ភេវរកម្ម៖ សារមន្ទីរជាតិនៅទូនេស៊ី រងការវាយប្រហារ ៨នាក់ស្លាប់ (vdo)
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ មិនា ២០១៥
- កែប្រែចុងក្រោយ: March 18, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសទូនេស៊ី (ទ្វីបអាហ្វ្រិកខាងជើង) លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) បានថ្លែងអះអាង តាមវិទ្យុមួយថា៖ «ការវាយប្រហារមួយ បានធ្វើទៅលើ សារមន្ទីរជាតិ បារដូ ដោយភេវជនពីរនាក់ ឬអាចច្រើនជាងនេះ ប្រដាប់ដោយអាវុធ អាកាស្វ័យប្រវត្តិ»។ សារមន្ទីរជាតិ បារដូ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីអាគាររដ្ឋសភាជាតិ នៃប្រទេសទូនេស៊ី។
លោក អាលីអារ៉ូយ បានរាយការណ៍ទៀតថា៖ «មានជនរងគ្រោះ ដល់ជីវិត ៨នាក់ ក្នុងនោះ ៧នាក់ជាជនបរទេស និងម្នាក់ជាជនជាតិទូនេស៊ី»។
បើតាមអ្នកនាំពាក្យដដែល បានឲ្យដឹងថា ទេសចរណ៍ច្រើនរយនាក់ កំពុងស្ថិតនៅក្នុងសារមន្ទីរ នៅមុខពេលការវាយប្រហារ បានកើតឡើង។ ប៉ុន្តែទេសចរណ៍មួយភាគធំ ត្រូវបានជម្លៀសចេញ។ លោកមិនបានថ្លែងអះអាង ដូចប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលរាយការណ៍ថា នៅមានចំណាប់ខ្មាំង កំពុងរងគ្រោះនៅឡើយ នៅក្នុងហេតុការណ៍នេះ។ លោកគ្រាន់តែបញ្ជាក់ថា៖ «មានព័ត៌មានបញ្ជាក់ថា នៅមានទេសចរណ៍ជាច្រើនទៀត នៅក្នុងសារមន្ទីរនៅឡើយ»។
លោក អាលីអារ៉ូយ បានបន្ថែមទៀតថា៖ «កងកម្លាំងប្រឆាំងភេវរកម្ម បានចូលទៅក្នុងសារមន្ទីរ ហើយសង្កាត់ទាំងមូល នៅក្នុងរដ្ឋធានី ត្រូវបានហ៊ំព័ទ្ធ»។
ប្រធានាធិបតីរបស់ប្រទេសទូនេស៊ី លោក ប៊េជី កាអីដ អេសេប៊ី (Béji Caïd Essebsi) នឹងថ្លែងទៅកាន់ប្រជាជាតិទូនេស៊ី ក្នុងពេលខាងមុខ។ នេះបើតាមលោក មូអេស ស៊ីនូយ៍ (Moez Sinaoui) អ្នកនាំពាក្យ របស់វិមានប្រធានាធិបតី។ ដោយឡែក នាយករដ្ឋមន្ត្រីទូនេស៊ី លោក អាប៊ីប អេស៊ីដ (Habib Essid) បានជួបប្រជុំជាបន្ទាន់មួយ ជាមួយរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីការពារជាតិ។
បើតាមសាក្សីនៅផ្ទាល់កន្លែង បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេស ត្រូវបានបញ្ជូនយ៉ាងសន្ធឹកសន្ធាប់ ទៅកាន់តំបន់នោះ។
ខណៈពេល មានការវាយប្រហារនេះ គណកម្មការធិការរដ្ឋសភាមួយ ដែលកំពុងជួបប្រជុំក្នុងរដ្ឋសភាជាតិ បានផ្អាកការប្រជុំរបស់ពួកគេភ្លាមៗ ហើយក្រុមតំណាងរាស្ត្រទាំងអស់ បានទទួលបញ្ជាឲ្យមកជួបជុំគ្នា នៅក្នុងបន្ទប់កណ្ដាលធំ របស់រដ្ឋសភា។
ប្រទេសទូនេស៊ី ត្រូវប្រឈមនឹងចលនា ភេវរនិយមប្រដាប់អាវុធមួយ បន្ទាប់ពីប្រទេសនេះ បានធ្វើបដិវត្តអារ៉ាប់មុនគេ នៅខែមករា ឆ្នាំ២០១១។ រហូតមកដល់ពេលនេះ កម្លាំងនគរបាល និងទាហានទូនេស៊ី ច្រើនជាង៦០នាក់ ត្រូវបានសម្លាប់ នៅពេលជួបប្រយុទ្ធ ជាមួយនឹងក្រុមភេវរនិយម អាល់កៃដា (Al-Qaida) ដែលកំពុងមានសកម្មភាពយ៉ាងខ្លាំងក្លា ក្បែរនឹងព្រំដែននៃប្រទេសអាហ្សេរី៕
រូបភាពដំបូងគេ ដែលទូរទស្សន៍បារាំងចាប់បាន៖