ហ៊ុន សែន ថា​គ្មាន​ប្រយោជន៍​នឹង​តាម​សម្លាប់ សម រង្ស៊ី

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មតបការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានអះអាងពីការតាមធ្វើឃាតកម្ម លើរូបលោក នៅក្នុងប្រទេសបារាំង ដោយ«ឃាតករបរទេស» ដែលបើតាមមេដឹកនាំប្រឆាំង ឃាតកររូបនោះត្រូវបានជួល ដោយលោក ហ៊ុនសែន។ លោក ហ៊ុន សែន បានថ្លែងឡើងថា សូម្បីតែអារកមាន់ ក៏លោកមិនដែលធ្វើផង កុំថាឡើងតាមសម្លាប់លោក សម រង្ស៊ី នោះ។
ហ៊ុន សែន ថា​គ្មាន​ប្រយោជន៍​នឹង​តាម​សម្លាប់ សម រង្ស៊ី
លោក សម រង្ស៊ី និងលោក ហ៊ុន សែន ថតរូបរួមគ្នា នៅក្នុងការទទួលទានអាហារជុំគ្នាមួយ កាលពីខែកក្កដា ឆ្នាំ២០១៥។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 15, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំទុកលទ្ធភាពជូនប្រធានាធិបតី [បារាំង អេម៉ានុយអែល] ម៉ាក្រុង ពិនិត្យ (...) ហើយតើចារកម្មបារាំងរូបណា ដែលហ៊ានទម្លាយការសម្ងាត់បែបនេះ»។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មតបទៅនឹងលោក សម រង្ស៊ី ដែលបានលើកឡើង កាលពីប៉ុន្មានថ្ងៃមុន ថាបុរសខ្លាំងកម្ពុជា «បានជួលឃាតករបរទេស» ឲ្យប៉ុនប៉ងសម្លាប់រូបលោក នៅក្នុងប្រទេសបារាំង។

ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បុរសខ្លាំងកម្ពុជា​បានថ្លែងតបទៅវិញថា បើលោកចង់ធ្វើឃាតលោក សម រង្ស៊ី គ្រាន់តែ«គប់មួយផ្លែត្របែក ក៏ងាប់ដែរ» មិនចាំបាច់ឲ្យលោក សម រង្ស៊ី រត់ចេញក្រៅស្រុកទាន់នោះទេ។ លោក ហ៊ុន សែន ថា ក្នុងមួយ​ជីវិត​របស់លោក សូម្បី​តែអារកមាន់ ក៏លោកមិន​ដែល​បាន​ធ្វើ នោះដែរ។

កាលពីថ្ងៃទី០៩ ខែសីហា សប្ដាហ៍មុន លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានសរសេរនៅលើបណ្ដាញសង្គម អះអាងថា «ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេសបារាំង» ដោយសារតែ «សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែក»។

មេដឹកនាំប្រឆាំង ដែលជាគូប្រជែងនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានលើកយកមកអះអាង នូវការថ្លែង របស់ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងពេលកន្លងមក ដែលថា​នឹងបញ្ជូនចារកម្មកម្ពុជា ឲ្យតាមចាប់ខ្លួនលោក សម រង្ស៊ី នៅឯបរទេស។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «អាជ្ញាធរបារាំង បានដឹងពីគម្រោងដើមរបស់ ហ៊ុន សែន ដែលចង់លួចចាប់ សម រង្ស៊ី លើទឹកដីបារាំង ហើយច្បាស់ជាបានព្រមាន ហ៊ុន សែន កុំឲ្យគាត់ប៉ុនប៉ង អនុវត្តគម្រោងបែបហ្នឹង ពីព្រោះខ្លួនគាត់ ក៏មិនរួចខ្លួនដែរ»។

យ៉ាងណា ការលើកឡើងរបស់លោក សម រង្ស៊ី មិនទាន់​ត្រូវបាន​​ប្រភព​ឯករាជ្យ​​ណាផ្សេង បញ្ជាក់ថា ជារឿងពិត ឬយ៉ាងណានោះនៅឡើយ មកទល់ពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...