សភាអ៊ឺរ៉ុបនឹងអនុម័តលើដំណោះស្រាយ«បន្ទាន់»មួយ ពីវិបត្តិនយោបាយកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ខាងមុខ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 08, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសម័យប្រជុំពេញអង្គរបស់សភាអ៊ឺរ៉ុប ដែលមានរយៈបួនថ្ងៃ ពីថ្ងៃចន្ទទី១០ រហូតដល់ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ស្ថាប័ននីតិបញ្ញត្តិរបស់សហភាពអ៊ឺរ៉ុបមួយនេះ នឹងមានរបៀបវាវៈដ៏ច្បាស់លាស់មួយ ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលសហភាពអ៊ឺរ៉ុប មានទំនាក់ទំនងជាមួយ។
សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅចុងសប្ដាហ៍នេះ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានក្នុងថ្ងៃនេះ បានសរសេរឲ្យដឹងថា៖ «សភាអ៊ឺរ៉ុប នឹងធ្វើការពិភាក្សា នៅលើសំនុំរឿងបន្ទាន់មួយចំនួន ដែលជាប់ទាក់ទងនឹង វិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា វេលាម៉ោង១០ព្រឹក ជាមួយនឹងការបោះឆ្នោតអនុម័ត ដែលនឹងប្រព្រឹត្តិទៅ នៅវេលាថ្ងៃត្រង់ (ថ្ងៃដដែល)»។
សំនុំរឿង«បន្ទាន់» ដែលសភាអ៊ឺរ៉ុបលើកយក មកធ្វើការជជែកពិភាក្សានោះ មាន (១) ការចាប់ខ្លួនក្រុមតំណាងរាស្ត្រប្រឆាំង នៅក្នុងប្រទេសអ៊ូហ្គង់ដា (២) បញ្ហានៅភូមា ជាពិសេសករណីលោក វ៉ា ឡូន (Wa Lone) និងលោក គីអាវ សូអូ (Kyaw Soe Oo) អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារ «Reuters» ដែលត្រូវបានចាប់ដាក់ឃុំ និង (៣) វិបត្តិនយោបាយនៅកម្ពុជា ជាពិសេសករណីលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដែលត្រូវបានចាប់ដាក់ឃុំ។
ចំពោះភាពលំអិតយ៉ាងណា នៃការពិភាក្សាក្នុងសម័យប្រជុំពេញអង្គ របស់សភាអ៊ឺរ៉ុបនោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងតាមដានជាបន្ត ហើយនឹងជម្រាបជូនប្រិយមិត្ត នៅក្នុងអត្ថបទលើកក្រោយៗ របស់ខ្លួន។ យ៉ាងណា ការប្រកាសបើកការជជែកពិភាក្សា យ៉ាង«បន្ទាន់» នៅក្នុងស្ថាប័នបង្កើតច្បាប់ របស់សហភាពអ៊ឺរ៉ុបមួយនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយការបង្កើតរដ្ឋសភាឯកបក្ស និងរដ្ឋាភិបាលអាណត្តិថ្មី ទាំងតក់ក្រហល់ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៥ - ទី៦ ខែកញ្ញា ឆ្នាំ២០១៨។
សូមជម្រាបដែរថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ៦ខែបន្ថែមទៀត បន្ទាប់ពីបានសម្រេចបន្តឃុំខ្លួនម្ដងហើយ កាលពី៦ខែមុន។ ចៅក្រមស៊ើបសួរ លោក គី ឬទ្ធី និង តំណាងអយ្យការ លោក សៀង សុខ បានបើកការស៊ើបសួរ នៅក្នុងពន្ធនាគារ ម៣ ហៅគុកត្រពាំងថ្លុង តាំងពីម៉ោងប្រហែល ៩ព្រឹក រហូតបញ្ចប់នៅម៉ោង ១១ព្រឹក ហើយបានសម្រេចបន្តឃុំខ្លួន ប្រធានគណបក្សប្រឆាំង បើទោះជាមានការលើកឡើង ពីសំណាក់មេធាវី នូវទឡ្ហីករណ៍ជាច្រើន ប្រាប់អង្គជំនុំជម្រះក៏ដោយ។
ការសម្រេចរបស់តុលាការ ធ្វើឡើងមិនខុសគ្នាប៉ុន្មាន ពីការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន ដែលប្រកាសរួចជាស្រច កាលពីថ្ងៃទី២៩ ខែសីហា ពោលគឺមួយថ្ងៃមុន ថានឹងគ្មានការដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្នទេ៕