សម រង្ស៊ី៖ «វប្បធម៌​សន្ទនា»​ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​លើ កឹម សុខា

ជាមួយនឹងការចោទប្រកាន់ ការគម្រាមពីសំណាក់លោក ហ៊ុន សែន ជាបន្តបន្ទាប់មកលើ លោក កឹម សុខា អនុប្រធានរបស់ខ្លួននោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ដំណោះស្រាយ គឺការប្រ់ប្រាស់នូវ«វប្បធម៌សន្ទនា»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 20, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈកាលបីថ្ងៃមកនេះ មានរឿងចម្រូងចម្រាស់ជាច្រើន បានកើតឡើងចំពោះលោក កឹម សុខា ដែលរង​ការ​ចោទ​ប្រកាន់ ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថាជាមេដឹកនាំ នៃចលនាបដិវត្តពណ៌ ក៏ដូចជាការចោទប្រកាន់ថា បដិវត្តពណ៌នេះ ជាដើមចង នៃការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន។ មិនត្រឹមតែចោទប្រកាន់ទេ តែលោក ហ៊ុន សែន ថែមទាំងព្រមាន ចាត់ការដាក់«ខ្នោះ»លោក កឹ សុខា នោះថែមទៀត។

ថ្លែងឡើង ជុំវិញបញ្ហាដ៏រំជើបរំជួល ខាងលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានរំលឹកឡើងវិញ ទៅ​កាន់រដ្ឋាភិបាល ក៏ដូចជាមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់វិបត្តនយោបាយ នៅកម្ពុជា នាពេលនេះ ត្រូវបានឯកភាពគ្នាទាំងស្រុងដោយ ស្តែងឡើងតាម «វប្បធម៌សន្ទនា ជាវប្បធម៌សន្តិភាព និងវឌ្ឍនភាព»។

នៅចំពោះអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ប្រធានក្រុមតំណាងរាស្រ្តភាគតិច នៃរដ្ឋសភា បានលើកឡើងថា លោកចង់បានការអនុវត្តបន្ត នូវបរិយាកាសបែបសន្ទនា ក្នុងការដោះស្រាយបញ្ហានានា រួមទាំង​រឿង​នយោបាយ។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «និយាយគ្នា ដោះស្រាយដោយសន្តិវិធី មិនចាំបាច់ប្រើប្រាស់ នូវ​វិធី​ណាដែលនាំមក នូវសភាពការតឹងតែង នឹងនាំឲ្យមានការពិបាក ទៅវិញទៅមក។ បើយើងជៀសវាងបាន យើងឈរ​លើ​គោលការណ៍ច្បាប់ គោលការណ៍លទ្ធិប្រជាធិបតេយ្យ មូលដ្ឋានសច្ចៈធម៌។»

យ៉ាងណា ចំពោះការថ្លែងរបស់លោក កឹម សុខា ដែលពាក់ព័ន្ធ នឹងការចោទប្រកាន់ របស់លោកនាយករដ្ឋមន្ត្រីនោះ លោក សម រង្ស៊ី បានដាក់ការសង្ឃឹមជាថ្មី ទៅលើមន្រ្តីជំនាញពាក់ព័ន្ធនានា ពិសេសតុលាការ ដែលត្រូវធ្វើការ​ស៊ើប​អង្កេត​មួយ ដោយច្បាស់លាស់ ឯករាជ្យ តម្លាភាព និងអព្យាក្រិត្យ។ ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងទៀតថា៖ «ការចោទប្រកាន់យ៉ាងណានោះ យើងត្រូវស្វែងរកការពិត១០០% ដើម្បីកំណត់ ក្នុងការទទួលខុសត្រូវ ដល់កម្រិត​ណា។ (...) យើងទាមទារ ឲ្យមានការស៊ើបអង្កេត ដោយតុលាការឯករាជ្យ ដោយអ្នកសង្កេតការណ៍ ដែលមានលទ្ធភាព ដោយតម្លាភាព និងគ្មានលំអៀង។»

លោកបានផ្តោត ការយកចិត្តទុកដាក់បំផុត ទៅលើវប្បធម៌សន្ទនា នាពេលនេះ ដោយលោកបានចាត់ទុកថា វប្បធម៌​សន្ទនា ជាវប្បធម៌សន្តិភាព។ លោក សម រង្ស៊ី បានថ្លែងឲ្យដឹងបន្តថា៖ «វប្បធម៌សន្តិភាព គឺការមិនប្រើអំពើហិង្សា ការ​ប្រើ​អំណាចហួសហេតុទៅជាន់ឈ្លី ដល់សិទ្ធិសេរីភាព និងភាពថ្លៃថ្នូរបស់អ្នកដទៃ។ (...) នេះជាសញ្ញាណ នៃលិទ្ធិ​ប្រជាធិបតេយ្យ។»

«ទាល់តែមានការសន្ទនា ទើបមានការពង្រឹងលិទ្ធិប្រជាធិបតេយ្យ។ បើគ្មានការសន្ទនា និងការប្រើនូវវិធានការគម្រាម កំហែង គៀបសង្កត់ និងគ្មានការយោគយល់គ្នា នាំឲ្យស្ថានការកាន់តែ តឹងតែងឡើង។ តែបើយើងសន្ទនាគ្នា ទើបអាច​បង្ហាញ ពីជំហរពិតរបស់យើង និងសុច្ឆន្ទៈរៀងៗខ្លួន អាចរកដំណោះស្រាយដោយត្រជាក់។ យើងចង់ជៀសវាងអ្វី ដែល​វា ក្តៅ វារលាក ។ (...) វប្បធម៌សន្ទនា ជាវប្បធម៌វឌ្ឍនភាព ដែលជាការប្រមូល (ផ្តុំ) ធនធានមនុស្ស ធនធាន​ធម្មជាតិ ធនធានប្រាជ្ញា ធនធានចំណេះដឹង ធនធានបទពិសោធន៍ មកពីគ្រប់ទិសទី ធ្វើការជាមួយគ្នា ដើម្បីឲ្យ​ជាតិ​យើង​ទៅមុខ។ (…) វប្បធម៌សន្ទនានេះ នឹងបន្តគោរពអនុវត្តជាមួយគ្នាទៅមុខទៀត។»

សូមទស្សនាកិច្ចសម្ភាសលោក សម រង្ស៊ី ជាមយយអ្នកសារព័ត៌មានដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...