ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀមខ្លួនឲ្យហើយ តែត្រៀមធ្វើអ្វី?
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 30, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ ការបង្ហោះនូវ«ការត្រៀមខ្លួន» នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ បានធ្វើឡើង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំទៅម៉ិញមកម្លេះ។ តែដោយសារថ្ងៃនេះ ជាខួបមួយឆ្នាំ ទើបព្រះអង្គម្ចាស់យកការបង្ហោះនោះ មកចែករំលែក (Share) ឡើងវិញ នៅមុននេះបន្តិច ដោយសរសេរអមថា៖ «ត្រៀមខ្លួនឲ្យហើយ»។
ត្រៀមខ្លួនពីអ្វី និងធ្វើអ្វី? នៅក្នុងសារ ដែលព្រះអង្គបង្ហោះ តាំងពីឆ្នាំមុននោះ បានឲ្យដឹងថា៖ «ខែសីហា ឆ្នាំ២០១៨: គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្ស សង្រ្គោះជាតិ បានឈ្នេះឆ្នោតហើយ។ យើងត្រៀមធនធានមនុស្ស ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តន៍ការផ្លាស់ប្តូរ ស្របទៅតាមពាក្យសន្យា ជូនប្រជារាស្ត្រ ដែលជាម្ចាស់ឆ្នោត។»។
សារនោះ បានសរសេរបន្ត ដោយធ្វើការរៀបរាប់ ជាតួលេខឡើងថា៖
១ - រាជរដ្ឋាភិបាល: ប្រសិនបើយើងទុក ២៥ ក្រសួងដដែល ហើយយើងដាក់រដ្ឋមន្ត្រី ១ រដ្ឋលេខាធិការ ១ និង អនុរដ្ឋលេខាធិការ ១ យើងត្រូវការ ៧៥ នាក់ ។ ថែម ខុទ្ទការល័យនីមួយៗ និងអគ្គលេខាធិការដ្ឋាននីមួយៗ យើងត្រូវការធនធានយ៉ាងតិច ក៏ ៣០០ នាក់។
២ - ខេត្ត-ក្រុង: យើងត្រូវការ អភិបាលខេត្ត ១នាក់ និង អភិបាលខេត្តរង ២នាក់ សរុប ៧៥នាក់ ដែលមានឋាន: ស្មើរនឹងវរ:មន្ត្រីឡើងទៅ ហើយបានឆ្លងកាត់ សាលាភូមិន្ទរដ្ឋបាលថែមទៀត។
៣ - ស្រុក/ខ័ណ្ឌ: ប្រសិនបើយើងដាក់អភិបាលស្រុក ១នាក់ និងអភិបាលស្រុករង ២នាក់ យើងត្រូវការ ៤៨០នាក់។
៤ - មន្ទីរ ក្រសួង តាមខេត្ត: មាន ២៥ ក្រសួង ក្នុង២៥ខេត្ត-ក្រុង យើងត្រូវការធនធានមនុស្ស ៦២៥នាក់ ដែលមានឋានៈស្មើរ នឹងប្រធាននាយកដ្ឋាន។
៥ - នាយកដ្ឋានក្នុងក្រសួងនីមួយៗ: យ៉ាងតិច ៥ នាយកដ្ឋាន ក្នុងក្រសួងនីមួយៗ ស្មើរនឹងចំនួនមនុស្ស ១២៥នាក់។
ព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរនៅទីបញ្ចប់ថា៖ «សរុប(ទៅ) គណបក្សសង្រ្គោះជាតិ ត្រូវត្រៀមរៀបចំធនធានមនុស្ស យ៉ាងតិចចំនួន១៦៨០នាក់ ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរ របៀបរបបដឹកនាំជាតិ ស្របតាមពាក្យសន្យា»។
ខ្វះពាក្យ«ប្រសិនបើ»...
ប៉ុន្តែឃ្លាទាំងអស់ខាងលើនេះ ព្រះអង្គម្ចាស់ទំនង ជាភ្លេចសរសេរ ពាក្យ«ប្រសិនបើ» ពីរបីម៉ាត់នេះ នៅពីមុខពាក្យ«ឈ្នះឆ្នោត»។ ម្យ៉ាងទៀត ការលើកឡើងទាំងនេះ មិនទទួលបានការគាំទ្រ ពីប្រិយមិត្តរបស់ព្រះអង្គម្ចាស់ទាំងស្រុងទេ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះ «Sam Samuth» បានហៅការរៀបរាប់ ពីតួលេខខាងលើនេះ ថាមានលក្ខណៈ ជាការ«បញ្ឆេះ ឬញុះញង់ច្រើនជាង»។
លោក «Sam Samuth» បានសរសេរពន្យល់ ទៅព្រះអង្គម្ចាស់ថា៖ «ការផ្សព្វផ្សាយ ប្រកាសពីការរើសមុខតំណែងនេះ តំណែងនោះ ស្តាប់ទៅមិនល្អសោះ វានាំឲ្យបក្សផ្សេង គេសើចមើលងាយ ថាយើងប្រឹងធ្វើនយោបាយ ដើម្បីតែចែកតំណែងគ្នា។ បើរាស្រ្តស្តាប់មើលទៅ យល់ថាតា ធម្មិកោ មិនមានឧត្តមគតិស្មារតីតស៊ូ ដើម្បីការផ្លាស់ប្តូរ ជូនពលរដ្ឋពិតប្រាកដទេ គឺដើម្បីតែផលប្រយោជន៍ តួនាទីផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ហើយវា ក៏កាន់ធ្វើឲ្យខូចឈ្មោះគណបក្ស និងគោលការណ៍ យុទ្ធសាស្រ្តរបស់គណបក្សផងដែរ។»។
តបនឹងប្រតិកម្មរបស់លោក «Sam Samuth» ខាងលើនេះ ព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរឆ្លើយទៅវិញថា៖ «ឆ្នាំ១៩៩៣ FUNCINPEC ដាក់តែក្បាលម៉ាស៊ីន មិនបានគិតជើងក្រោម។ គ្មានជើងក្រោម យើងដើរមិនបានទេ។ យើងនឹងលើកមន្ត្រីរាជការ(ណា) ដែលបំរើជាតិ។»៕
» អានឯកសារផ្ដិតពីអេក្រង់ របស់ហ្វេសប៊ុកព្រះអង្គម្ចាស់ ធម្មិកោ សូមចុចនៅទំព័របន្ទាប់។