បក្សកាន់អំណាច និងបក្សប្រឆាំង៖ ប្រសិទ្ធិភាពរវាងការអនុវត្ត និងការសន្យា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៥
- កែប្រែចុងក្រោយ: January 31, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្វីបើគណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ តែគណបក្សនេះនៅតែមានការគាំទ្រខ្ពស់ ពីប្រជាពលរដ្ឋ។ លោកថា ករណីសំខាន់ក្នុងអាណត្តិទីប្រាំនេះ គណបក្សចំណាស់របស់លោក បានថមថយនូវកម្លាំងអាសនៈក្នុងរដ្ឋសភា ដោយសារមានកំណើនសម្លេងខ្លាំង ទៅរកគណបក្សប្រឆាំង។
យ៉ាងនេះក្តី លោកបានចាត់ទុកថា នេះជាបរិបទមួយថ្មី ដែលគណបក្សប្រជាជនកម្ពុជាកំពុងជួបប្រទះ និងត្រូវស្វែងរកដំណោះស្រាយ។ លោកបញ្ជាក់ដូច្នេះថា៖ «ប្រការនេះ តម្រូវឲ្យយើងត្រូវសិក្សា ឲ្យបានគ្រប់ជ្រុងជ្រោយអំពីមូលហេតុ ដែលនាំឲ្យកើតមានស្ថានភាពដូច្នេះ។ (…) ចំណុចខ្លាំង ចំណុចខ្សោយ មេរៀន បទពិសោធន៍ថ្មីៗរបស់គណបក្ស សំដៅជំរុញការធ្វើកំណែទម្រង់ ឲ្យបានខ្លាំងក្លាទាន់ពេលវេលា និងមានប្រសិទ្ធភាព។ (…) យើងត្រូវតែប្តូរផ្តាច់ដើម្បីធ្វើការងារ។»
នៅចំពោះការប្ដេជ្ញាចិត្តខាងលើ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបានទេនារសៀលនេះ។
កន្លងមក លោក សម រង្ស៊ី ក៏ដូចជាលោក កឹម សុខា ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ តែងតែព្យាយាមបង្កើននូវប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់គណបក្សរបស់ពួកលោក តាមរយៈការចុះតាមមូលដ្ឋានទាំងក្នុង និងក្រៅប្រទេស។ ជាមួយនឹងការចុះពង្រឹងការងារក្នុងមូលដ្ឋាននោះ លោកតែងតែបានថ្លែងថា ប្រជាប្រិយភាពនិងកម្លាំងគាំទ្រ ស្ថិតលើសកម្មភាពពិត មិនស្ថិតលើការសន្យា ឬពាក្យសំដីនោះឡើយ។ នេះជាយុត្តិសាស្រ្តរបស់គណបក្សប្រឆាំង ដើម្បីទទួលបានជំនឿចិត្តពីអ្នកគាំទ្ររបស់ខ្លួន។
តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា បច្ចុប្បន្ននេះគណបក្សទាំងពីរក្នុងរដ្ឋសភា កំពុងសង្វាតនៅកៀកជាមួយពលរដ្ឋ ដែលជាម្ចាស់ឆ្នោតតែរៀងៗខ្លួន។ ជាពិសេស សម្រាប់គណបក្សប្រជាជនកម្ពុជាថ្មីៗនេះ តាមរយៈរដ្ឋាភិបាលដែលនៅក្នុងអំណាច បានបង្ហាញសកម្មភាពយ៉ាងសកម្មជាងមុខ ក្នុងការយកចិត្តប្រជាពលរដ្ឋ តាមរយៈការដំឡើងប្រាក់បៀរវត្សជូនមន្ត្រីរាជការ និងកម្មករ ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ផ្ទះជួល និងការបញ្ចុះតម្លៃសាំងជាដើម។
ក្នុងមហាសន្និបាតលើកទី៣៧ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ របស់គណបក្សប្រជាជនកម្ពុជានេះ លោក ហេង សំរិន បានបង្ហាញនូវ«គោលជំហរចំនួនប្រាំង» ដែលសុទ្ធសឹងជាប្រធានបទដ៏សំខាន់ ដើម្បីបន្តចូលរួមប្រកួតប្រជែង ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការដណ្តើមប្រជាប្រិយភាព ពីប្រជាពលរដ្ឋឡើងវិញ។ ជំហរសំខាន់ទាំងប្រាំ របស់គណបក្សប្រជាជនកម្ពុជានោះ រួមមាន៖
- របាយការណ៍ពីការកែទម្រង់ការបោះឆ្នោត។
- អនុម័តលើសេចក្តីព្រាងរបាយការណ៍លើសភាពការណ៍ទូទៅ សភាពការណ៍នៃការជ្រើសតាំងតំណាងរាស្ត្រ ទិសដៅ និងភារកិច្ចរបស់គណបក្ស។
- ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល។
- គោលជំហរពិសេសរបស់គណបក្ស គឺការជ្រើសរើស«យុវជន» បញ្ជូលក្នុងគណៈកម្មាធិការកណ្តាលរបស់គណបក្ស។
- និងលើកស្ទួយការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយគ្មាននិន្នាការនយោបាយ៕