សុខ ទូច៖ រាស្រ្តត្រូវចេះធ្វើជាម្ចាស់ប្រទេស កុំធ្វើជា«ខ្ញុំ»អ្នកនយោបាយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដើម្បីឱ្យអ្នកនយោបាយនៅក្រោមគំនាបប្រជាជនវិញ សូមឱ្យប្រជាពលរដ្ឋឈរនៅកណ្តាល កុំឈរនៅបក្សណាមួយ» នេះជាការលើឡើងរបស់លោកបណ្ឌិត សុខ ទូច ដែលវាចំណុចគន្លឹះ ដើម្បីឱ្យអ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហា។
លោកបណ្ឌិត សុខ ទូច។ (រូបថត ហ្វេសប៊ុក)
អំណាចពលរដ្ឋ - សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាខេមរៈ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិតសុខ ទូចបានលើកឡើង ស្របពេលដែលគណបក្សជាប់ឆ្នោតទាំងពីរ មិនទាន់ព្រមព្រៀងគ្នានៅឡើយ លោកបានផ្តល់អនុសាសន៍ថា ប្រជាជនគួរតែតាំងនៅជំហរកណ្តាល មិនចំណុះក្រោមបក្សនយោបាយណាមួយ ដើម្បីដាក់គំនាបដល់អ្នកនយោបាយ។
ការលើកឡើង របស់សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈរូបនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ក្នុងកម្មវិធីវេទិកាបណ្ឌិតចំហរស្តីពី របត់នយោបាយថ្មីនៅកម្ពុជា នៅសាកលវិទ្យល័យខេមរៈ។ លោកបណ្ឌិត សុខ ទូច បន្តថា អ្នកនយោបាយទោះខ្លាំងប៉ុណ្ណា ក៏នៅតែខ្លាចអំណាចរាស្រ្ត បើប្រជាជនតែមួយលាននាក់ ស្រែកតែម្នាក់មួយម៉ាត់គាត់នឹងមានអារម្មណ៍ភ័យហើយ អ្នកនយោបាយមិនមែនគាត់ឈ្នះ ដោយសារគ្នាគាត់តែប៉ុន្មាននាក់ហ្នឹងទេ គឺឈ្នះដោយសារកម្លាំងរបស់ប្រជាជន។
លោកថ្លែងបន្តថា នៅពេលដែលជាប់ឆ្នោតទាំងពីរ គណបក្សប្រជាជនក៏ភ័យ គណបក្សសង្រ្គោះជាតិក៏ភ័យ គាត់នឹងចាប់ផ្តើមរកចំណុចជាប់គាំងឃើញ ហើយចាប់ផ្តើមរកគន្លឹះដោះស្រាយបញ្ហាជាប់គាំងនយោបាយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឈរនៅខាងគណបក្ស នៅពេលណាសន្លឹកឆ្នោតមិនទាន់ទម្លាក់ចូល ពេលណាសន្លឹកឆ្នោតទម្លាក់ចូលហើយ យើងឈប់ឈរនៅជាមួយគណបក្ស យើងទៅឈរជាម្ចាស់អំណាច (តែ)សព្វថ្ងៃនេះយើងជា"ខ្ញុំ"អំណាច»។
ថ្លែងនៅមុខលោក យ៉ែម បុញ្ញប្ញទ្ធិ ផ្ទាល់ ដែលជាមន្ត្រីជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិ លោកបណ្ឌិត សុខ ទូច បានធ្វើការ រិះគន់ចំៗទៅលើគណបក្សជាប់ឆ្នោតទាំងពីរថា«អន់» មានជំហរមិនច្បាស់លាស់ មិនអាចដោះស្រាយបញ្ហាជាប់គាំងបាន និងបន្តធ្វើឱ្យកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាជួបបញ្ហា ខាតបង់ថវិការ និងការរកស៊ីផ្សេងៗ។
អ្នកវិភាគសង្គមរូបនេះ បានអះអាងថា ដើម្បីឱ្យអ្នកនយោបាយទទួលខុសត្រូវ នូវទង្វើដែលខ្លួនបានប្រព្រឹត្ត គឺមានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច មិនមែនតុលាការ ឬក៏ក្រុមប្រឹក្សាធម្មនុញ្ញទៀតទេ ប្រជាជនគួរឈរនៅមួយចំហៀងប្រាប់ដល់អ្នកនយោបាយ ពីកត្តាចិត្តសាស្រ្ត សេដ្ឋកិច្ច នយោបាយ និងផលចំណេញរបស់ជាតិ៕