ហ៊ុន សែន៖ «មាន​តែ​កម្ពុជា​ទេ ទើប​អាច​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន»

លោក ហ៊ុន សែន លើកឡើងជាថ្មីថា ការចេញទៅបោះឆ្នោត ក្នុងតួលេខដល់ទៅជាង ៨៣%នេះ ជាការបង្ហាញពិភពលោក ពីការកំណត់ជោគវាសនា ប្រទេសជាតិ ដោយប្រជាជនកម្ពុជាខ្លួនឯង។ តែតួលេខ នៃការចេញទៅបោះឆ្នោតនេះ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត បានរងការរិះគន់ថា ពោរពេញដោយការបំប៉ោង។
ហ៊ុន សែន៖ «មាន​តែ​កម្ពុជា​ទេ ទើប​អាច​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន»
លោក ហ៊ុន សែន (រូបថតអង្គុយនឹងកៅអី) ជាមួយកូនប្រុសស្រីរបស់លោក។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 14, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន ដែលកាន់អំណាច ជាង៣០ឆ្នាំ នៅកម្ពុជា បានចេញមុខមកការពារ លទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ជាថ្មីទៀត ដោយហៅការបោះឆ្នោតមួយនេះ ថាជាការបង្ហាញ ឲ្យពិភពលោកឃើញច្បាស់ ពីការកំណត់ជោគវាសនាប្រទេសជាតិ ពីសំណាក់ប្រជាជនកម្ពុជាផ្ទាល់។

បុរសខ្លាំងកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីពេលមុនបន្តិចថា៖ «បើតាមការប្រកាស ពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែក ទី១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការ អំពីការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាល ទី៦ (២០១៨-២០២៣)»។

លោកបន្តថា៖ «ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញ ឲ្យពិភពលោកបានឃើញច្បាស់ថា ប្រជាពលរដ្ឋ (83.02%) បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាចយល់ច្បាស់ អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង»។

លទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាស ដោយ គ.ជ.ប កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញពីជ័យជំនះសឹងតែទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសម្លេងគាំទ្រ រហូតដល់ទៅចំនួន ៤ ៨៨៩ ១១៣ សម្លេង ពីក្នុងចំណោម​ អ្នកចូលរួម​បោះឆ្នោត ៦,៩៥៦,៩០០​នាក់ ដែល​ស្មើនឹង ៨៣,០២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​។

បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សម្លេងឆ្នោត​គាំទ្រ ​ចំនួន ៣៧៤ ៥១០ ​សម្លេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សម្លេងឆ្នោត​គាំទ្រ ​ចំនួន ៣០៩ ៣៦៤ ​សម្លេង​។​ ប៉ុន្តែសម្លេងឆ្នោតគាំទ្រ របស់គណបក្សពីរក្រោយនេះ ទំនងជាមិនអាច​ទទួលបានអសនៈ នៅក្នុងរដ្ឋសភានីតិកាលថ្មីនោះឡើយ ហើយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន អាចនឹងទទួលបានអសនៈ ទាំង១២៥ លើ១២៥ តែម្ដង។

សម្រាប់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានពន្យល់ថា តួលេខនៃការចេញទៅបោះឆ្នោត ជាការបំប៉ោង ដោយគួរឲ្យអស់សំណើច ខណៈការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះ គ្រាន់តែជាល្បិច របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅច្បាមយកអំណាច បន្តដឹកនាំប្រទេស ដោយខុសច្បាប់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ មេដឹកនាំប្រឆាំងបានពន្យល់ថា ជ័យជំនះ១០០% របស់គណបក្សប្រជាជនកម្ពុជា បែរជាបង្ហាញ​យ៉ាងច្បាស់ទៅវិញថា មានតែគណបក្សសង្គ្រោះជាតិ​តែមួយគត់ ដែលអាចជាគូប្រជែង ទល់នឹងគណបក្សកាន់អំណាចសព្វថ្ងៃ។

ការបោះឆ្នោតជាតិ នីតិកាលទី៦នេះ បានរងការរិះគន់​យ៉ាងធ្ងន់ធ្ងរ ពីបណ្ដាមតិជាតិមួយភាគ និងពីសហគមន៍អន្តរជាតិ ជាពិសេសពីបណ្ដាប្រទេសធំៗ ដែលសុទ្ធសឹង ជាប្រទេសប្រជាធិបតេយ្យ នៅលើពិភពលោក។ ក្រុមប្រទេសទាំងនោះ បានចាត់ទុកការបោះឆ្នោតមួយនេះ មិនសេរី យុត្តិធម៌ ដែលឈានទៅមិនអាចទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយចោល - ប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ បូកផ្សំនឹងលំហសម្រាប់ ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរឹតត្បិតថែមទៀតនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...