បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​៣ បក្ស​ប្រជាជន​ត្រៀម​ការពារ

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រជុំសភា និងបង្កើតរដ្ឋាភិបាលដោយឯកបក្ស ខណៈគណបក្សសង្រ្គោះជាតិ ធ្វើពហិការមិនចូលរួមប្រជុំ នឹងនៅតែបង្ហាញគោលជំហរបដិសេធលទ្ធផលបោះឆ្នោត និងអះអាង ថាអាចនឹងធ្វើមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាលើកទីបីបន្តទៀត។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នោះវាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែក៏បានបញ្ជាក់អះអាងដែរថា នឹងត្រៀមការពារទប់ទល់បាតុកម្មនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រជុំសភា និងបង្កើតរដ្ឋាភិបាលដោយឯកបក្ស ខណៈគណបក្ស​សង្រ្គោះ​ជាតិ ធ្វើពហិការមិនចូលរួមប្រជុំ នឹងនៅតែបង្ហាញគោលជំហរបដិសេធលទ្ធផលបោះឆ្នោត និងអះអាង ថាអាចនឹង​ធ្វើ​មហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាលើកទីបីបន្តទៀត។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នោះវាជាសិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញមតិ តែក៏បានបញ្ជាក់អះអាងដែរថា នឹងត្រៀមការពារទប់ទល់បាតុកម្មនេះ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីបាតុកម្មលើកទី១ ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ ពិតជាមានគម្រោង ធ្វើមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំ ជាថ្មីម្តងទៀត​ពិតប្រាកដមែន។ តែអ្នកនាំពាក្យរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយលំអិត ទាក់ទងនឹងផែនការមហាបាតុកម្មអហិង្សា​របស់គណបក្សនោះទេ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងពីខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ថា គណបក្ស​បក្សសង្រ្គោះជាតិ កំពុងតែរៀបចំផែនការធ្វើមហាបាតកម្មជាលើកទី៣។ តែអនុប្រធានគណបក្សប្រឆាំងរូបនេះ ក៏មិនបាន​លម្អិតពីមហាបាតុកម្មនេះដែរ ដោយគ្រាន់តែលើកឡើងថា បាតុកម្មនេះនឹងមានរយៈពេលយូរជាង បាតុកម្មលើកមុនៗ។

ឈ្មួញបាតុកម្ម ...

ជាការឆ្លើយតបចំពោះគម្រោងមហាបាតុកម្មអហិង្សានេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកគម្រោងមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិថា៖ «វាគ្រាន់តែជាឈ្មួញបាតុកម្មតែប៉ុណ្ណោះ»។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា ការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ វាហួសពេលហើយ តែលោកបានលើកជា​សំណួរថា តើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ «នឹងមានចំនួនបាតុករចូលរួមប៉ុន្មាន ដើម្បីឲ្យសមត្ថកិច្ច​ត្រៀមលក្ខណៈការពារ»។

គួរម្លឹកថា ក្រោយការបោះឆ្នោត គណបក្សសង្រ្គោះជាតិបានបដិសេធលទ្ធផលបោះឆ្នោត ដែលប្រកាសឲ្យដឹង ដោយ​គណៈ​កម្មាធិការជាតិរៀបការឆ្នោត (គ.ជ.ប) កាលទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ និងបានចោទប្រកាន់អំពីភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត និងទាមទារឲ្យមានការស៊ើអង្កេតដោយឯករាជ្យ តែត្រូវបានច្រានចោល ដោយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។

ក្នុងពិធីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រដ្ឋាភិបាលថ្មី ដោយរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីអាណត្តិទី៥ទើបតែងតាំងថ្មី បានថ្លែងការពារអំពីដំណើរការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្រ្តនីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះថាបានប្រព្រឹត្តទៅប្រកបដោយ​ប្រក្រតី​ភាព តម្លាភាព យុត្តិធម៌ និងអាចទទួលយកបាន។

តែកន្លងមក«បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោត» ដែលមានក្រុមអង្គការសង្គមស៊ីវិលច្រើនជាង៤០ និងអង្គការមួយទៀត​ឈ្មោះ អង្គការតម្លាភាពកម្ពុជា បានរកឃើញភាពមិនប្រក្រតីជាច្រើន មានសភាពធ្ងន់ធ្ងរ និងស្មើឲ្យមានការបង្កើត​គណៈ​កម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងកំឡុងពេលការបោះឆ្នោតនេះ។

ទោះជាកិច្ចប្រជុំសភាលើកដំបូងបានបញ្ចប់ ហើយរដ្ឋាភិបាលថ្មីបានលេចចេញជារូបរាង ដ៏ចម្រូងចម្រាសហើយ​នេះក្តី គណបក្សសង្រោះជាតិរហូតមកដល់ម៉ោងនេះ នៅតែប្រកាន់ជំហរមិនទទួលស្គាល់ ពីភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីនេះ និងថែមទាំងចោទប្រកាន់ថា ជារដ្ឋាភិបាលមិនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល និងកំពុងដើរបញ្រ្ចាសគោលការណ៍ លិទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស។ ដំណឹងចុងក្រោយដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ ឲ្យដឹងថាគណបក្ស​សង្គ្រោះជាតិ នឹងធ្វើសន្និសីត​ការសែតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដើម្បី​បង្ហាញ​ពី​គោលជំហរជាបន្តរបស់ខ្លួន ជុំវិញស្ថានការណ៍នយោបាយបច្ចុប្បន្ន៕

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...