ចូលទស្សនាលំនៅដ្ឋានរបស់បវរកញ្ញាចក្រវាឡ នៅក្រុងញ៉ូយក
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៣ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 03, 2017
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃអាទិត្យមុន (ត្រូវនឹងថ្ងៃចន្ទ នៅក្នុងប្រទេសហ្វីលីពីន និងនៅប្រទេសកម្ពុជា ព្រោះខុសត្រូវម៉ោងគ្នា) កម្មវិធីប្រឡងបវរកញ្ញចក្រវាឡ បានរកឃើញរាជនីសម្ផស្ស ប្រចាំឆ្នាំថ្មីរបស់ខ្លួន ដោយសម្រេចប្រគល់ម្កុដ ដែលមានតម្លៃដល់ទៅ ជាង៣សែនដុល្លារ ឲ្យទៅបវរកញ្ញាឆ្នាំមុន របស់ប្រទេសបារាំង គឺនាងកញ្ញា អ៊ីរីស មីតេណារ៉េ (Iris Mittenaere) ដើម្បីបន្តតំណែង ពីបវរកញ្ញាចក្រវាឡឆ្នាំមុន ដែលមកពីប្រទេសហ្វីលីពីន។
មិនសូវខុសគ្នាប៉ុន្មាន ពីម្ចាស់ជ័យលាភី ក្នុងឆ្នាំមុនៗនោះទេ បវរកញ្ញាចក្រវាឡថ្មី អាយុ២៤ឆ្នាំ ដែលមានកំណើត នៅក្នុងតំបន់ភាគខាងជើងបារាំង បានទទួលអំណោយ យ៉ាងសម្បើមអស្ចារ្យ ពីកម្មវិធីប្រឡងបវរកញ្ញា។ ក្រៅពីម្កុដបវរកញ្ញា នាងកញ្ញា អ៊ីរីស មីតេណារ៉េ នៅទទួលបាន ឈុតសម្លៀកបំពាក់ សំពត់រ៉ូប ពេញមួយទូ - ការចូលរៀនដោយមិនគិតថ្លៃ នៅក្នុងសាលាភាពយន្ដមួយ នៃទីក្រុងញ៉ូយក (New York Film College) ពេញមួយឆ្នាំ និងប្រាក់បៀវត្សន៍ ២ម៉ឺនដុល្លារក្នុងមួយខែ រហូតដល់១២ខែ។
បន្ថែមពីលើនេះ បវរកញ្ញាចក្រវាឡ ទទួលបានការចុះកិច្ចសន្យាជាច្រើន ពីបណ្ដាសហគ្រាសធំៗ នៅជុំវិញពិភពលោក ដែលមានតម្លៃជាទឹកប្រាក់ រាប់សិបម៉ឺនដុល្លា និងនៅមានសិទ្ធិចូលទៅរស់នៅ ក្នុងលំនៅដ្ឋានដ៏ល្អល្អះមួយ ដែលមានផ្ទៃក្រឡា ១៥០ម៉ែត្រការ៉េ ស្ថិតនៅកណ្ដាលក្រុង ញ៉ូយក នោះទៀត។ រូបខាងក្រោមនេះ ជាអាគារស្នាក់នៅនោះ មើលពីខាងក្រៅ៖
ឈ្នួលផ្ទះ... ១៣ ០០០ដុល្លារ ក្នុងមួយខែ...
ក្រៅពីការបំពាក់សម្ភារៈ និងការតុបតែង មានលក្ខណៈដ៏ទំនើបនោះហើយ លំនៅដ្ឋាននេះ ស្ថិតក្នុងអាគារមួយ ដែលនៅចំកណ្ដាលសង្កាត់ សម្រាប់អ្នកមានប្រាក់ និងនៅជាប់នឹងឧទ្យាន «Central Park» នៃទីក្រុងញ៉ូយក។ លំនៅដ្ឋានខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន បវរកញ្ញាចក្រវាឡ តែបើគេគិតពីឈ្នួលផ្ទះ សម្រាប់គេហដ្ឋានប្រភេទនេះ នៅក្នុងសង្កាត់នោះ នឹងមានតម្លៃរហូតដល់ទៅ ១៣ ០០០ដុល្លារ ក្នុងមួយខែ។
» សូមទស្សនាទិដ្ឋភាព នៅក្នុងលំនៅដ្ឋាននេះ តាមរយៈវីដេអូខាងក្រោម ដែលត្រូវបានថតឡើង ជាមួយបរវកញ្ញាចក្រវាឡឆ្នាំ២០១៦ មកពីប្រទេសហ្វីលីពីន៖
បវរកញ្ញាទាំងបីរូប ដែលមានសិទ្ធិ ចូលមករស់នៅក្នុងផ្ទះនេះ មានបវរកញ្ញាចក្រវាឡឆ្នាំ២០១៧ (កញ្ញា អ៊ីរីស មីតេណារ៉េ) បរវកញ្ញាអាមេរិកឆ្នាំ២០១៦ (កញ្ញា «Deshauna Barber») និងបវរកញ្ញាស្រស់ស្អាតអាមេរិក ឆ្នាំ២០១៦ (កញ្ញា «Karlie Hay»)។ នាងទាំងនេះ មានបន្ទប់គេង និងបន្ទប់ទឹករៀងៗខ្លួន។ ប៉ុន្តែបើទោះជារស់នៅជាមួយគ្នា ក៏ពិតមែន តែមិនប្រាកដថា អ្នកទាំងបីបានជួបមុខគ្នា ជារៀងរាល់ថ្ងៃ (ឬរាល់សប្ដាហ៍) នោះទេ ដោយហេតុថា ម្នាក់ៗមានកិច្ចការរៀងៗខ្លួន ជាពិសេសកិច្ចការ ដែលបានមកពីកិច្ចសន្យា ផ្ដល់ដោយសហគ្រាសធំៗ នៅជុំវិញពិភពលោក (ថត សម្ដែង បង្ហាញម៉ូដ...)៕