អ្នកភូមិបឹងកក់បន្តធ្វើបាតុកម្ម បើទោះជាមានការបង្រ្កាបខ្លាំងក្លាពីអាជ្ញាធរ
បន្ទាប់ពីមានការបង្រ្កាបយ៉ាងចាស់ដៃពី កងកម្លាំងសមត្ថកិច្ច អ្នកភូមបឹងកក់ថ្ងៃទី២ខែកក្កដានេះ បានបន្តធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបសារជាថ្មី។
អ្នកស្រី ទេព វន្នី (រូបកណ្ដាល) នៅចំពោះមុខការហាមឃាត់ របស់នគរបាលបង្ក្រាបបាតុកម្ម។ (រូបថត MONOROOM.info/ U. Bory)
ព្រឹកនេះអ្នកភូមបឹងកក់ បានបន្តប្រមូលផ្តុំគ្នាលើមហាវិថីព្រះមុនីវង្ស ទល់មុខសាលារាជធានីភ្នំពេញ ទាមទារឲ្យ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញគោរពពាក្យសន្យាថា នឹងដោះស្រាយផ្តល់បណ្ណកម្មសិទ្ធិ ដល់ពួកគេឲ្យបានមុនពេលបោះឆ្នោត ប៉ុន្តែរហូតមកដល់ពេលនេះ ពួកមិនបាទទទួលលទ្ធផលដូចការរំពឹងទុកនោះទេ។
បន្ថែមពីនេះ ពួកគាត់ក៏បានទាមទារឲ្យមានការចាប់ខ្លូនជនដៃដល់ ដែលបានប្រើអំពើហិង្សា លើអ្នកភូមិកាលពីម្សិលមិញ បណ្តាលឲ្យសន្លប់ពីរនាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ ដោយត្រូវរលូតកូន។
សូមបញ្ជាក់ថា មិ្សលមិញនេះ អ្នកភូមិក៏បានធ្វើបាតុកម្មនៅមុខសាលារាជធានីភ្នំពេញតាំងពីម៉ោងប្រាំបីព្រឹក រហូតដល់មានការបង្រ្កាប នៅម៉ោងជាងពីររសៀល។
ការបន្តបាតុកម្មនេះក្រុមអ្នកភូមិ ក៏បានទាមទារឲ្យ ដោះលែងអ្នកស្រី យ៉ោម បុប្ផា អ្នកតវ៉ានៃសហគមន៍បឹងកក់ខ្លាំងក្លាមួយរូប ដែលត្រូវចាប់ខ្លួននិង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួនបីឆ្នាំពីបទបង្កហិង្សា ខណៈដែល លោកស្រី ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ ផ្តល់ការលើកលែងទោស និងស្មើរឲ្យរដ្ឋាភិបាលដោះលែង។
បន្ទាប់ពីគ្មានដំណោះស្រាយ ពីខាងភាគីសាលារាជធានីភ្នំពេញ អ្នកភូមិបានឡើងជិះម៉ូតូកង់បី បន្តដំណើរឆ្ពោះទៅកាន់ផ្ទះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែក្បួនម៉ូតកង់បី របស់ពួកគាត់បានពើបប្រទះ ជាមួយនឹងក្រុមយុវជនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រដោយប៉ូលីលបង្រ្កាបបាតុកម្ម កំពុងឈរចាំរួចជាស្រេចនៅក្បែរ សួនច្បារវិមានឯករាជ្យរួចជាស្រេច។
ក្នុងការប៉ះទង្គិចនេះមានការប្រទាញប្រទង់ និងស្រែកដាក់គ្នាទៅវិញទៅមក រវាងអ្នកភូមិបឹងកក់ និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា។ដោយមិនអាចទំលុះរនាំងដែក ដែលបានដាក់ដោយក្រុមយុវជន និងប៉ូលីលបង្រាបបាតុកម្ម អ្នកភូមិបានដកថយ និងបន្តដំណើរទៅកាន់ផ្លូវក្បែរនោះ។
ពេលមកដល់មាត់ច្រកផ្លូវថ្មី អ្នកភូមិបានរាំងខ្ទប់ដោយប៉ូលីបង្រា្កបបាតុកម្មសាជាថ្មី តែលើកនេះចំនួនប៉ូលីមានការកើនឡើងបួនដង លើសពីចំនួនអ្នកភូមិន និងថែមទាំងមានកម្លាំងអន្តរាគមន៍ ក្បែរនោះទៀត។ ការប៉ះទង្គិចបានកើតឡើងនៅគ្រានោះ ដែលបណ្តាលអ្នកភូមិចំនួនបីនាក់បានសន្លប់ ក្នុងនោះមានស្រ្តីពីរនាក់ និងកុមារមួយនាក់។
បាតុកម្មនេះបានបន្តរហូតដល់ម៉ោងពីររសៀល ប៉ុន្តែនៅតែគ្នានដំណោះស្រាយ ខណៈដែលអ្នកភូមិបានថ្លែងថា ពួកគេនឹងធ្វើរហូតដល់ទីបញ្ចប់។ បញ្ហាដីនៅបឹងកក់នេះ បន្តរ៉ាំរ៉ៃតាំងពីឆ្នាំ២០០៧មិនអាចដោះស្រាយរួច បើទោះជាមានការផ្លាស់ប្តូរអភិបាលក្រុងថ្មីក៏ដោយ។
លោក ណៃ វង្សដា ជាអនុប្រធានស៊ើបអង្កេតសិទ្ធិមនុស្សរបស់ក្រុមមេធាវី សមាគមន៍អាតហុក(ADHOC) បានថ្កោលទោសចំពោះការបង្រាបនេះ និងចាត់ទុកការបង្រ្កាបនេះ ជាការប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ លោក បន្ថែមថា៖ «បើរដ្ឋាភិបាលមានឆន្ទះ ដោះស្រាយបញ្ហានេះ នឹងអាចដោះស្រាយរួចក្នុងរយៈពេល មិនលើសពីប្រាំពីរ(៧)ថ្ងៃនោះទេ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចសុំការអាត្ថាធិប្បាយបានទេនៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ ក្រុមអ្នកភូមិក៏បានធ្វើបាតុកម្ម នៅមុខសាលារាជធានី ភ្នំពេញផងដែរ កាលនោះអាជ្ញាធរ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បាញ់ទឹកសន្ធាប់ទៅលើពួកគាត់ ដែលបណ្ដាលឲ្យស្ត្រី ៣នាក់ សន្លប់នៅនឹងកន្លែង៕
----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ