ក្រុមចរចា ផ្តើមលម្អិតការកែទម្រង់ការបោះឆ្នោត នៅថ្ងៃស្អែក
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាជាថ្មីថា នឹងជួបជជែកគ្នាលម្អិត លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)
ការបោះឆ្នោត - ការបង្ហាញភ្លើងខៀវរបស់នាយករដ្ឋមន្ត្រី និងអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន ឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដាក់ស្ថាប័ន (គ.ជ.ប) ជាស្ថាប័នធម្មនុញ្ញ និងព្រលយឲ្យគណបក្សសង្រ្គោះជាតិ អាចបង្កើតស្ថានីយទូរទស្សន៍ បានផ្តល់ឱកាសជាថ្មី ដល់ក្រុមការបច្ចេកទេសរបស់គណបក្សទាំងពីរ ដើម្បីជួបជជែកគ្នា លម្អិតទាក់ទងនឹងសំណុំរឿងទាំងនោះ។
មន្រ្តីអ្នកនាំពាក្សគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះថា នៅម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងជួបជជែកគ្នាជាផ្លូវការនៅវិមានព្រឹទ្ធសភា។ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកហេតុផលថា៖ «ដោយមានព័ត៌មានពីគណបក្សប្រជាជនថា គាត់ឯកភាព ដាក់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះយើងនឹងសិក្សាលម្អិត ពីវិសោធនកម្ម។»
ការជួបនេះមានសមាសភាពប្រាំមួយរូប បីរូបមកពីគណបក្សសង្គ្រោះជាតិ មានលោក សុន ឆ័យ លោក គុយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញារិទ្ធ និងបីទៀតពីគណបក្សប្រជាជនកម្ពុជា មានលោក ព្រំ សុខា លោកកើត ឆែ និងលោក សក់ សេដ្ឋា។
បន្ទាប់ពីវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយជិតមួយឆ្នាំ បើគិតចាប់ពីការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងពេលចុងក្រោយនេះ ហាក់ដូចជាមានជំហរនយោបាយត្រូវគ្នាច្រើន ពិសេសលើការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
តែចំណុចគន្លឹះ គឺការកំណត់ពេលបោះឆ្នោត ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយទាំងស្រុង ត្រូវបានគេមើលឃើញថាគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរបដិសេធដាច់ខាត។ ដោយសំអាងថាជាការ រំលោភរដ្ឋធម្មនុញ្ញកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ បានបញ្ជាក់ថាគ្មានការបោះឆ្នោតឡើងវិញ មុនការបញ្ចប់អាណត្តិនោះទេ ការបោះឆ្នោតចាំបាច់ត្រូវរង់ចាំដល់ឆ្នាំ២០១៨។
សម្រាប់លោកយ៉ែម បុញ្ញឬទ្ធិ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ជាគណបក្សដែលធ្លាប់ទាមទារបោះឆ្នោតឡើងវិញត្រឹមឆ្នាំ២០១៦ ឬ២០១៧ បានបញ្ជាក់ទៀតថា៖ «បើមានការឯកភាពគ្នា លើចំណុចអស់ហ្នឹងហើយ (ការកែទម្រង់) បានថ្នាក់ដឹកនាំកំពូលគាត់ឯកភាពគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ដូច្នេះវាមានជំហានៗ ហើយជំហានចូលប្រជុំសភា នៅមិនទាន់ចូលរបៀបវារៈ នៅឡើយទេ។»៕