សង្គ្រាមសំដី៖ នគរបាលអាមេរិក បាញ់សម្លាប់ជនគ្មានជម្រក (vdo)
- ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ មិនា ២០១៥
- កែប្រែចុងក្រោយ: March 03, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះ គ្មានជម្រកត្រឹមត្រូវ ជាជនអាមេរិកស្បែកខ្មៅមួយរូប ដែលមានសតិមិនធម្មតា បានព្យាយាមឆក់យកអាវុធ ពីនគរបាលម្នាក់ ដែលកំពុងបង្ខំឲ្យជននេះ ក្រាបជាប់នឹងដី។ នៅក្នុងវីដេអូ គេបានស្ដាប់ឮនគរបាលស្រែកឡើងថា៖ «ទម្លាក់អាវុធចោលៗ» មុននឹងឭសូរ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានផ្ទុះឡើង ហើយបន្ទាប់មកសម្លេងអ្នកនៅក្បែរនោះ ស្រែកឲ្យរកជំនួយជាបន្ទាន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែមីនានេះ នៅក្នុងសង្កាត់ក្រីក្រ ស្គីតរ៉ូវ (Skid Row) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីកណ្ដាលក្រុង ឡូសអែជឺឡេស ដែលសម្បូរទៅដោយ ជនគ្មានជម្រករស់នៅ តាមចិញ្ចើមថ្នល់ ឬនៅតាមសួនច្បារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់ នគរបាលម្នាក់ បានបាញ់ ទៅលើជនគ្មានជម្រកស្បែកខ្មៅនេះ។ បន្ទាប់ពីហេតុការណ៍នេះ ប៉ុន្មានម៉ោង ជនរងគ្រោះត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងមន្ទីរពេទ្យ កន្លែងដែលគេបានបញ្ជូនជននេះ ទៅព្យាបាល។
នាយនគរបាល ប្រចាំសង្កាត់នោះ លោក ឆាលី ប៊េក (Charlie Beck) បានឲ្យដឹង នៅក្នុងសន្និសីទការសែតថា ការប្រើប្រាស់កម្លាំង ជារឿងមួយចាំបាច់ នៅក្នុងហេតុការណ៍នោះ។ លោកបានបញ្ជាក់ទៀតថា៖ «កងកម្លាំងទាំងអស់ ដែលស្ថិតក្នុងព្រឹត្តិការណ៍ សុទ្ធតែបានដឹងថា តើត្រូវគ្រប់គ្រងស្ថានការណ៍យ៉ាងម៉េច ជាមួយនឹងជនគ្មានជម្រកទាំងនោះ ឬជាមួយជនដែលមានសតិមិនធម្មតា។ ពួកគេ សុទ្ធតែទទួលបាន ការហ្វឹកហាត់ពិសេស នៅក្នុងកិច្ចអន្តរាគមន៍របៀបនេះ។»
តែការលើកឡើង របស់នាយនគរបាល មានលក្ខណៈផ្ទុយ ទៅនឹងមតិសាធារណៈជនទូទៅ។ អ្នករស់នៅក្នុងសង្កាត់នោះមួយរូប បានថ្លែងឡើងថា៖ «មាននគរបាលច្រើននាក់ ដែលធ្វើការឡោមព័ទ្ធ បុរសស្បែកខ្មៅ។ នគរបាលទាំងនោះ អាចបង្ក្រាបបុរសម្នាក់នេះបាន ដោយស្រួល បើទោះជាបុរស មានសតិមិនធម្មតាក៏ដោយ។ តែបើសិនជានគរបាលធ្វើមិនបាន បានន័យថា វាមានបញ្ហាអ្វីមួយហើយ។ នគរបាលបានប្រើប្រាស់មធ្យោបាយ ដែលមានលក្ខណៈជ្រុលហួសហេតុ។»
ហេតុការណ៍ខាងលើ បានកំពុងដុតបញ្ឆេះឲ្យផ្ទុះសង្គ្រាមពាក្យសម្ដីឡើងវិញ នៅសហរដ្ឋអាមេរិក នៅតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយការបាញ់សម្លាប់ យុវជនស្បែកខ្មៅម្នាក់ នៅក្រុង ហ្វែហ្គឺសាន់ (Ferguson) ដោយនគរបាលនៅតំបន់នោះ។ មរណភាពរបស់យុវជនស្បែកខ្មៅ នាពេលនោះ បានបង្កឲ្យមានរលកតវ៉ាមួយយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការរើសអើង ដែលកើតមាននៅក្នុងជួរនគរបាលអាមេរិក៕