បក្សសង្គ្រោះជាតិ«តថ្លៃ»អំណាច ជៀសជាងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត?
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ទិលសង្ឃ័យបានកើតឡើង បន្ទាប់ពីសម្ដីរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្មីដែលទើបតែជ្រើសតាំង ពីសមាជិកសភា«ឯកបក្ស» នៅថ្ងៃទី២៤ខែកញ្ញានេះ ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានថា មូលហេតុដែលបក្សប្រឆាំងមិនចូលរួមប្រជុំសភាលើកដំបូងគឺដោយសារថា បក្សប្រជាជនមិនយល់ព្រមតាមសំណើររបស់មេដឹក នាំបក្សសង្គ្រោះជាតិចង់គ្រប់គ្រងរដ្ឋសភា។ ក៏ប៉ុន្តែលោក យឹម សុវណ្ណ បានអះអាងថា អ្វីដែល គណបក្សនេះចង់បាន គឺយុត្តិធម៌ចំពោះម្ចាស់ឆ្នោត។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកមានវត្តមាននៅក្នុងជំនួបលើកទី២ ជាមួយលោក ហ៊ុន សែន កាលពីសប្តាហ៍មុននោះ លោកបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃនេះថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន គឺចង់រកយុត្តធម៌ជួនពលរដ្ឋ ចង់បានតុល្យភាពអំណាច ជាមួយរដ្ឋាភិបាលដើម្បីកុំឲ្យ គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីស្រេចតែចិត្តតទៅទៀត។
«... ទៅសួរលោក ហ៊ុន សែន ខ្លូនឯងទៅ ...»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វួ បានសាកសួរអ្នកនាំពាក្យរូបនេះបន្តថា តើអ្វីដែលលោក ហ៊ុន សែន និយាយកាលពីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣ ថាគណបក្សសង្គ្រោះជាតិ«តថ្លៃ»អំណាចចង់កាន់កាប់រដ្ឋសភា ដោយមិនគិតរកយុត្តិធម៌ជូនពលរដ្ឋជាមុននោះ ជាការពិតឬយ៉ាងណា? លោក យឹម សុវណ្ណ បានឆ្លើយថា «សូមលោកទៅសួរលោក ហ៊ុន សែន ខ្លូនឯងទៅ»។
ប្រតិកម្មពីគណបក្សសង្គ្រោះជាតិ តាមរយៈអ្នកនាំពាក្យនេះ បានធ្វើឡើងបន្ទាប់ពីសេចក្ដីអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ទៅកាន់អ្នកការសែតនៅមុខមន្ទីររដ្ឋសភាថា នៅក្នុងជំនួបកំពូលលើកទី២នោះ ប្រមុខដឹកនាំបក្សសង្គ្រោះជាតិ បានធ្វើសម្បទានឲ្យគណបក្សប្រជាជនកម្ពុជា ដោយយល់ព្រមទទួលយកអាសនៈ៥៥ ដែល ប្រកាសដោយ គជប និងគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨ កៅអី ព្រមទាំងទទួល ស្គាល់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាថ្នូនឹងការផ្តល់តំណែងជាប្រធានសភា មកគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបដិសេធមិនយល់ព្រមតាមការស្នើសុំ របស់បក្សប្រឆាំងនោះទេ ដោយលោកបានបញ្ជាក់ទៀតថា ប្រសិនបើពេលនោះ លោកយល់ព្រមឲ្យអំណាចមែននោះ ម្លេះតំណាងរាស្រ្តបក្សប្រឆាំង ចូលរួមប្រជុំសភាលើកដំបូងបាត់ទៅហើយ។
ជុំវិញបញ្ហាចែករំលែកអំណាចគ្នានេះ លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ ធ្លាប់បានបរិហាខ្លាំងៗក្នុងពេលកន្លងមកថា ប្រសិនបើអ្នកនយោបាយខ្មែរ ចូលចិត្តតែចែកអំណាចគ្នាបែបនេះ នោះពលរដ្ឋនៅតែទឹកភ្នែកដដែល។ ចំណែកឯខាងសកម្មជនអ្នកគាំទ្របក្សសង្គ្រោះជាតិវិញ ក៏បានបង្ហាញជំហរមិនពេញចិត្តដែរ ប្រសិនណាជាមេដឹកនាំបក្សសង្គ្រោះជាតិ «តថ្លៃ»ជាមួយនឹងលោក ហ៊ុន សែន ជាថ្នូនឹងការចង់បានអំណាចណាមួយ។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន បានលើកយកពាក្យសម្ដីរបស់គូរបដិបក្ខ មកវាយប្រហារបកត្រឡប់វិញ ក្នុងនោះមានការជួបចរចារសម្ងាត់រវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងថៃ ក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងការលើកយកសម្លេងឆ្លើយឆ្លងតាមទូរស័ព្ទរវាងលោក និងលោកកឹម សុខា ក្នុងពេលកន្លងមកនោះជាដើម។ ប្រសិនបើមានការចរចារលើកក្រោយទៀតនោះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបន្ថែមថា លោកសូមស្នើឲ្យការជួបចរចាររវាងមេដឹកនាំបក្សសង្គ្រោះជាតិ និងមេដឹកនាំបក្សកាន់អំណាច ថាត្រូវតែធ្វើឡើង«ជាសាធារណៈ»ជូនដល់ពលរដ្ឋឲ្យបានជ្រាប ដើម្បីជៀសវាងមានការបកស្រាយច្រើនខុសគ្នាបែបនេះ៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ