បក្សសង្រ្គោះជាតិហៅសហគមន៍អន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ន
លើសពីការបដិសេធមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលឯកបក្សថ្មី ដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបច្ចុប្បន្ន និងបានចោទប្រកាន់រដ្ឋាភិបាលនេះ ថាបានបង្កើតឡើងដោយខុសច្បាប់និងគ្មានធម្មនុញ្ញភាព។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
រាជធានីភ្នំពេញ - ក្នុងពិធីធ្វើសន្និសីតការសែតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដើម្បីបង្ហាញពីគោលជំហរជាបន្តរបស់ខ្លួន ជុំវិញស្ថានការណ៍នយោបាយបច្ចុប្បន្ន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសជាហត្ថលេខីក្នុងកិច្ចព្រមព្រៀទីក្រុងប៉ារីស ជាពិសេសក្រុមហ៊ុនបរទេសលំដាប់អន្តរជាតិ កុំទទួលស្គាល់ កុំផ្តល់ប្រយោជន៍ និងធ្វើកិច្ចសហការណាមួយ ជាមួយរដ្ឋាភិបាលដែលទើបត្រូវបានបង្កើតថ្មីនេះ។ ប្រធានគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖ «រដ្ឋាភិបាលនេះពុំមានភាពស្របច្បាប់នោះទេ ហើយរដ្ឋាភិបាលដែលបាត់បង់ភាពស្របច្បាប់នេះ (នឹង)មិនអាចដំណើរការបានយូរទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ការអត្ថាធិប្បាយ ចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី នោះទេ ដោយលោកជាប់ចូលរួមកិច្ចប្រជុំគណរដ្ឋមន្រ្តី។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅក្នុងពិធីសន្និសីតការសែតដដែល បានចោទប្រកាន់ការប្រជុំរដ្ឋសភា និងការបង្កើតរដ្ឋាភិបាលថ្មីនេះមានកំហុសឆ្គង៣ធំៗ៖ «ទី១ រំលោភគោលការឯកភាពជាតិ ទី២ រំលោភគោលការណ៍រដ្ឋធម្មនុញ្ញ ទី៣ រំលោភគោលការណ៍សេរីពហុបក្ស»។ លោក កឹម សុខា អះអាងថា កាលដែលរដ្ឋាភិបាលបានបង្កើតឡើង តាមរយៈការបោះឆ្នោតជាកញ្ចប់ក្នុងពេលថ្មីៗនេះ គឺជាការំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។
អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យលោកបណ្ឌិត សុខ ទូច បានពន្យល់ថា ការដែលគណបក្សសង្រ្គោះជាតិរុញច្រានបរទេសមិនឲ្យទទួលស្គាល់រដ្ឋាភិបាល វាជាសិទ្ធិនយោបាយរបស់គេ ប៉ុន្តែអ្នកនយោបាយគួរតែស្វែងរកដំណោះស្រាយ ដើម្បីជៀសវៀងការជម្រុញឲ្យភាគីបរទេសកាត់ជំនួយ ឬមិនផ្តល់ផលប្រយោជន៍ដល់កម្ពុជា។ អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា៖ «ការដែលបរទេសមិនផ្តល់ជំនួយមិនមែនងាប់អ្នកនយោបាយទេ គឺងាប់ប្រជាជន ដូចករណីប្រទេសភូមាជាដើម»។
លោក សុខ ទូច លើកឡើងថាយើងគួរសិក្សាពីប្រវត្តិសាស្រ្ត ព្រោះគ្នានបរទេសណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ វាល្មមគ្រប់គ្រាន់ហើយសម្រាប់អ្នកនយោបាយខ្មែរ ដែលគិតតែពីផលប្រយោជន៍គ្រួសារខ្លួន បក្សពួកខ្លួន ហើយពេលមានបញ្ហារត់ទៅពឹងប្រទេស។ លោក សុខ ទូច បានជម្រុញអ្នកនយោបាយមកពីគណបក្សទាំងពីរ បន្តដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរដោយសន្តិវិធី។ អ្នកវិភាគរូបនេះសង្កត់ធ្ងន់ថា៖«ពួកគេជាអ្នកចង ដូច្នេះពួកគេតូ្រវតែជាអ្នកស្រាយ»។
លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីទើបតែងតាំង ក្នុងបរិវេណមន្ទីររដ្ឋសភា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នៅតែបង្ហាញឆន្ទះចង់ចរចាជាមួយគណបក្សសង្រ្គោះជាតិ តែលោកបានភ្ជាប់លក្ខខ័ណ្ឌ ដោយជម្រុញឲ្យបេក្ខជនអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចូលស្បថក្នុងព្រះបរមរាជវាំងជាមុនសិន។
គួរម្លឹកថា គណបក្សសង្រ្គោះជាតិនៅតែប្រកាន់ជំហរ បង្កើតគណកម្មការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោតជាមុនសិន មុននឹងឈានទៅដល់ការចរចាបែងចែកអំណាចណាមួយ។
ដោយឡែក សេដ្ឋវិទូឯករាជ្យមួយរូប លោកបណ្ឌិត កង ចាន់ដារារ័ត្ន បានពន្យល់ថាការអំពាវនាវរបស់លោក សម រង្ស៊ី មិនមានប្រសិទ្ធិភាពប៉ះពាល់ខ្លាំងដល់អ្នកវិនិយោគទុនអន្តរជាតិនោះទេ ព្រោះអ្នកវិយោគទុន គេមិនមានកង្វល់ច្រើនពីរដ្ឋាភិបាលនោះទេ អ្វីដែលពួកគេបារម្ភ គឺប្រព័ន្ធធានាដល់ដំណើរការវិនិយោគរបស់គេ ដូចជាច្បាប់កិច្ចសន្យា ការប្រកួតប្រជែងដោយស្មើរភាពជាដើម។ អ្នកវិភាគជំនាញសេដ្ឋកិច្ចរូបនេះសង្ឃឹម ថារដ្ឋាភិបាលថ្មីនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ជាពិសេសគឺការអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកនីតិរដ្ឋ៕
-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ