អ្នកវិភាគ៖ បន្ថែម​ការ​ស្មឹង​ស្មាធ​​ក្នុង​បាតុកម្ម ជា​ការ​«បន្ទន់​ឥរិយាបថ»​របស់​បក្ស​ប្រឆាំង

គណបក្សសង្គ្រោះជាតិ បានប្រកាសពីគោលជំហររបស់គណបក្សខ្លួនថា នឹងគោរពដង្ហែតាម ព្រះរាជតម្រិះ និងរាជសារ​របស់ព្រះមហាក្សត្រ កាលពីពេលកន្លងទៅ ដែលមានខ្លឹមសារឲ្យគណបក្សធំៗទាំងពីរ ដោះស្រាយនូវបញ្ហា​បោះឆ្នោត​ដោយភាពស្ងាត់ស្ងៀម និងសេចក្តីថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ ទាក់ទងនឹងគម្រោងធ្វើមហាបាតុកម្ម​របស់គណបក្សប្រឆាំង ត្រូវបានលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើជាលក្ខណស្ងប់ស្ញាត់ ក្នុងស្មារតីដើម្បីសន្តិភាព។ ជំហរនេះ ត្រូវបានលោក ឈាង វុន ស្វាគមន៍ ហើយលោក កែម ឡី និយាយថា ជាជំហានមួយទៀត ក្នុងការបន្ទន់ឥរិយាបថ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្គ្រោះជាតិ បានប្រកាសពីគោលជំហររបស់គណបក្សខ្លួនថា នឹងគោរពដង្ហែតាម ព្រះរាជតម្រិះ និងរាជសារ​របស់ព្រះមហាក្សត្រ កាលពីពេលកន្លងទៅ ដែលមានខ្លឹមសារឲ្យគណបក្សធំៗទាំងពីរ ដោះស្រាយនូវបញ្ហា​បោះឆ្នោត​ដោយភាពស្ងាត់ស្ងៀម និងសេចក្តីថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ ទាក់ទងនឹងគម្រោងធ្វើមហាបាតុកម្ម​របស់គណបក្សប្រឆាំង ត្រូវបានលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើជាលក្ខណស្ងប់ស្ញាត់ ក្នុងស្មារតីដើម្បីសន្តិភាព។ ជំហរនេះ ត្រូវបានលោក ឈាង វុន ស្វាគមន៍ ហើយលោក កែម ឡី និយាយថា ជាជំហានមួយទៀត ក្នុងការបន្ទន់ឥរិយាបថ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដែលស្ថិតនៅចាក់អង្រែលើ ស្តីពីគោលជំហរ​ចុង​ក្រោយរបស់គណបក្សសង្រ្គោះជាតិ ពាក់ពន្ធនឹងការធ្វើមហាបាតុកម្មនៅថ្ងៃទី ៧ ខែកញ្ញា នាថ្ងៃច័ន្ទទី០២ ខែកញ្ញានេះ ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា មន្រ្តីគណបក្សសង្រ្គោះជាតិបាន​ពិចារណាទៅលើខ្លឹមសារ​ព្រះរាជសាររបស់ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលចេញព្រះរាជសារចំនួន២ កាលពី ខែសីហាកន្លងទៅ ដោយសម្រេចគោរពនិងដង្ហែ ទៅតាមព្រះរាជសាររបស់ព្រះអង្គទាំងស្រុង ក្នុងការដោះស្រាយ នូវបញ្ហា​ប្រទេសជាតិដោយសន្តិវិធី និងសេចក្តីថ្លៃថ្នូរ។

នៅក្នុងន័យនេះ លោកប្រមុខដឹកនាំបក្សប្រឆាំងកម្ពុជារូបនេះ បានបញ្ជាក់ថា មហាបាតុកម្មអហិង្សារបស់គណបក្ស​សង្រ្គោះ​ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែ កញ្ញា ខាងមុខនោះ នឹងធ្វើ​ឡើងនៅទូទាំងប្រទេសកម្ពុជាតែម្តង ក៏ប៉ុន្តែ​ការ​ធ្វើមហាបាតុកម្មនោះ ត្រូវធ្វើឡើងក្នុងស្មារតីស្ញប់ស្ញាត់ ស្មឹងស្មាថ និងសេចក្តីថ្លៃថ្នូរ ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព​នៅក្នុងប្រទេសប៉ុណ្ណោះ ដោយជៀសវាងនូវការបង្ករភាពចលាចលនានា។ លោក សម រង្ស៊ី បានជឿជាក់ថា ការធ្វើមហា​បាតុកម្មអហិង្សានោះ នឹងមិនមានបញ្ហាចលាចល អំពើហិង្សា ឬបញ្ហា​អសន្តិសុខ​សណ្តាប់ធ្នាប់នៅក្នុងប្រទេស​កើតឡើង​នោះទេ ដោយលោកអំពាវនាវឲ្យអ្នកចូលរួម​ទាំងអស់ធ្វើសច្ចា​ប្រណិធាន​ នៅក្នុងអំឡុងពេលធ្វើបាតុកម្ម ត្រូវតែគោរព​ជា​ដាច់ខាត នូវក្រមសីលធម៌ដែលចេញដោយគណបក្សសង្រ្គោះជាតិ។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌នោះដែរថា មហាបាតុកម្មនោះ​នឹង​ធ្វើឡើងដូចការគ្រោងទុក គឺនៅថ្ងៃទី ០៧ ខែកញ្ញា ពោលគឺមុន ពេលប្រកាសលទ្ធលបោះឆ្នោតជាផ្លូវការមួយថ្ងៃ។ ពិធីនេះ នឹងចាប់ផ្តើមពីម៉ោង ៨:០០ ដល់ ម៉ោង១១: ០០ គឺធ្វើឡើងក្នុងរយៈពេលតែ ៣ ម៉ោងប៉ុណ្ណោះ។ លោក កឹម សុខា បាន​បញ្ជាក់ជំហរថា ប្រសិនបើការធ្វើមហាបាតុកម្មអហិង្សានេះ មិនទទួលបាននូវដំណោះស្រាយណាមួយ ដូចការទាមទារ​របស់​គណបក្សសង្រោះជាតិ ដែលចង់ឲ្យរកយុត្តិធម៌ជូនពលរដ្ឋ ទាក់ទងនឹងភាពមិនប្រក្រតីពេលបោះឆ្នោតទេនោះ គណបក្ស​សង្រ្គោះជាតិ នឹងបន្តទាមទារធ្វើបាតុកម្មបន្តទៀត។

បើទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៥ បានកន្លងទៅអស់រយៈពេលជាងមួយខែហើយក្តី ក៏មក​ទល់ពេលនេះ ស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជានៅតែមិន ទាន់ចុះកម្តៅដដែល។ មិនទាន់ចុះកម្តៅដោយសារ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបដិសេធមិនទទួលស្គាល់​លទ្ធផលបណ្តោះ​អាសន្ន ដែលប្រកាសដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ១២ ខែ សីហាកន្លងទៅ ថាមាន​ភាព​មិនប្រក្រតីច្រើន ដោយសារតែគ.ជ.ប គ្មានភាពឯករាជ្យ មាននិន្នាការគំាទ្របក្សប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត ការ​គម្រាមធ្វើបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ត្រូវបានរដ្ឋាភិបាល​មាន​ការ​ព្រួយបារម្ភយ៉ាងខ្លាំង ដោយ ដាក់ពង្រាយកម្លាំងទ័ព រដ្ឋពាសដែក ដើម្បីត្រៀមទប់ទល់នឹងមហាបាតុកម្ម​របស់គណបក្ស​នេះ។

យ៉ាងណាក៏ដោយការប្រកាសជំហរចុងក្រោយ ក្នុងការធ្វើមហាបាតុកម្មរបសគណបក្សង្គ្រោះ ជាតិ ដែលធ្វើឡើងដោយ​សន្តិវិធី ស្មឹងស្មាថ និងដើម្បីបួងសួងសុំសេចក្តីសុខ នៅថ្ងៃ ច័ន្ទនេះ ទំនងជាអាចធ្វើឲ្យកំសួលនយោបាយនៅកម្ពុជា មាន​ភាពទន់ភ្លន់ប្រសើរជាងមុន។

លោក ឈាង វុន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោកសូមស្វាគមន៍ ចំពោះគោលជំហរ​របស់​គណបក្សសង្រ្គោះជាតិបែបនេះ។ លោកថា គណបក្សទំាងពីរ ប្រសិនបើយកផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេស​ជាតិជាធំ ត្រូវតែអនុវត្តនិងគោរពតាមព្រះរាជ តម្រិះព្រះរាជសាររបស់ព្រះមហាក្សត្រ។ តែយ៉ាងណាក៏ដោយ លោក ឈាង វុន បានបញ្ជាក់ថា ការធ្វើមហាបាតុកម្មអហិង្សាមានការសមាធិ បួងសួងសុំសេចក្តីសុខរបស់គណបក្សប្រឆាំង សម្រាប់​បរិបទប្រទេសកម្ពុជាបច្ចុប្បន្ននេះ វាមិនមែនជាការសមស្របទេ ដោយលោកស្នើឲ្យគណបក្សប្រឆំាង ទទួលយកនូវ​លទ្ធផល​របស់ខ្លួន ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីពេលកន្លងទៅ។

អ្នកវិភាគស្ថានការណ៍សង្គមនៅកម្ពុជា លោកបណ្ឌិត កែម ឡី យល់ឃើញថា ការប្រកាសពីគោលជំហរ​របស់គណបក្ស​សង្រ្គោះជាតិបែបនេះ វាមានលក្ខណៈបន្ទន់ឥរិយាបថនយោបាយបន្តិច។ ក៏ប៉ុន្តែលោកថា ប្រសិនបើគណបក្ស​ប្រឆំាង​ទន់​ភ្លន់តែម្ខាង តែគណបក្សប្រជាជនមិន នៅតែរឹងរូសមិនបន្ទន់ឥរិយាបថដដែល នោះស្ថានការណ៍នយោបាយ​នៅកម្ពុជា​ពិតជាមិនអាច រកច្រកឃើញនោះទេ។

អ្នកឃ្លាំមើលស្ថានការណ៍សង្គមរូបនេះ បានបន្តថា គម្រោងធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើ​ឡើងក្នុងស្មារតីស្មឹងស្មាថ បួង សួងសុំសន្តិភាពនេះ ប្រសិនបើធ្វើបានមែននោះ វាគឺជាសកម្មភាពគម្រូមួយក្នុងទេសកម្ពុជា សម្រាប់ឲ្យប្រជាជនជំនាន់ក្រោយរៀនសូត្រតាម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែសីហាកន្លងទៅ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារលើកទី២ ដោយអំពាវនាវឲ្យ ពលរដ្ឋទាំងអស់រក្សាភាពស្ញប់ស្ញាត់ ហើយ​ដោះ​ស្រាយបញ្ហារបស់ប្រទេសជាតិ ដោយផ្អែកទៅ លើរដ្ឋធម្មនុញ្ញ និងស្ថាប័នមានសមត្ថកិច្ច ដែលមានចែងនៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។ កាលពីថ្ងៃទី ០៧ ខែសីហា កន្លងទៅពោលគឺក្រោយបោះឆ្នោតភ្លាម ព្រះមហាក្សត្រកម្ពុជា ក៏បានចេញព្រះរាជសារលើកទី ១ ដោយអំពាវនាវឲ្យគណបក្សជាប់ឆ្នោតទំាងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ ដោះស្រាយបញ្ហាបោះឆ្នោតដោយសន្តិវិធី និងសេចក្តីថ្លៃថ្នូរ៕

---------------------------------
ដោយ៖ ជា ធីរិទ្ធ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...