ភរិយាបេក្ខជន ត្រាំ វាយតម្លៃសំដីស្វាមីខ្លួន ថាទទួលយកមិនបាន
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ តុលា ២០១៦
- កែប្រែចុងក្រោយ: October 09, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បែបត្រូវដួលបះជើង មុនការប្រកួតមកដល់ហើយ សម្រាប់បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ កិច្ចសន្ទនាដ៏អាស្រូវ នៅក្នុងខ្សែវីដេអូមួយ ថតជាប់តាំងពីឆ្នាំ២០០៥ ដែលពោរពេញ ដោយពាក្យអសុរស អាសអាភាស ប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រី និងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក យកមកទម្លាយនៅពេលនេះ កំពុងរួមរិតរូបភាពរបស់លោក ហើយអាចទាញទម្លាក់លោក ឲ្យខ្ទាតចេញពីសៃវៀន ដណ្ដើមកៅអីជាប្រធានាធិបតីអាមេរិក ជាស្វ័យប្រវត្តិ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
នៅចំពោះព្យុះសង្ឃរានេះ អ្នកស្រី មេឡានី ត្រាំ (Melania Trump) ភរិយាសព្វថ្ងៃរបស់លោក ដូណាល់ ត្រាំ បានចេញមុខ មកនិយាយជំនួសស្វាមីរបស់អ្នកស្រី ដើម្បីសុំឲ្យបណ្ដាជនអាមេរិកាំង ធ្វើការអភ័យទោស ទៅដល់អ្វីដែលជាការ«ជ្រុលជ្រួស»នេះ។ អ្នកស្រីបានទទួលស្គាល់ថា សំដីរបស់លោក ត្រាំ ពិតជាមិនអាចទទួលយកបាន ហើយ«បានទៅឆ្ងាយជ្រុល»ពេកហើយ។ ប៉ុន្តែអ្នកស្រីនិយាយការពារប្ដីអ្នកស្រីថា ពាក្យសំដីទាំងនេះ មិនបានឆ្លុះបញ្ចាំងពិតប្រាកដ ពីលោក ដូណាល់ ត្រាំ នោះឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ អ្នកស្រី មេឡានី ត្រាំ បាននិយាយដូច្នេះថា៖ «ពាក្យសំដី ដែលស្វាមីខ្ញុំបានប្រើ សម្រាប់រូបខ្ញុំ វាពិតជាមិនអាចទទួលយកបាន និងបានទៅឆ្ងាយជ្រុលហួស។ ពាក្យសំដីនេះ មិនឆ្លុះបញ្ចាំងពីបុរស ដែលខ្ញុំបានស្គាល់នោះទេ។» អ្នកស្រី បានបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថាអ្នករាល់គ្នា នឹងទទួលយកការសុំទោស របស់គាត់ ដូចដែលខ្ញុំបានធ្វើរួចមកនេះ។»។
សម្រាប់បណ្ដាជនអាមេរិក ដ៏ច្រើនលើសលប់ រួមទាំងសមាជិកច្រើននាក់ នៅក្នុងគណបក្សសាធារណរដ្ឋនោះផង ពួកគេមិនអាចទទួលយកបានឡើយ នូវពាក្យសំដីទាំងនេះ។ ចំពោះអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យវិញ មិនបានទុកឱកាសនេះ ឲ្យកន្លងហួសទៅឡើយ។ ភ្លាមៗក្រោយវីដេអូដ៏អាស្រូវ ត្រូវបានផ្សព្វផ្សាយ អ្នកស្រីបានសរសេរសារដ៏ខ្លីមួយ នៅលើទំព័រទ្វីសធើរ (Twitter) របស់អ្នកស្រីថា៖ «បណ្ដាស្ត្រីទាំងឡាយ ពេលនេះអ្នកមានអំណាច ក្នុងការបញ្ឈប់លោក ត្រាំ»៕