆាំងម្នាក់ បង្ហើបថាត្រូវគ្នាហើយ តែមិនទាន់ដល់ពេលជួបគ្នា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីជាន់ខ្ពស់ម្នាក់មកពីគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា «ខ្យល់»នយោបាយនៅកម្ពុជា បាននឹងកំពុងឈានដល់ចំណុចមួយ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវ«កាន់»ដៃគ្នា ចូលសភាជាតិហើយ ដែលវេលានោះនៅមិនឆ្ងាយឡើយ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
នយោបាយ - ការឈានទៅរកភាពត្រូវរ៉ូវគ្នានេះ ត្រូវបានមន្រ្តីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះរូបនោះបានបញ្ជាក់ថា កម្ពុជាមិនអាចធ្វើដំណើរយឺតយ៉ាវ ជាងប្រទេសជិតខាងឡើយ ពិសេសប្រទេសវៀតណាម និងថៃ។ លោកបានថ្លែងទៀតថា «រឿងនយោបាយ យ៉ាងយូរមួយខែទៀតទេ ត្រូវគ្នាហើយ។ ច្បាប់បានសរសេររួចរាល់ហើយ ឥឡូវកំពុងមានការជួយពិនិត្យ ដោយមន្រ្តីជាន់ខ្ពស់ មកពីប្រទេសជប៉ុន។ (...) ឯកភាពទាំងអស់គ្នាហើយ បញ្ចប់ទាំងនយោបាយ បញ្ចប់ទាំងបច្ចេកទេស។»
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក ស ខេង មន្រ្តីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា ក៏បាននិយាយប្រហែលគ្នានេះដែរ។ លោកបាននិយាយថា កន្លងមកគណបក្សទាំងពីរបានធ្វើការត្រួសត្រាយផ្លូវដែលត្រូវដើររួចរាល់ហើយ។ លោកលើកឡើងថា «អ្វីដែលចាំបាច់ជាបន្តនោះ គឺឆន្ទៈពិតប្រាកដ ជាកត្តាកំណត់នៃការដោះស្រាយបញ្ហា។ (...) មានឆន្ទៈពិតប្រាកដ នោះជំនួបកំពូលប្រាកដជាមាន។»
មន្រ្តីដែលមកពីគណបក្សសង្គ្រោះជាតិរូបនោះ បានពន្យល់ទាក់ទងទៅនឹងការរៀបចំរចនាសម្ព័ន្ធ គ.ជ.ប ថា ដោយនឹងធ្វើការបែងចែកសម្លេង នៅក្នុងគ.ជ.ប នោះ ឲ្យមានតុល្យភាពនឹងគ្នា។ ជាមួយនឹងការដាក់បញ្ចូលតំណាងគណបក្ស តែក៏នៅមានការបញ្ជូលបន្ថែម នូវមន្រ្តីមកពីអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។ «គ.ជ.ប មានកៅអីទាំងអស់ប្រាំបួន ក្នុងនោះកន្លងមកគណបក្សប្រជាជនមានចំនួន៧ និងគណបក្សសង្គ្រោះជាតិមានចំនួន២កៅអី។ (...) ឥឡូវត្រូវប្តូថ្មីទាំងអស់ បីៗស្មើគ្នា ក្នុងនោះក៏មានកៅអីខាងសង្គមស៊ីវិលដែរ។»
សម្រាប់លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ ពីអង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ទាំងអង្កការសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ អ្វីដែលចង់បាននោះ ការជួបចចារគ្នាដោយសន្តិវិធី។ ក្រោយការបោះឆ្នោតក្រុមប្រឹក្សានេះ គណបក្សទាំងពីរ អាចមានឱកាសច្រើនក្នុងការជួប ពិភាក្សាគ្នា។ «យើងសង្ឃឹមថា គណបក្សទាំងពីរនឹងប្រកាន់យកគោលការណ៍ជំហរឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ មកដាក់ពីមុខ ដោយធ្វើការចចារ និងជជែកគ្នា ដើម្បីបញ្ចប់វិបត្តនយោបាយ ដើម្បីបញ្ជៀសនូវការជួបលផលំបាករបស់ប្រចាពលរដ្ឋ ដែលកើតចេញពីបញ្ហានយោបាយជាប់គាំងនោះ។»៕