ជុំវិញការបើកកញ្ចប់សុវត្តិភាព«ក»ដើម្បីផ្ទៀងផ្ទាត់៖ គ.ជ.ប បង្កភាពមន្ទិល?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដែលរៀបចំដោយគ.ជ.ប បានបញ្ចប់ ស្របពេលជាមួយគ្នានេះ គ.ជ.ប ក៏បានទទួលរងនូវការរិះគន់ជាច្រើន នូវភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនាពេលនោះ។ ជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិលមួយចំនួន ភាគីម្ចាស់ឆ្នោត ក៏ដូចជាពីគណបក្សប្រឆាំង ក៏បានទទូចស្នើរសុំឲ្យ គ.ជ.ប បើកនូវកញ្ចាប់សុវត្តិភាព«ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់ ជាមួយនិងលិខិតផ្សេងៗទៀត ដែលអ្នកសង្កេតការជាតិ និងអន្តរជាតិ ក៏ដូចជាតំណាងគណបក្សនយោបាយ ទទួលបានអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ពីឆ្វេងមកស្តាំ លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងសិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៣ ដើម្បីបកអាក្រាតពីភាពមិនប្រក្រតី នៃការបោះឆ្នោត។ (រូបថត MONOROOM.info/ O. Vary)
ភាពមិនប្រក្រតី ដែលឈានទៅដល់«ការលួចសន្លឹកឆ្នោត»
ក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ កញ្ញា គង់ រ៉ាវីន តំណាងឲ្យអង្គការខុមហ្រេ្វល ដែលធ្វើការពាក់ព័ន្ធនិងការបោះឆ្នោតនេះ បានលើកឡើងថា ទាំងអង្គការខុមហ្រេ្វល ទាំងបន្ទប់ស្ថានការបោះឆ្នោតដែលមានអង្គការសមាគមន៍ចំនួនសែសិបចូលរូម បានរកឃើញនូវភាពមិនប្រក្រតីមួយចំនួន។ កញ្ញាបន្តរថា ជាក់ស្តែងកាលពីថ្ងៃទី១៥ និង១៦ ខែសីហា អង្គការខុមហ្រ្វេលបាន រកឃើញនូវភាពមិនប្រក្រតីផ្នែកបចេ្ចកទេសជាបថមលើខេត្តចំនួនបួន សៀមរាប បាត់ដំបង កណ្តាល និងក្រចេះ ដែលទាក់ទងទៅនឹងលទ្ធផលបោះឆ្នោត ក្នុងទម្រង់ ១១០២ - ១១០៤ នៅតាមការិយាល័យបោះឆ្នោត។ កញ្ញាបានបញ្ជាក់ថា «ការផ្ទៀងផ្ទាត់លើទម្រង់ ១១០២ - ១១០៤ នឹងមិនអាចសន្និដ្ឋានពីកំរិតភាពនៃភាពមិនប្រក្រតីបាននោះទេ ប្រសិនណាបើគ.ជ.ប មិនព្រមបើកនូវកញ្ចប់សុវត្តិភាព«ក»នោះ។
កញ្ញាបានបង្ហាញពីភាពមិនប្រក្រតីទាំងនោះថា «ក្នុងទម្រង់១១០៤ ដែលខុមហ្រ្វេលបានទទួលនោះ គណបក្សតូចៗមិនមានលទ្ធផលឆ្នោតនោះទេ តែទម្រង់១១០២ បង្ហាញដោយគ.ជ.ប បែរជាគណបក្សតូចៗមានទៅវិញ និងក៏មានពាក់ព័ន្ធជាមួយសន្លឹកឆ្នោតបានការ និងមិនបានការ។ ក្នុងទម្រង់១១០២ដដែល មានឃើញមានការលប់ទឹកលប់ (វាអាចកែបាន)។ ចំពោះទម្រង់១១០៤ ភាគច្រើនសរសេរដោយដៃតែមួយ ដែលក្នុងមួយការិយាល័យត្រូវមានលេខាធិការម្នាក់ ដូច្នេះការិយាល័យទាំងអស់មានលេខាផ្សេងគ្នា អក្សរក៏ត្រូវតែផ្សេងគ្នាដែរ។»
អ្នកស្រាវជ្រាវឯករាជ្យផ្នែកការបោះឆ្នោតនៅកម្ពុជា មកពីប្រទេសជប៉ុន លោកសាស្ត្រចា្យ ហារ៉ាដា ស៊ីរ៉ូ (Harada Shiro) ក៏បានបញ្ជាក់ដែរ ពីករណីដែលពាក់ព័ន្ធនឹងខេត្តទាំងបួនខាងលើ ឃើញថាពិតជាមានភាពខុសប្លែកច្រើន។ លោកបន្តរថា ពិសេសនៅខេត្តកណ្តាលពាក់ព័ន្ធនឹងសម្លេងឆ្នោត ដែលត្រូវទទួលបានកៅអីក្នុងមណ្ឌលនោះ បើគណបក្សសង្គ្រោះជាតិ ទទួលបាន១៦៦សម្លេងទៀតនោះ នឹងកើនបានមួយកៅអីទៀត ប៉ុន្តែបើគណបក្សប្រជាជនកម្ពុជា បាត់សម្លេងត្រឹមតែ១១៩សម្លេងនោះ គណបក្សសង្គ្រោះជាតិក៏នឹងទទួលបានកៅអីមួយដែរ ស្របតាមរូបមន្តដែលបានប្រើប្រាស់។
សាស្ត្រចា្យរូបនេះបញ្ជាក់ថា «ដូច្នេះត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកសង្កេតការណ៍ ក៏ដូចជាគណបក្សអាចទទួលយកបាន ត្រូវតែពិនិត្យក្នុងការប្រៀបធៀប ក្នុងការប្រៀបធៀបរវាងលទ្ធផល ដែលមានក្នុងឯកសារ១១០២ និង១១០៤ ដែលចាំបាត់ត្រូវតែ គ.ជ.ប ជាអ្នកធ្វើ។ (...) ត្រូវបង្ហាញឯកសារដើម ឯកសារទាំងឡាយដែលពាក់ព័ន្ធកុំលាក់លៀម។ ខេត្តកណ្តាលនេះ ជាឧទាហរណ៍សម្រាប់ការចាប់ផ្តើម ប៉ុណ្ណោះ (វា)អាចមាននៅតាមបណ្តាខេត្តជាច្រើនទៀត។»
គួរបង្កើតគណកម្មការស៊ើបអង្កេតឯករាជ្យមួយ
ក្នុងវត្តមានជាមួយគ្នានេះលោក សម រង្ស៊ី ប្រធាបគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់គណបក្សប្រជាជនកម្ពុជា បន្តការចរចារឡើងវិញ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកបញ្ជាក់ថា ភាពមិនប្រក្រតីទាំងអស់នេះហើយ ដែលជាមូលហេតុតានតឹងផ្នែកនយោបាយ ហើយ(វា)តែងតែកើតមានជានិច្ចកាល ក្រោយការបោះឆ្នោតនៅកម្ពុជានោះ។ លោកនៅតែបន្តរឲ្យមានការបង្កើត គណកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីធ្វើការស្រាវជ្រាវរាល់ភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយក៏ស្នើដល់ គ.ជ.ប ឲ្យបើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់ភាពមិនប្រក្រតី នៃទម្រង់បែបបទលេខ១១០៤ ជាមួយនឹងទម្រង់បែបបទលេខ១១០២ និង១១០៨ ដែលមានភាពភាពមិនប្រក្រតី។
នៅព្រឹកថ្ងៃអាទិត្យនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចសុំប្រតិកម្មពីលោក ទេព នីថា អគ្គលេខា គ.ជ.ប បានទេ ដោយពុំមានអ្នកទទួលទូរស័ព្ទ។ តាមការសាកសួរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៧ លោក ទេព នីថាបានបញ្ជាក់ថា ពាក្យបណ្តឹងរបស់គណបក្សនយោបាយ ទាំងនេះត្រូវបានបញ្ចប់ហើយនៅ គ.ជ.ប ។ តួនាទីជាបន្តរ គឺក្រុមប្រឹក្សាធម្មនុញ្ញ អាចធ្វើការដោះស្រាយនៅក្នុងរយៈពេល ១០-២០ថ្ងៃ។ «ឥឡូវនេះ ខាង គ.ជ.ប បានដោះស្រាយពាក្យបណ្ដឹងទៅតាមសមត្ថកិច្ច និងពេលវេលារបស់ខ្លួនហើយ។ ហើយចំពោះមុខ គ.ជ.ប ត្រៀមខ្លួនអនុវត្តទៅតាមការសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ»។
ប្រតិកម្មរបស់សង្គមស៊ីវិល
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែសីហានេះដែរ ក៏បានចេញថ្លែងការណ៍ បង្ហាញនូវក្ដីព្រួយបារម្ភចំពោះវិធីសាស្ត្រដែល គ.ជ.ប ប្រើក្នុងការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ហើយបានចាត់ទុកថាការដោះស្រាយដោយ គ.ជ.ប មានកង្វះខាតផ្នែកតម្លាភាព ព្រោះតែមិន នូវកញ្ចប់សុវត្ថិភាព «ក» ជាសាធារណៈនោះ។ តាមសម្រង់សេចក្តីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ បង្ហាញថា ការបដិសេធ ក្នុងការបើកកញ្ចប់សុវត្ថិភាព«ក» ដោយ គ.ជ.ប បនេះ(វា)មិនអាចបង្ហាញនូវទម្រង់ដើមសម្រាប់ការអង្កេត និងផ្ទៀងផ្ទាត់លើតួលេខដែល គ.ជ.ប រៀបចំឡើង។
ក្នុងកិច្ចសម្ភាសទស្សនាមនោរម្យព័ងអាំងហ្វូ ជាមួយនាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឺមអេង ក៏បានគាំទ្រដែរ ឲ្យមានការបើកនូវកញ្ចប់សុវត្តិភាព«ក» ដោយលោកយល់ថានេះក៏ជាដំណោះស្រាយមួយទៅតាមបទបញ្ជា និងនីតិវិធីដែលមានស្រាប់ដែរ។ លោកបានបង្ហាញថា កញ្ចប់សុវត្ថិភាព«ក» ផ្ទុកទៅដោយសំណៅឯកសារដើម ដែលមានចុះហត្ថលេខារបស់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍។ «គ.ជ.ប ត្រូវតែបង្ហាញ និងដាក់ឲ្យមើលជាសាធារណៈ» នេះជាសេចក្ដីបញ្ជាក់របស់លោក យ៉ង់ គឹមអេង។
សូមជម្រាបថាក្នុងសិក្ខាសាលានៃគណបក្សសង្គ្រោះជាតិ បានបង្ហាញថា គណបក្សមួយនេះអាចនឹងត្រូវទទួលបានមួយកៅអីទៀត ក្នុងមណ្ឌលខេត្តកណ្តាល។ ក្រៅពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប នៅឯក្រោមទីស្នាក់ការវិញ ក៏មានសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាដើម្បីចាំទទួលលទ្ធផលក្រោយពីបញ្ចប់សិក្ខាសាលានេះ។
សូមបញ្ជាក់ថា កញ្ចប់សុវត្ថិភាព«ក» ជាកញ្ចប់ដែលរក្សាទុកនូវឯកសារសំណៅដើម ក្នុងការិយាល័យនីមួយៗ ក្រោយពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងកញ្ចប់សុវត្ថិភាព«ក» នោះរួមមាន ទម្រង់បែបបទលេខ ១១០១,១១០២, និង១១០៨, បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត, ត្រាសម្ងាត់, សន្លឹកឆ្នោតខូច, សន្លឹកឆ្នោតមិនបានការ, សន្លឹកឆ្នោតបានការ, គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសម្លេងឆ្នោត។
រីឯ ទម្រង់បែបបទលេខ «១១០១» ជាកំណត់ហេតុនៃការបោះឆ្នោត។ ទម្រង់បែបបទ «១១០២» ជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។ ទម្រង់បែបបទ«១១០៨» ជាតារាងកត់ត្រាសម្លេងឆ្នោត តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ទម្រង់បែបបទលេខ «១១០៤» ជាក្រដាសលទ្ធផលបឋម នៃការបោះឆ្នោតតាមការិយាល័យនីមួយៗ និងរាប់សន្លឹកឆ្នោត៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ