ICC កំពុងពិនិត្យសំនុំរឿង«ឧក្រិដ្ឋកម្ម»នៅកម្ពុជា ខណៈញត្តិមួយស្នើឲ្យពន្លឿន
- ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មករា ២០១៥
- កែប្រែចុងក្រោយ: January 31, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ ក្នុងទីក្រុង ឡាអេ ប្រទេសហូឡង់ ហៅកាត់តាមភាសាបារាំង CPI និងភាសាអង់គ្លេស ICC បានទទួល និងកំពុងពិនិត្យលើពាក្យបណ្ដឹង ពាក់ព័ន្ធនឹងការរឹបអូសដីធ្លី នៅក្នុងប្រទេសកម្ពុជានោះ។ នេះបើតាមការអះអាង របស់មេធាវីអន្តរជាតិ លោក រីឆាដ រ៉ូជ័រ (Richard Rogers) តំណាងឲ្យពលរដ្ឋខ្មែររងគ្រោះ ដែលបានដាក់ពាក្យបណ្ដឹងនេះ នៅចំពោះមុខលោកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តររដ្ឋអាជ្ញានៃសាលាក្ដី កាលពីនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤កន្លងទៅ។
ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាវិទ្យុសម្លេងសហរដ្ឋអាមេរិក ផ្សាយជាខេមរភាសា លោកមេធាវី រូជ័រ បានអះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិកំពុងពិចារណាទៅលើភស្ដុតាង ថាតើពួកគេចាំបាច់ ត្រូវធ្វើការស៊ើបអង្កេតបឋមមួយឬទេ មុននឹងឈានទៅធ្វើការស៊ើបអង្កេតជាផ្លូវការ ឲ្យបានស៊ីជម្រៅ។ និតិវិធីខាងលើរបស់តុលាការអន្តរជាតិ អាចនឹងប្រើរយៈពេលមួយដ៏វែង រវាងពីមួយឆ្នាំទៅពីរឆ្នាំ ហើយវាអាស្រ័យទៅលើធនធានថវិកា របស់សាលាក្ដីនោះផង។
ទន្ទឹមនឹងការទទួលមកពិនិត្យ នូវពាក្យបណ្ដឹងនេះ សហគមន៍ខ្មែរមួយនៅសហរដ្ឋអាមេរិក ក៏បានចេញនូវញត្តិមួយ ស្វែងរកហត្ថលេខាតាមបណ្ដាញអ៊ិនធើណែត ដើម្បីស្នើសុំទៅសាលាក្ដីអន្តរជាតិ ឲ្យពន្លឿននិតិវិធីទាំងនេះ តាមតែអាចធ្វើទៅបាននោះដែរ។ លោក ទូច វិបុល ប្រធានមូលនិធិសង្គ្រោះជាតិខ្មែរ ដែលជាអ្នកផ្តួចផ្ដើមឲ្យមានញត្តិនេះឡើង ហើយយកទៅដាក់នៅលើគេហទំព័រ Change.org ដើម្បីស្វែងរកហត្ថលេខាគាំទ្រនោះ បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា នេះជាពេលវេលាសម្រាប់ខ្មែរគ្រប់រូប មិនត្រឹមតែដើម្បីចូលរួមលើកទឹកចិត្តលោកមេធាវី រូជ័រ ប៉ុណ្ណោះទេ តែដើម្បីបង្ហាញនូវការឈឺចាប់ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា។
ប្រធានមូលនិធិរូបនេះ បានបន្តថា បន្ទាប់ពីបានគាំទ្រលោកមេធាវី រ៉ូជ័រ ដើម្បីជម្រុញពាក្យបណ្តឹងមួយនេះ ឲ្យមានសុពលភាព និងប្រសិទ្ធិភាព សម្រាប់ការចុះអង្កេតរបស់តុលាការអន្តរជាតិនោះ រូបលោកផ្ទាល់ ក៏បានស្នើឲ្យមានការចុះហត្ថលេខាគាំទ្រ លើញត្តិខាងលើ ពីបណ្តាជនទាំងឡាយ ដែលស្នេហាយុត្តិធម៌នៅទូទាំងពិភពលោកថែមទៀត។ លោក ទូច វិបុល បានសរសេរថា៖ «ការចុះហត្ថលេខានេះ គឺអាចធ្វើបានគ្រប់ប្រទេសទាំងអស់ លើពិភពលោក។ ហើយបងប្អូនខ្មែរយើង ជាពិសេសបងប្អូនដែលរងគ្រោះ ដោយសារការបណ្តេញចេញ ពីលំនៅដ្ឋាន ដោយសារការរំលោភសិទ្ធិមនុស្ស ។ល។ អាចចុះហត្ថលេខាបាន។»
រាប់ពីពេលបង្កើត នៅថ្ងៃទី២១ ខែមករា មកទល់នឹងពេលនេះ ញត្តិនៅលើបណ្ដាញអ៊ិនធើណែតនោះ ទទួលបានហត្ថលេខាបានប្រមាណជាង ២១០០នាក់ហើយ ដែលអាចជាចំនួនតិចតួចនៅឡើយ សម្រាប់ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើការឆ្លើយតប។
ប៉ុន្តែយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលក្នុងនិងក្រៅប្រទេស មិនតិចជាង៤០អង្គការ បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ គាំទ្រពាក្យបណ្តឹងខាងលើនេះ ហើយបានបញ្ជូនញត្តិគាំទ្រនោះ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រុមអង្គការសង្កមស៊ីវិលជុំវិញផែនដី ធ្វើទៅកាន់អន្តររដ្ឋអាជ្ញា ICC អំពាវនាវឲ្យចាប់ផ្តើមការពិនិត្យជាបឋម នឹងការស៊ើបអង្កេតមួយដែលពេញលេញ ដោយបានសរសេររៀបរាប់ថា៖ «ICC ដែលទទួលពាក្យបណ្តឹងនេះ នឹងមានលទ្ធផលវិជ្ជមានយ៉ាងច្រើន មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទៀតផង។ វានឹងបញ្ជូនសារដ៏មានឥទ្ធិពលមួយ នៅពេលដែលការរំលោភដីធ្លី មានជាទូទៅឬជាប្រព័ន្ធ ហើយច្បាប់ ICC មានការពាក់ព័ន្ធ»។
ពាក្យបណ្ដឹង ដែលមានចរិកនយោបាយ...
សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ចាត់ទុកពាក្យបណ្តឹង របស់មេធាវីជនជាតិអង់គ្លេសរូបនេះ ថាគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជារឿងពាក់ព័ន្ធនឹងនយោបាយ។ លោក ស៊ីផាន ថែមទាំងនិយាយថា ពាក្យបណ្ដឹងនេះ គ្រាន់តែជារឿងកំប្លែងលេងសើចប៉ុណ្ណោះ។ ឯលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងថា បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ជារឿងមួយដែល«គ្មាន»ប្រយោជន៍។
ប៉ុន្តែ ចំពោះលោកមេធាវី រូជ័រ វិញ ការថ្លែងពាក់ព័ន្ធពាក្យបណ្ដឹង ទៅនឹងនយោបាយនោះ វាជាការបង្វែសាច់រឿង របស់រដ្ឋាភិបាលកម្ពុជា។ លោកមេធាវី បានបញ្ជាក់ទៀតថា៖ «ពាក្យបណ្ដឹងនេះ ជាបញ្ហាផ្លូវច្បាប់ ធ្វើឡើងដើម្បីពលរដ្ឋជាជនរងគ្រោះ ដែលទទួលការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ»៕
សូមទស្សនាកិច្ចសម្ភាសជាវីដេអូ របស់លោកមេធាវី រ៉ូជ័រ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក ដូចខាងក្រោម៖