ហ៊ុន សែន ព្រមានជាថ្មី ប្រើវិធានការផ្លូវច្បាប់លើ កឹម សុខា ដែលប៉ងផ្ដួលរដ្ឋាភិបាល
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៥
- កែប្រែចុងក្រោយ: March 18, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើនូវវិធានការច្បាប់ លោក លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភាអាណត្តិទីប្រាំ និងជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើការថ្លែង របស់មេដឹកនាំប្រឆាំងរូបនេះ ដែលបានសារភាពថា មានបំណងផ្ដួលរំលំលោក និងរដ្ឋាភិបាលរបសលោក។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នេះ នាពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៥៨ ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានថ្លែងឡើងថា៖ «ឥឡូវ ស្រាប់តែសុខៗ វាចេញរឿងមកហើយ។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយហើយថា ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីការបោះឆ្នោត។ ឥឡូវបែរជាមាន អ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្តួលរាជរដ្ឋាភិបាល ផ្តួលគណបក្សប្រជាជន តែមិនបានសម្រេច។ គេបរាជ័យ សុំទោសប្រជាពលរដ្ឋនៅអាមេរិក។ អញ្ចឹងយើងចាត់ការ តាមផ្លូវច្បាប់បែបណា?។ (…) នេះបើចោរសារភាពហើយនេះ មេចោរសារភាពហើយ តើចាត់ការផ្លូវច្បាប់បែបណា?។ (…) អីចឹង អ្នកខូចខាតទ្រព្យសម្បត្តិទាំងប៉ុន្មាន ត្រូវរកតែម្នាក់នឹងទៅ ចាប់យកមក ទារលុយទៅ អានឹងត្រូវហើយ អត់មានអីខុសទេ។ អាបាតដៃទី៣ក៏មាន អាបាតដៃទី២ផ្ទាល់នឹង បានសារភាព នៅឯឡុងប៊ិច។ ឥឡូវ គិតយ៉ាងម៉េច?។»
លោក កឹម សុខា បានថ្លែងជាសាធារណៈ ទៅកាន់សកម្មជនគណបក្សរបស់ខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នាទីក្រុងទីក្រុងឡុងបិច សហរដ្ឋអាមេរិក ថា ដៃគូប្រកួត ក្នុងគណបក្សនយោបាយរបស់លោក មានភាពរឹងមាំ និងមានបង្អែកក្រាស់ ដែលធ្វើឲ្យលោកពិបាកក្នុងការផ្តួលរំលំ។
មេដឹកនាំបក្សប្រឆាំង និងជាអនុប្រធានទីមួយ នៃរដ្ឋសភាអាណត្តិទីប្រាំរូបនេះ បានថ្លែងឡើងថា៖ «យើងចង់ឲ្យមានការផ្លាស់ប្តូរ ឲ្យបានឆាប់ ចង់ឲ្យមានការផ្លាស់ប្តូរ ឲ្យបានល្អ ឲ្យបានលឿន ឲ្យបានពេញលេញ។ ខ្ញុំសូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំ ការផ្លាស់ប្តូរនេះបាន ១០០% ភ្លាម។ (…) ក្នុងនាមខ្ញុំ ជាអ្នកនយោបាយ ក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំហ៊ានសារភាព ចំពោះមុខប្រជារាស្ត្រ។ ហើយបងប្អូនជនរួមជាតិទាំងអស់ ដែលចង់ដូរ យើងខ្ញុំក៏ចង់ដូរដែរ។ តែយើងខ្ញុំមិនអាចធ្វើបានទាំងអស់ទេ ហើយខ្ញុំសូមអំពាវនាវ ក្រែងមាននរណាម្នាក់អាចធ្វើបាន។ ពីព្រោះយើងខ្ញុំតស៊ូយូរហើយ ហើយដំណាក់កាលនេះ ទោះបីយើងដូរមិនបានទាំងអស់ក៏ដោយ គឺយើងដូរបានខ្លះ។ (…) ក្រោយការបោះឆ្នោត យើងធ្វើការតស៊ូនយោបាយ ដោយអហិង្សា ប្រើកម្លាំងមហាជន ប៉ុន្តែមិនសំរេចបានជោគជ័យ។ (…) ហើយគណបក្សសង្គ្រោះជាតិ មិនធ្វើបដិវត្ត ដែលជាការបង្ហូរឈាមរវាងខ្មែរ និងខ្មែរនោះឡើយ។»
ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ បាតុកម្មមហាជន ដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានកើតឡើងជាហូហែរ។ អំឡុងពេលនោះ លោកនាយករដ្ឋមន្រ្តី បានបង្ហាញនូវការមិនពេញចិត្ត ជាមួយនឹងការដឹកនាំធ្វើបាតុកម្មនេះ ហើយលោកក៏បានព្រលយ នូវពាក្យព្រមានមួយថា បើនៅតែបន្តធ្វើបាតុកម្មបែបនេះ សូមឲ្យប្រយ័ត្ននូវបាតដៃទីបី។ ប៉ុន្តែក្នុងពីធីបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៥៨ ក្នុងថ្ងៃនេះ នៅខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន បានរុញច្រានក្រុមបាតដៃទីបីនេះ ទៅលើលោក កឹម សុខា ថាជាអ្នកបង្កើតឡើង។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖ «អាបាតដៃទី៣ បានសារភាព នៅទីក្រុងឡុងប៊ិចហើយ។ ឥឡូវគិតយ៉ាងម៉េច?។ ការខូចប៉ុន្មាន ស្លាប់មនុស្ស មេខ្លោងនៅហ្នឹង! តើគេបានសារភាព ខ្លួនគេមិនចាំបាច់អ្នកណាទេ?»
មិនអាចទាក់ទងលោក កឹម សុខា ដើម្បីធ្វើប្រតិកម្ម ទៅនឹងចំណាត់ការរបស់លោក ហ៊ុន សែន ចំពោះរូបលោកបាននៅឡើយ ក្នុងពេលនេះ។ ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ត្រូវបានស្រង់សម្ដីដោយ វិទ្យុអាស៊ីសេរី បានបញ្ជាក់ថា លោក ហ៊ុន សែន ចង់ឲ្យមហាជនយល់ច្រឡំទៅវិញ។ លោក បុញ្ញាឫទ្ធិ បាននិយាយថា៖ «ដូចខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀត ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា យើងកំណត់ក្នុងនាមគណបក្សយកគោលការណ៍មួយ ដោយការផ្លាស់ប្ដូរដោយសន្តិវិធី និងអហិង្សា តាមរយៈការបោះឆ្នោតដោយយុត្តិធម៌»។
សូមតាមដានការថ្លែង របស់លោក កឹម សុខា នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដូចតទៅ៖