បក្សប្រឆាំងកម្ពុជា ស្នើរបបយោធាថៃអនុគ្រោះដល់ពលករខ្មែរ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្លើយតបនឹងយុទ្ធនាការបោសសំអាត កម្មករខុសច្បាប់ នៅប្រទេសថៃ គណបក្សប្រឆាំងកម្ពុជា បានអះអាងថានឹងធ្វើការស្នើជាផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះ ដល់របបយោធាថ្មី កំពុងគ្រប់គ្រងអំណាចនៅប្រទេសថៃ គម្បីអនុគ្រោះដល់ពលករកម្ពុជា ផ្អែកលើគោលការណ៍មនុស្សធម៌។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
ការងារ- ដោយសំអាងថា ជាថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខពលករកម្ពុជា ដែលទើបបញ្ជូនត្រលប់ពីប្រទេសថៃ បានថ្លែងថាគណបក្សសង្រ្គោះជាតិ នឹងផ្ញើលិខិតជាផ្លូវការទៅកាន់ប្រមុខដឹកនាំយោធាថៃ ដើម្បីសុំការយោគយល់ និងសម្តែងធម៌មេត្តាដល់ពលករចំណាកស្រុកកម្ពុជា។
លោកសម រង្ស៊ី បញ្ជាក់ថា៖ « ថ្ងៃនេះខ្ញុំនឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តីថៃ បា្រយុទ ចាន់អ៊ូចារ ប្រមុខដឹកនាំយោធាថៃ សុំការយោគយល់។ (...) ប្រទេសថៃ និងកម្ពុជា ជាប្រទេសជាមិត្ត ជនជាតិខ្មែរ និងថៃដូចបងប្អូន បងប្អូនកុំធ្វើបាបគ្នា។ ចង់ឲ្យប្រទេសយើងមានទំនាក់ទំនងល្អទៅថ្ងៃក្រោយ ត្រូវចេះគោរពប្រជាពលរដ្ឋ ប្រទេសមួយទៀតដែលរស់នៅប្រទេសយើង។ជនជាតិថៃនៅប្រទេសយើង យើងក៏ចេះគោរព ចេះមើលខុសត្រូវ។ យើងត្រូវចេះពឹងពាក់គ្នា អនុវត្តគោលការណ៍មនុស្សធម៌។»
ក្នុងឱកាសធ្វើសន្និសីទការសែទ នៅទីស្នាក់ការកណ្តាលគណបក្ស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះ ប្រមុខគណបក្សប្រឆាំងកម្ពុជាលោក សម រង្ស៊ី បានឆ្លៀតឱកាសវាយប្រហាររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបរាជ័យក្នុងការដឹកនាំវិស័យសេដ្ឋកិច្ចកម្ពុជា ទើបជំរុញឲ្យមានពលករចំណាកស្រុករាប់សែននាក់។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «បើពលករមានការងារ គេមិនចាកចេញទេ»។
គិតត្រឹមថ្ងៃនេះ ពលករខុសច្បាប់កម្ពុជារាប់សិបពាន់នាក់ ត្រូវបានសមត្ថកិច្ចថៃ ក្រោមរបបដឹកនាំយោធាថ្មី ដឹចេញពីប្រទេសថៃ មកទម្លាក់ចោលនៅព្រំដែនកម្ពុជាថៃ ជាបន្តបន្ទាប់។ កម្មករសំណង់មួយរូបឈ្មោះ កើត ហួន វ័យជាង៣០ឆ្នាំ ដែលទើបត្រលប់ពីប្រទេសថៃ មកដល់រាជធានីភ្នំពេញ បាននិយាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនទាន់ដឹងថាធ្វើអ្វីបន្ត នៅកម្ពុជាទេ។ កម្មករខុសច្បាប់ដដែលនេះ បញ្ជាក់ថា៖ «អត់នៅទេ ចេញមកខ្លួនឯង ខ្លាចគេចាប់ គេធ្វើបាប។ ខ្ញុំមិនបានឃើញ ការប្រើអំពើហិង្សា តែគេរិតបន្តឹងខ្លាំង។»
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជា ត្រូវគេសង្កេតឃើញថា បានចាត់វិធានការរួចហើយ តាមរយៈលោក អ៊ឹង ស៊ាន ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ បានស្នើឲ្យភាគីថៃ អនុវត្តការបញ្ជូនពលករខែ្មរ ដែលចូលធ្វើការខុសច្បាប់ក្នុងប្រទេសថៃ មកកម្ពុជាវិញ តាមគោលការណ៍មនុស្សធម៌។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានបញ្ជាដល់ក្រសួងការពារជាតិ ចេញរថយន្តយោធា១៥០គ្រឿង ជួយអន្តរាគមន៍ទទួលដឹក ពលករកម្ពុជានៅព្រំដែន វិលទៅកាន់ស្រុកំណើតវិញផងដែរ៕