ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

យុទ្ធសាស្ត្រថ្មី របស់លោក ហ៊ុន សែន បុរសខ្លាំងជាងបីទស្សវត្ស របស់កម្ពុជា ក្នុងការបញ្ជៀស ភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត ដោយកំហិតក្នុងបញ្ញត្តិច្បាប់ គ.ជ.ប ថ្មី ដែលថានឹងជំនួសគណបក្សជាប់ឆ្នោត ដោយគណបក្សមិនជាប់ឆ្នោត បើគណបក្សជាប់ឆ្នោត ធ្វើពហិការមិនចូលសភា បានបង្កឲ្យមានប្រតិកម្មខ្លាំងក្លា ពីសំណាក់មន្ត្រីសង្គមស៊ីវិល ដែលធ្វើការស្និត នឹងការបោះឆ្នោត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន កំពុងតែបន្ទាបតម្លៃ នៃឆន្ទៈរាស្រ្ត ដែលបានបោះឆ្នោតគាំទ្រ ទៅឲ្យគណបក្សនយោបាយមួយ ដែល​លោក​កំពុងមានចេតនា ទម្លាក់ចោលនោះ។ នេះជាប្រតិកម្មទូទៅ របស់ក្រុមមន្ត្រីសង្គមស៊ីវិល ប្រឆាំងទៅនឹងការលើក​ឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងថា នឹងដាក់បញ្ចូលបញ្ញត្តិថ្មី នៅក្នុងច្បាប់ គ.ជ.ប ថ្មី ឲ្យ​ជំនួសគណបក្សជាប់ឆ្នោត ពហិការមិនចូលសភា ដោយគណបក្សមិនជាប់ឆ្នោត ដើម្បីបញ្ជៀស ភាពជាប់គាំង​នយោបាយ ក្រោយការបោះឆ្នោតនោះ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោក គល់ បញ្ញា ក្នុងកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបង្ហាញការទទួលស្គាល់ ក្នុងការកំណត់ភាពជាក់លាក់ នៃការចូលរួមរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោត។ តែលោកមិនគាំទ្រនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់រំលាយ​គណបក្ស ដែលកើតឡើងពីឆន្ទៈរាស្រ្ត ដោយច្បាប់នោះឡើយ។

លោក គល់ បញ្ញា បានបន្តថា គួណាស់ មានការរៀបចំឲ្យមានបញ្ញតិថា ព្រះមហាក្សត្រ ឬ គ.ជ.ប មានព្រះរាជបុព្វសិទ្ធិ ឬ​សិទ្ធិ​ក្នុងការផ្តល់សុពលភាព ទៅដល់បេក្ខជនជាប់ឆ្នោតទាំងអស់ ក្លាយទៅជាអ្នកតំណាងរាស្រ្តតែម្តង ក្រោយការប្រកាស​លទ្ធផលឆ្នោតភ្លាមៗ ដោយពុំចាំបាច់ មានការបើកសភាលើកដំបូងឡើយ។

មេដឹកនាំគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បានលើកយកយោបល់ របស់សម្ព័ន្ធកំណែ​ទម្រង់​ការបោះឆ្នោត ហៅកាត់ជាអង់គ្លេស ERA មកបញ្ជាក់ថា «គួតែផ្តល់សិទ្ធិទៅ គ.ជ.ប តែម្តង ទាក់ទងនឹងការសម្រេចផ្តល់​សុពលភាព ទៅកាន់អ្នកតំណាងរាស្រ្ត នៃគណបក្សណាដែលជាប់ឆ្នោត ដោយមិនចាំបាច់ប្រកាស ពីបេក្ខភាពនៃបេក្ខជន ដែលត្រូវជាប់ឆ្នោតឡើយ។ (...) គ.ជ.ប មានសិទ្ធិប្រកាសថា សមាជិកអ្នកតំណាងរាស្រ្ត មានចំនួន១២៣នាក់ រួចថ្វាយទៅ​ព្រះមហាក្សត្រតែម្តងទៅ។ (...) យើងឲ្យដោយស្វ័យប្រវត្តិចឹងទៅ បើអ្នកណាមិនចូលសភា គ្រាន់តែមិនទួលនូវប្រាក់​បៀរវត្យ ឬប្រាក់ផ្សេងៗទៀត តែប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការចូលសភាដំបូងឡើយ។»

លោកបន្តថា បើមិនដូច្នេះទេ មានករណីគណបក្សជាប់ឆ្នោត មិនចូលរដ្ឋសភា ហើយត្រូវបានជំនួស ដោយគណបក្ស​មិន​ឈ្នះឆ្នោតវិញនោះ ជាការបង្ហាញថា រដ្ឋសភាដែលបង្កើតឡើងនោះ កំពុងតែរំលោភទៅលើឆន្ទៈរបស់រាស្រ្ត ដែលមិន​អាច​ឲ្យមានការអនុម័ត៌ច្បាប់ ក្នុងការដកនូវឆន្ទៈរាស្រ្តទាំងនោះឡើយ។ ការមិនចូលសភា នៃតំណាងរាស្រ្ត ដែលពលរដ្ឋផ្តល់​សិទ្ធិ​នោះ ជាការទទួលខុសត្រូវនៃតំណាងរាស្រ្ត និងគណបក្សដែលមិនចូលរួមនោះ។

លើកឡើងប្រហែលគ្នានេះ លោក យ៉ង់ គឹម អេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព បាន​ថ្លែងថា នេះក៏ជាល័ក្ខខណ្ឌមួយ ដើម្បីធ្វើឲ្យដំណើរការ នៃការបើកសភាដំបូងក្រោយការបោះឆ្នោត ក្នុងចេតនាគេចចេញ ពីភាពជាប់គាំងផ្នែកនយោបាយ។ តែលោកបានដាក់ចំងល់មួយថា បើសិនជាមានកើតករណីមិនប្រក្រតីនានា ក្រោយ​ការ​បោះឆ្នោត ដូចជាការបោះឆ្នោតមួយ ដែលអាក្រក់កើតឡើង មានការលួចបន្លំសន្លឹកឆ្នោតជាដើម តើអាចប្រើប្រាស់​នូវ​ល័ក្ខខ័ណ្ឌនេះបានដែរឬទេ?

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព បានជំទាស់ទៅនឹងការលើកឡើង របស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់បញ្ចូលគណបក្ស «គ្មាន»សម្លេងគាំទ្រពីប្រជាពលរដ្ឋ ទៅជំនួសគណបក្ស ដែលមានការ​គាំទ្រ​ពី​ពលរដ្ឋ តែបានធ្វើពហិការ មិនចូលសភានោះ។

លោក គឹមអេង បានថ្លែងឡើងថា៖ «ដើម្បីឲ្យបញ្ហា ឬការចោទប្រកាន់នោះ ត្រូវបានបញ្ចប់ ត្រូវរៀបចំប្រព័ន្ធបោះឆ្នោត ការកែតម្រង់ការបោះឆ្នោត ឲ្យបានត្រឹមត្រូវ ឯករាជ្យ និងអព្យាក្រិត។ (...) ច្បាប់បោះឆ្នោត ត្រូវបានធានានូវការបោះឆ្នោត​មួយ ប្រកបដោយសេរី និងយុត្តិធម៌ប្រាកដ។ បើកសេរីភាពឲ្យទូលាយ ដើម្បីកុំឲ្យមានការសង្ស័យ ជៀសវាងការជំទាស់ នូវលទ្ធផលនៃការបោះឆ្នោត។ (...) នោះដំណើរការនៃការបោះឆ្នោត លែងមានការចោទប្រកាន់ លទ្ធផលនៃសន្លឹកឆ្នោត នឹងមានការទទួលឈ្នះ និងចាញ់ ... ការមិនចូលសភាដំបូង នឹងមិនកើតមានឡើយ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់ពីជំហររបស់​គណបក្ស​នេះ ក្នុងការទទួលការស្នើឡើង របស់លោកនាយករដ្ឋមន្រ្តីនៅឡើយ នារសៀលថ្ងៃនេះ។ តែលោក គួយ ប៊ុនរឿន ប្រធាន​ក្រុមការងារកំណែតម្រង់ គ.ជ.ប នៃគណបកក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី២ ខែមីនាម្សិលម៉ិញនេះ បាន​លើកឡើង​ថា ក្រុមការងាររបស់លោក មិនទាន់ឯកភាព លើចំណុចនេះទេ ដោយរង់ចាំជួបពិភាក្សា នឹងថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​មុន។

លោក ប៊ុនរឿន បានថ្លែងថា៖ «ច្បាប់ហ្នឹង មិនទាន់បានដាក់បញ្ចូលទេ។ ប៉ុន្តែជាគោលការណ៍ យើងនឹងពិនិត្យទៅលើ​សំណើហ្នឹង។ ហើយក្រុមការងារនឹងសិក្សាថា តើចំណុចដែលស្នើហ្នឹង ធានានូវនិរន្តរភាព ស្ថេរភាព របស់ស្ថាប័ន​ជាតិ​ឬទេ។»

ដោយឡែកប្រធានក្រុមការងារ​ គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានសម្តែងការរំពឹងទុកថា បញ្ញត្តិថ្មីនេះ​នឹង​អាចមានការព្រមព្រៀងគ្នា មុនការបើកសន្និសីទ បង្ហាញពីលទ្ធផលកិច្ចពិភាក្សា ដែលនឹងធ្វើរួមគ្នាមួយ នាសប្តាហ៍​ក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...