ភរិយា កែម ឡី៖ «ឲ្យ​អូន​សុំ​ទោស»

«ផ្ដាច់មនោសញ្ចេតនា ប្រពន្ធ ពីប្ដី - ឪពុក ពីកូន» តើមាននរណាមួយ ដែលអាចធ្វើដូច្នេះបាន? ពិតជា​មាន គឺ​របប​អាវ​ខ្មៅ បី​ឆ្នាំ ប្រាំបី​ខែ ម្ភៃ​ថ្ងៃ ដែល​មាន​កម្មាភិបាល របស់​របប​នេះ​មួយ​ចំនួន កំពុង​កាន់​អំណាច រហូត​មក​ដល់​សព្វ​ថ្ងៃ។ ប៉ុន្តែ​មនុស្ស​ធម្មតា​ផ្សេង​ទៀត​ក្នុង​​លោក​ មិនអាច​ធ្វើ​រឿង​នេះ​កើត​ឡើយ ហើយ​នៅ​តែ​«ចង់​នៅ​ក្បែរ» បើ​ទោះ​ជន​នោះ​ស្លាប់​ទៅ ក្លាយ​ជា​ខ្មោច​ទៅ​ហើយ​ក្ដី។ មនុស្ស​ធម្មតា​ទាំង​នោះ រាប់​បញ្ចូល​ទាំង​ភរិយា​សព​លោក កែម ឡី មួយ​រូប​ផង។
ភរិយា កែម ឡី៖ «ឲ្យ​អូន​សុំ​ទោស»
អ្នកស្រី ប៊ូ រចនា បានបង្ហូទឹកភ្នែក ពេលបានកាន់សាកសពប្ដី ជាលើកដំបូង បន្ទាប់ពីសាកសពនេះ ត្រូវបានដឹកមកដល់វត្តចាស់។ (រូបថត SBN)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ តុលា ២០១៦
  • កែប្រែចុងក្រោយ: October 03, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ប្ដីសម្លាញ់! ឲ្យអូនសុំទោស ដែលអូនមិនបាន នៅជិតមើលថែបង» បើសូម្បីរូបបង ត្រូវបានគេបាញ់សម្លាប់ ឲ្យ​ស្លាប់​យ៉ាង​រន្ធត់ ក្លាយ​ទៅជាសាកសពទៅហើយក្ដី។ នេះជាសំដីដ៏ខ្លោចផ្សារ របស់ភរិយាម្នាក់ ដែល​បាន​ឃ្លាត​​ឆ្ងាយ ពី​ស្វាមី​របស់ខ្លួន រាប់ចាប់​តាំង​ពី​ស្វាមី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ រហូតយកទៅបញ្ចុះ ដាក់​​ទៅ​​​ក្នុង​​ផ្នូរ​ក្រោម​ដី។

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោក កែម ឡី បានរៀបរាប់ដូច្នេះ ពីទីកន្លែងដែលអ្នកស្រី និង​កូន​ទាំង​ប្រាំ (កូនទីប្រាំ ទើប​នឹងកើតម្សិលម៉ិញ) កំពុងលាក់ខ្លួន នៅក្រៅប្រទេស ទៅនឹងរូបថតមួយចំនួន ដែល​ប្រិយមិត្ត​នៅក្នុងបណ្ដាញសង្គម បានបង្ហោះ ស្ដីពី​ផ្នូរ និងរូបថតរបស់លោក កែម ឡី នៅមុនប៉ុន្មានថ្ងៃ នៃពិធី​បុណ្យ​​ភ្ជុំបិណ្ឌ។ ហើយសំដីទាំងនេះ ជាសំណោកដ៏សោកសៅ នៃការផ្ដាច់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចេញ​ពី​មនុស្ស​ម្នាក់ ដែលខ្លួនស្រឡាញ់។

ប៉ុន្តែការផ្ដាច់​មនោសញ្ចេតនានេះ មិនមែនទើបនឹងកើតមាន ក្នុងពេលនេះទេ។ នៅពេលដែលលោក កែម ឡី ត្រូវ​បានបាញ់​សម្លាប់​ភ្លាមៗ អ្នកស្រីត្រូវបានក្រុមមន្ត្រីអាជ្ញាធរ​នៅនឹងកន្លែង ហាម​អ្នកស្រីមិនឲ្យទៅជិត បើ​សូម្បី​បាន​ចាប់ដៃប្ដី ដែលនៅមាន​កំដៅ​នៅ​ឡើយ។ អ្នកស្រីបានត្រឹមតែឈរ​ពីចំងាយ យ៉ាង​ស្រយ៉ុតស្រយ៉ង់ សម្លឹង​មើល​​សាកសព​ស្ដូកស្ដឹង នៃ​ស្វាមីរបស់ខ្លួន នៅក្នុងថ្លុកឈា​ម ទាំង​មិនដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច ក្រៅ​​ពី​ការ​បង្ហូ​ទឹក​ភ្នែក។

ហើយនៅក្នុងពេលរដូវបុណ្យភ្ជុំ ដូច្នេះទៀតសោធ ដែលតាមប្រពៃណីចាស់បូរាណ ពលរដ្ឋខ្មែរតែង​មាន​បំណង​​ចង់ឧទ្ទិសកុសល​ផលបុណ្យ បាយសម្ល​ដែល​ខ្លួនធ្វើនៅក្នុងពេលនេះ ជូនទៅឧបការីជន ញាតិសន្ដាន ដែល​បាន​លាចាក​លោក ឆ្ពោះទៅកាន់ឋានណាក្ដី តែអ្នកស្រី ប៊ូ រចនា និងកូន មិនមានឱកាសនៅជិតផ្នូរ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នេះ ឧទ្ទិសជូន​​​ទៅស្វាមីបណ្ដូលចិត្ត ដែលទើបនឹង​ចាក​ចេញ​ទៅ ទាំងថ្មីៗនិងស្រស់ៗ ពី​អ្នកស្រី​និងកូន នោះ​ទេ។

អ្នកស្រីបានបន្តសរសេរ ពីកន្លែងភៀសខ្លួនមកថា៖ «អូនមិនបាននៅជិត មើលថែបង តែក្នងចិត្តអូន មិន​ចង់​​បែក​ពី​បង​ទេ។ អូន​ស្រលាញ់​​បងណាស់។ តែនេះ ជាភារកិច្ចរបស់អូន (ដែល) ត្រូវមើលថែកូនយើង ហើយ​អូន ក៏​ជិត​ដល់​​ថ្ងៃ​​ឆ្លង​​ទន្លេ កូនពៅ​របស់​យើង​ដែរ។»។

លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​​នយោបាយ​​ដ៏ល្បីឈ្មោះ ត្រូវបាន​ខ្មាន់​​កាំភ្លើង​​​បាញ់​​​សម្លាប់ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ កាលពីម៉ោង​ប្រមាណ​ជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈ សាខា​ស្ដុប​បូកគោ កណ្ដាលរាជធានីភ្នំពេញ។

ស្រដៀងនឹង​ឃាតកម្មបាញ់សម្លាប់ ទៅលើវរជនល្បីៗផ្សេងទៀត កាល​ពី​កន្លង​ទៅ​នោះ​ដែរ ព្រោះរហូត​​មក​​ដល់​​ថ្ងៃ​នេះ ជននៅពីក្រោយពិតប្រាកដ នៃឃាតកម្មដ៏កក្រើក​​បាញ់​សម្លាប់​លោក កែម ឡី នេះ មិនទាន់​​ត្រូវ​បាន​​ផ្ដល់​ពន្លឺ ដោយ​ប្រព័ន្ធ​យុត្តិធម៌កម្ពុជានៅឡើយ។ មានជនសង្ស័យ​តែ​ម្នាក់​គត់ ដែល​ត្រូវ​បានអាជ្ញាធរចាប់ខ្លួន នៅ​ក្រោយ​​ពេល​​កើត​ហេតុ និង​ដែល​បាន​ឆ្លើយសារភាព នៅពេលភ្លាមៗ​បន្ទាប់​មក ថា​ខ្លួន​បាន​សម្លាប់​លោក កែម ឡី ដើម្បី​ការ​ជម្រះ​បញ្ជី ក្នុងរឿងជំពាក់ប្រាក់ ដ៏គួរឲ្យ​អស់​សំណើច​​មួយ។

ការស្វែងរកយុត្តិធម៌ ដែលហាក់ដូចជារាវរកម្ជុល នៅក្នុងមហាសាគរ ហើយអាជ្ញាធរហាក់ដូចជាមានបំណង ចង់​ទម្លាក់​កំហុស ទៅលើ​អ្នកស្រី ប៊ូ រចនា ទៅវិញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បាន​ថ្លែង​ចាត់​​ទុក​ការរត់​ភៀស​ខ្លួន​ ចេញពី​ប្រទេស​កម្ពុជា របស់អ្នកស្រី ថាជាការរត់«ចោលស្រុក» រត់​ចោល​នីតិវិធី និង​​មិន​រួម​សហការ ជាមួយការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ។

តែអ្នកស្រី ប៊ូ រចនា បានប្រតិកម្មទៅវិញ​ ដោយសួរលោក ខៀវ សុភ័គ ដោយត្រង់ៗថា តើចាប់​តាំង​ពី​ថ្ងៃ ដែល​ស្វាមី​អ្នកស្រី​​ត្រូវ​បាន​បាញ់សម្លាប់ រហូតមកដល់ពេលនេះ តើមាន​មន្ត្រី​អាជ្ញាធរ​ប៉ុន្មាន​​នាក់​ហើយ ដែល​បាន​ចូល​​មកសាកសួរ ឬស្នើសុំការចូលរួម​សហការ ពីអ្នកស្រីនិងគ្រួសារ? អ្នកស្រី​បាន​សួរ​​ទៀត​​ថា៖ «តាំង​​ពី​ថ្ងៃ​ធ្វើ​បុណ្យ​ថ្ងៃទី១ រហូតដល់ថ្ងៃ​ហែរសពចេញ គឺ២អាទិត្យ (ហើយ) តើ​មាន​ពួក​លោក​​មក​សួរ​​សុខ​ទុក្ខ ដល់​​កន្លែង​​សព​(ឬ)​ទេ?»

ភរិយាសពលោក កែម ឡី បានឆ្លើយដោយខ្លួនឯង តបនឹងសំនួរទាំងប៉ុន្មានខាងលើ យ៉ាងដូច្នេះថា៖ «គឺ​គ្មាន​ទេ» មុននឹង​បញ្ចប់​ដោយ​ឃ្លានេះ៖ លោក ខៀវ សុភ័គ អាចនិយាយ​កុហកគេឯងបាន តែ​លោក​​មិន​​អាច​កុហក​​ខ្លួនឯង​បានឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...