ឡាក់ សុភាព៖ CNRP កំពុង​មាន​បញ្ហា ក្រោម​ការ​ដឹក​នាំ​បែប​«ប៉ើក​ឡើក» និង​«ពពាក់​ពពូន» (vdo)

គណបក្សសង្គ្រោះជាតិកំពុងមានបញ្ហា» ក្រោមការដឹកនាំបែប«ប៉ើកឡើក» និង«ពពាក់ពពូន» បែបបក្សពួកនោះ មិន​អាច​ទៅ​មុខ​រួច​ឡើយ។ នេះជាការថ្លែងបរិហាចំៗ របស់អ្នកស្រី ឡាក់ សុភាព នៅក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទៅលើគណបក្សប្រឆាំងល្បីឈ្មោះមួយ នៅកម្ពុជា។
អ្នកស្រី ឡាក់ សុភាព។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 30, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើជំហាន​ណា​មួយ ដែល​អ្នកស្រី ឡាក់ សុភាព បាន​ដើរ រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆេះ​ដុំ អត់​ទ្រាំ​ពុំ​បាន ក៏​សម្រេច​បណ្ដេញ​អ្នកស្រី ចេញ​ពី​សមាជិកគណបក្ស​នោះ? ខាង​ក្រោយ​នេះ ជា​ពាក្យ​សម្ដី​មួយ​ចំនួន អម​ដោយ​ខ្សែ​អាត់​ថត​សម្លេង​ផង ដែល​​អ្នកស្រី​បាន​ថ្លែង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​អ្នកស្រី​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា រៀបចំ​ដោយ​បណ្ដាញ​សង្គម​ខ្មែរ​ជួយ​ខ្មែរ របស់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក។

«មុន​នឹង​យើង​ទិញ​ឡាន​ថ្មី​ជិះ ទាល់​តែ​យើង​ចូល​ជិះ​ឡាន​ជា​មួយ​គេ ហើយ​យើង​ធ្វើ​ផ្លូវ​ឲ្យ​ល្អ​សិន។ (...) ផ្លូវ គឺ​ជា​ច្បាប់ ដែល​ច្បាប់​សម្រាប់​ការ​ដឹកនាំ គឺ​ជោគ​ជ័យ​ហើយ»។ នេះ​ជា​ឃ្លា​ពីរ ក្នុង​ចំណោម​ពាក្យ​សម្ដី​ដំបូង​គេ ដែល​អ្នក​ស្រី​បាន​បន្លឺ​ប្រាប់​ទស្សនាវដ្ដី និង​ទំនង​ជា​បាញ់​មុខ​ព្រួយ ទៅ​រក​ការ​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​អ្នកស្រី មិន​គ្រាន់​តែ​បង្ហើប​ប៉ុណ្ណេះ​ទេ តែ​បាន​និយាយ​បរិហា​ធ្ងន់ៗ​បន្ថែម​ទៀត ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្ទៃ​ក្នុង​របស់​គណបក្ស​នេះ។

អ្នកស្រីបានថ្លែងថា ផ្ទៃក្នុងគណបក្សកំពុងតែ«វ៉ល់»ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស។ សកម្មជននៃ​គណបក្ស​សិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី នៅឯក្រៅប្រទេសនោះមិនត្រូវគ្នា មិនស៊ីចង្វាក់គ្នាទេ ពិសេស​នៅប្រទេសបារាំង។ ការរើសអើងចំពោះអ្នកជាប់ និងអ្នកមិនជាប់ នាំឲ្យមានការផុយស្រួយ ដែលឈាន​ទៅ​ដល់ការបែកបាក់គ្នានេះ ហើយអាចនឹងរលាយបាត់រូបទៀតផង។ គណកម្មការនាយកមួយចំនួន គេនឹង​ចេញ​ទៅចូលរួមជាមួយគណបក្សដៃទៃទៀត ដូចជាទៅចូលរូមជាមួយគណបក្សប្រជាជនកម្ពុជា ឬនឹងទៅចូល​រួម​ជាមួយគណបក្សលោក កែម ឡី ដែលគ្រោងនឹងបង្កើតឡើងនោះ។

«ផ្ទៃក្នុង នៃគណបក្សសង្គ្រោះជាតិកំពុងមានបញ្ហា ក្រោមការដឹកនាំបែបប៉ើកឡើក និងពពាក់ពពូនបែប​បក្ស​ពួកនោះ មិនអាចទៅមុខរួចឡើយ»។ អ្នកស្រីបានបញ្ជាក់ដូច្នេះទៀតថា «សំខាន់ រលាយគណបក្ស វាមិនអី​ទេ​អស់លោក។ រលាយអី? រលាយជាតិ ជាតិខ្មែរទាំងមូល រលាយដោយសាមេដឹកនាំ!»។

ទំនងជាមានជំនឿចិត្តខ្លាំង អ្នកស្រី ឡាក់ សុភាព បានបញ្ជាក់ថា អ្នកស្រីមានសកម្មជនរបស់គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើននាក់នៅទូទាំងប្រទេស រង់ចាំគាំទ្រអ្នកស្រី ដើម្បី ប្រឆាំងទៅនឹងទង្វើ​ដឹកនាំ«មិនល្អ»​របស់​មេបក្សទាំងពីររូប។ ហើយបើតាមការអះអាងរបស់អ្នកស្រី ការចាកចេញពីគណបក្សសង្គ្រោះជាតិ ក៏ដូច​ជាអ្នកស្រីបានដឹងខ្លួនរួចជាស្រេចដែរ។ អ្នកស្រីបានថ្លែងប្រាប់ ពីមូលហេតុនៃការដើរចេញនោះថា ព្រោះតែ​មិនអាចនៅ ជាមួយ«ការក្រឡុក»របស់ថ្នាក់ដឹកនាំគណបក្សបាន។ អ្នកស្រីបានពោលឡើងថា៖ «ខ្ញុំមិនអាច​ធ្វើការបំរើនយោបាយ ជាមួយបុគ្គលណាម្នាក់ ដែលជាបុគ្គលពុករលួយបាននោះទេ។ (...) បើខ្ញុំនិយាយ​គេ​នឹង​ដេញខ្ញុំចេញ តែខ្ញុំចង់រង់ចាំមើលគោលនយោបាយរបស់គាត់ នាពេលខាងមុខថា តើគាត់កែ ឬមិនកែ ដែល​យូរបំផុតត្រឹមខែប្រាំខាងមុខនេះ (ឆ្នាំ២០១៥)។»

អ្វីដែលស្ត្រីសមាជិកគណកម្មការនិយក នៃគណបក្សប្រឆាំងរូបនេះចង់បាននោះ គឺចង់បានគ្រប់គណបក្ស​ទាំងអស់ ធ្វើការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួន ឈានទៅកាន់លិទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដោយគ្មានការ​រើស​អើង ដោយមិនប្រកាន់បក្សពួក ជាគ្រួសារនិយម បក្សពួកនិយម។ អ្នកស្រីនិយាយថាថា៖ «ក្នុងនាមខ្ញុំផ្ទាល់​ជា​ស្រ្តី ជាមួយនឹងនយោបាយ២០ឆ្នាំមកនេះ ខ្ញុំមិនដែលទាមទារ ឬអង្វករសុំអំណាចពីបុគ្ហគលណា ឬមេដឹក​នាំ​ណាម្នាក់នោះទេ។»

ពាក្យសម្ដីបកអាក្រាតខាងលើនេះ មិនបានធ្វើឲ្យគណបក្សសង្គ្រោះជាតិសប្បាយចិត្តឡើយ។ កាលពីព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ អ្នកស្រី ឡាក់ សុភាព ត្រូវបានគណកម្មការនាយកនៃគណ​បក្ស​សង្គ្រោះជាតិ​កោះហៅទៅបំភ្លឺ ពីការលើកឡើងរបស់អ្នកស្រី ដែលសម្រាប់គណបក្សសង្គ្រោះជាតិ នេះជាការប្រឌិត និង​បំប៉ោងនូវព័ត៌​មាន ​ដែលមិនមែនជាការពិត ទៅកាន់អ្នកសារព័ត៌មាន។ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ អ្នកស្រីត្រូវបានគណបក្សបណ្ដេញ បញ្ចប់សមាជិកភាព ពីគណបក្សជាផ្លូវការ។ ប៉ុន្តែប្រធាន​គណៈកម្មា​ធិការ​វិន័យ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បាននិយាយថា នឹងមិនគិតគូដល់​បញ្ហា​បរិហាកេរ្តិ៍ តាមផ្លូវតុលាការនោះឡើយ ហើយថាចង់ទុកផ្លូវឲ្យអ្នកស្រី​បកស្រាយឡើងវិញ។

សូមស្តាប់នូវខ្លឹមសារដើមទាំងស្រុង ដែលលើកឡើងដោយអ្នកស្រី ឡាក់ សុភាព ក្នុងកិច្ចសម្ភាសថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...