នៅពេល ពេជ្រ ស្រស់ ប្រដូចខ្លួនទៅនឹង គីម និង ត្រាំ...
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៨
- កែប្រែចុងក្រោយ: August 14, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ចង្កៀងផ្ទះនរណា ភ្លឺផ្ទះអ្នកនោះ» ហើយលោក គីម ក៏នៅតែជាលោក គីម និងលោក ត្រាំ ក៏នៅតែជាលោក ត្រាំ ដដែលដែរ។ នេះ ជាការលើកឡើង របស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅចំពោះប្រតិកម្មរបស់មនុស្សជាច្រើន ជុំវិញការដាក់ និងការដកបណ្ដឹង ជុំវិញការកើតទុក្ខមិនសុខចិត្ត ចំពោះលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជាតិ ដែលធ្វើឡើងរវាងគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះនោះ។
លោក ពេជ្រ ស្រស់ បានប្រដូចករណីលោក ទៅនឹងលោក គីម ជុងអ៊ុន (Kim Jong-Un) អគ្គមគ្គុទេសក៍កូរ៉េកុម្មុយនីស្ដិ៍ និងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកដូច្នេះថា៖ «លោក Kim Jong Un ធ្លាប់លុបចោល គម្រោងកិច្ចការមួយចំនួន ភ្លាមៗ ហើយ Kim នៅតែជា Kim ដដែល...។ លោក Donald Trump ធ្លាប់លុបចោល គម្រោងកិច្ចការមួយចំនួន ភ្លាមៗ ហើយ Trump នៅតែជា Trump ដដែល។»។
បន្ទាប់មក ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងវាយបក ទៅកាន់ក្រុមអ្នករិះគន់ ថាកុំចេះមក «ឈឺក្បាលវិលមុខ» នឹងរឿង«គ្រួសារ»របស់លោក។ លោកថា៖ «ចំណែកខ្ញុំ គ្រាន់តែដកពាក្យបណ្តឹងរបស់ខ្ញុំ ពី គ.ជ.ប ចាំបាច់អី អស់លោកឈឺក្បាលវិលមុខ ដោយសារតែខ្ញុំនោះ ពីព្រោះថាពាក្យបណ្តឹងរបស់ខ្ញុំ គឺមិនបានឆ្លុះបញ្ចាំង ពីការចូលរួមរបស់អស់លោកនោះទេ ផ្ទុយទៅវិញ វាគឺជារឿងគ្រួសាររបស់ខ្ញុំ»។
កាលពីព្រឹកម្សិលម៉ិញ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យស្ថាប័នមួយនេះ ធ្វើការរាប់សន្លឹកឆ្នោត របស់គណបក្សយុវជនកម្ពុជា តាមមណ្ឌលឡើងវិញ ដើម្បីត្រួតពិនិត្យពីសន្លឹកឆ្នោត ដែលគណបក្សរកឃើញថា បានបាត់បង់ប្រមាណជា ៨៤សម្លេង។ ការដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងក្រោយពី គ.ជ.ប បានប្រកាសលទ្ធផល ជាបណ្ដោះអាសន្ន បានពីរថ្ងៃ។
ប៉ុន្តែ នៅប៉ុន្មានម៉ោងក្រោយមក ក្នុងថ្ងៃដដែល លោក ពេជ្រ ស្រស់ បានសម្រេចដកបណ្ដឹងនេះចេញវិញ ដោយអះអាង នៅក្នុងពាក្យសុំដកបណ្ដឹងថា បណ្ដាលមកពីបណ្ដឹងខាងលើ «មិនទាន់មានលក្ខណៈគ្រប់គ្រាន់ តាមនីតិវិធីច្បាប់» (SIC)។ នៅក្នុងបទសម្ភាស ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រធានគណបក្សរូបនេះ បានអះអាងបន្ថែមថា ការសម្រេចដកពាក្យបណ្តឹងនេះ គឺដើម្បីដកឃ្លាមួយរយៈ និងរៀបចំពាក្យបណ្តឹងមក គ.ជ.ប ម្តងទៀត ដោយភ្ជាប់មកជាមួយ នឹងឯកសារឱ្យបានគ្រប់គ្រាន់ ទើបធ្វើឱ្យបណ្តឹងរបស់លោក កាន់តែមានទម្ងន់។
តែមកដល់ម៉ោងនេះ នៃថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ គេនៅមិនទាន់ឃើញលោក ពេជ្រ ស្រស់ និងគណបក្សយុវជនកម្ពុជារបស់លោក នឹងដាក់បណ្ដឹងនោះយ៉ាងដូចម្ដេច ឬនៅពេលណានៅឡើយ ខណៈ គ.ជ.ប ទុកពេលត្រឹមតែ ៧២ម៉ោងប៉ុណ្ណោះ ដើម្បីប្ដឹងទាស់ នឹងលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត រាប់ចាប់ពីថ្ងៃទី ១១ ខែសីហានោះមក។ រីឯលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនវិញ បានអះអាងកាលពីព្រឹកម៉ិញថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិ នឹងត្រូវ គ.ជ.ប ប្រកាសជាផ្លូវការ នៅថ្ងៃស្អែក ទី១៥ ខែសីហា ឆ្នាំ២០១៨៕