ប្រទេសជប៉ុន កើតទុក្ខនឹងបវរកញ្ញា«កូនកាត់»ដំបូងរបស់ខ្លួន
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ១៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 18, 2015
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រលងជាប់ ទទួលបានជ័យលាភី ជាបវរកញ្ញា នៅឆ្នាំនេះ បានបញ្ចប់ទៅ ក្រោមការតិះទៀន រិះគន់ និងចំងល់ច្រើនរាប់មិនអស់។ យុវតី អារីយ៉ាណា មីយ៉ាម៉ូតូ ទើបនឹងត្រូវបានជាប់ជាបវរកញ្ញា ប្រចាំប្រទេសជប៉ុន ហើយកំពុងត្រៀមខ្លួន ទៅប្រលងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥ បន្តទៀត។ សម្រាប់ប្រទេសជាច្រើនផ្សេងទៀតក្នុងលោក ប្រហែលជាមិនជាចាប់អារម្មណ៍ប៉ុន្មាន ឬទំនងជាស្ងើចសរសើរ ពីសម្រស់ស្ត្រីមួយរូប ដែលត្រូវតំណាង ឲ្យសម្ផស្សឲ្យស្ត្រី ក្នុងប្រទេសនោះ បានចេញទៅប្រលងជាមួយនឹងបេក្ខនារី នៃប្រទេសដទៃទៀត។
ប៉ុន្តែ នៅជប៉ុន គំនិតជាតិនិយម ឬការស្រឡាញ់តែជាតិសាសន៍ខ្លួន នៅតែចាក់ឫសនៅឡើយ។ ជាពិសេស យុវតីកូនកាត់ អាយុ២០ ដែលមានម្ដាយជាតិជប៉ុន និងឪពុកជាតិអាមេរិកាំងស្បែកខ្មៅម្នាក់ មិនត្រូវបានបណ្ដាជនជប៉ុន គិតថាជាពលរដ្ឋពិសេស មានវប្បធម៌ដល់ទៅពីរនោះទេ តែនាងគឺជាផ្ទាំងស៊ីបមួយ សម្រាប់ការរិះគន់ ក្រោមពាក្យហៅថា «ជប៉ុនមិនជប៉ុន» ឬ«ពាក់កណ្ដាលម្នាក់»។
បើនិយាយ ពីផ្លូវច្បាប់ នាង ម៉ារីយ៉ាណា នាងជាជនជាតិជប៉ុន សឹងតែ១០០% ព្រោះនាងបានកើត នៅលើទឹកដីជប៉ុន ក្នុងតំបន់ណាហ្គាសាគី (ភាគខាងត្បូង) ហើយនាងបានរស់នៅ នឹងធ្វើការសិក្សានៅទីនោះ តាំងពីតូច។ ប៉ុន្តែដោយសារឪពុករបស់នាង យុវតីរូបស្រស់ បាននៅត្រឹមតែជា «ជប៉ុនមិនជប៉ុន»ម្នាក់ប៉ុណ្ណោះ។ ការរិះគន់ បានធ្វើនៅតាមបណ្ដាញសង្គម ហើយអ្នកខ្លះថែមទាំងទាមទារ ឲ្យជ្រើសរើសយុវតី«ជប៉ុនសុទ្ធ»ម្នាក់ ដែលមិនមែនជានាង ម៉ារីយ៉ាណា ពីក្នុងចំណោមបេក្ខនារីទាំង៤៤នាក់ ដែលបានចូលរួមប្រលងបវរកញ្ញា កាលពីថ្ងៃទី១២ ខែមីនាកន្លងមក។
អ្នករិះគន់ បានសម្ដែងចំងល់ ពីល័ក្ខខ័ណ្ឌនៃការជ្រើសរើស ក្នុងការប្រលងបវរកញ្ញា«ដ៏ចម្លែក» ដែលបានអនុញ្ញាត ឲ្យស្រី«ជប៉ុនមិនជប៉ុន» មកតំណាងឲ្យ សម្ផស្សស្ត្រីជប៉ុនទាំងមូល។ អ្នកខ្លះទៀត បានចំអកឲ្យបវរកញ្ញាថ្មីនេះថា ជាបវរកញ្ញាជប៉ុន«ពាក់កណ្ដាល» និងលើកឡើងពី ភាពក្រៀមក្រំ«ពាក់កណ្ដាល»របស់ខ្លួន នៅចំពោះយុវតីជាបរទេសម្នាក់។
យ៉ាងណាក៏ដោយ ក៏គេនៅសង្កេតឃើញ មានមតិយោបល់ ដែលបានសរសើរ យុវតីកូនកាត់នេះ និងអ្នកដែលបានជ្រើសរើស យកនាងខ្លះដែរ។ ពួកគេទាំងនោះ និយាយថា នេះជាសញ្ញាមួយ បង្ហាញថាជប៉ុនមានការអត់អោន និងបើកទូលាយច្រើនជាងមុន។ អ្នកខ្លះទៀតនិយាយ កាន់ជើងបវរកញ្ញាថ្មីថា មានចលនាស្អាតស្រស់សង្ហា ដែលខុសពីស្ត្រីជប៉ុន«ទន់ជ្រាយ» ប្រកបដោយស្នាមញញឹមស្រស់ស្រាយ បញ្ចេញធ្មេញត្រឹមគ្មានទាស់ រួមផ្សំនឹងជើងដ៏ស្រឡូន វែងលលៃរបស់នាង (យុវតី មានកំពស់ ១,៧៣ ម៉ែត្រ)៕