បក្សសង្គ្រោះជាតិ៖ «ស្បថ»ឬ«មិនស្បថ» មិនមែនជារឿងលោកហ៊ុន សែន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បើចង់និយាយអីទៀត ត្រូវចូលស្បថសិន បើមិនទាន់បានចូលស្បថទេ កុំទាន់អាលលើកបញ្ហាការចចារជាមួយគណបក្សប្រជាជន។ ព្រោះដំណាក់កាល (វា) មកដល់ពេលនេះហើយ កុំមកតថ្លៃថា ទាល់តែឲ្យតំណែងជាប្រធានរដ្ឋសភា។» ខាងលើនេះជាការលើកឡើងរបស់លោក ហ៊ុន សែន ដែលទើបទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋសភា ក្នុងការបន្តរតំណែងជានាយករដ្ឋមន្រ្តីអាណត្តិទីប្រាំ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - លោក ហ៊ុន សែន បន្ទាប់ពីរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្រ្តីអាណត្តិទីប្រាំនេះ នៅក្រៅបន្ទប់ប្រជុំខាងមុខរដ្ឋសភា បានលើកឡើងថាសមាជិករដ្ឋសភា មកពីខាងគណបក្សសង្គ្រោះជាតិមានតែ៥៥រូបទេ មិនដល់៦៣រូបនោះទេ ដូចអ្វីដែលគណបក្សប្រឆាំងបានប្រកាសនោះឡើយ។
រដ្ឋសភាកំពុងតែដំណើរការ ហើយក៏បានបោះជំហានទៅរកការបង្កើតនូវរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទីប្រាំនេះ ដែលមានតែសមាជិកភាគច្រើនបំផុត មកពីខាងគណបក្សប្រជាជនកម្ពុជា។ តែតាមការចចារកន្លងមក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងសន្និសិទសារព៍ត៌មានកាលពីថ្ងៃទី១៧ ខែកញ្ញាថា កិច្ចជំនួបប្រជុំកំពូលនោះ ខាងគណបក្សសង្គ្រោះជាតិ ចង់បានឲ្យមានការកែប្រែ ឬផ្លាស់ប្តូរនូវសមាសភាពនៃក្រសួងស្ថាប័នមួយចំនួន ឧទាហរណ៍ដូចជា គ.ជ.ប ជាដើម។ តែសម្រាប់លោកនាយករដ្ឋមន្ត្រីបន្តរតំណែងអាណត្តិទីប្រាំនេះ បានបញ្ជាក់ចំពោះ«តំណែង»ទាំងអស់អាស្រ័យលើសមាជិកនៃរដ្ឋសភា ជាអ្នកធ្វើសេចក្តីសម្រេច តាមរយៈការបោះឆ្នោតក្នុងរដ្ឋសភា មិនមែនតាមការចង់បានរបស់បក្សណាមួយនោះឡើយ។ លោកបានបន្តរថា លោកក៏មិនអាចធានាបានដែរថា សមាជិកទាំង៦៨រូបមកពីគណបក្សប្រជាជនកម្ពុជានោះ នឹងសម្រេចបែបណាទេ ចំពោះការទាមទារទាំងនោះ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព៏ងអាំងហ្វូ លោក យឹម សុវណ្ណ បានបញ្ជាក់ថា ការចូលស្បថ ឬមិនស្បថក្នុងសភា (វា)ជារឿងរបស់គណបក្សប្រឆាំងទេ មិនមានអ្វីពាក់ពន្ធ័នឹងគណបក្សប្រជាជននោះទេ។ «រឿងស្បថ ឬមិនស្បថមិនមែនជារឿងរបស់លោក ហ៊ុន សែន ឲ្យស្បថ ឬមិនឲ្យស្បថនោះទេ (វា)ជារឿងរបស់ប្រជាពលរដ្ឋ រឿងតំណែងដែលប្រជាពលរដ្ឋប្រគល់ឲ្យ។ ទោះជាលោក ហ៊ុន សែន ឲ្យស្បថ ឬមិនឲ្យស្បថ យើងខ្ញុំជាអ្នកតំណាងរាស្រ្ត ហើយយើងខ្ញុំស្តាប់តែប្រជារាស្រ្តទេ ខ្ញុំគ្មានត្រូវការមកនិយាយ មកបញ្ជាឲ្យធ្វើនេះ ឬធ្វើនោះទេ អត់មានទេ។»
សូមរម្លឹកថាបន្ទាប់ពីផ្តល់សេចក្តីទុកចិត្តពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តទីប្រាំនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតជាសកលសម្រាប់នីតិកាលទីប្រាំនេះ ស្ថិតក្នុងបរិយាកាសថ្លៃថ្នូរ និងតម្លាភាព មានភាពត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ ដោយបានផ្អែកតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោក ហ៊ុន សែន បានបន្តរថា «របបនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាយើង អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដែលកំណត់ដោយច្បាប់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ ដូច្នេះហើយរដ្ឋសភាជាស្ថាប័ននិតិបញ្ញត្តិនេះ បានដំណើរការអស់ពេលបួនអាណត្តិមកហើយ ហើយបច្ចុប្បន្នយើងកំពុងចាប់ផ្តើមដំណើរការអាណត្តិទីប្រាំ ដើម្បីគោលដៅបម្រើឧត្តមប្រយោជន៍សង្គមជាតិ និងបំណងប្រាថ្នារបស់សង្គមជាតិទូទៅដែលជាម្ចាស់ឆ្នោត។»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ