នី ចរិយា៖ បើចង់បាន«ដី»បាញ់«រាស្រ្ត»ឲ្យស្លាប់មុនសិនទៅ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាការលើកឡើងរបស់ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក បានថ្លែងផ្ដល់យោបល់ ទៅក្រុមអាជ្ញាធរ ឬមន្រ្តីមានអំណាច មានបុណ្យសក្តិណាមួយ ដែលមានបំណង ចង់បានដីស្រែ ចំការ ឬដីលំនៅដ្ឋានរបស់រាស្រ្ត ថា «មុននឹងយកចឹង បាញ់គាត់ចោលឲ្យហើយតែម្តងទៅ ចាំទៅយកដីនោះ កុំឲ្យគាត់មកតវ៉ា ពិបាកភ្នែកណាស់»។
លោក នី ចរិយា (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកសារព័ត៌មានថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិលំនៅដ្ឋាន - ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែឧសភា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុកលោក នី ចរិយា ដែលបានទទួលពាក្យបណ្តឹង ប្រជាពលរដ្ឋចំនួនជាង២៥០ គ្រួសារមកពីខេត្តកំពង់ស្ពឺ ដោយតំណាងជាង៦០នាក់ បាននិយាយថា ករណីរឿងនេះ ជាឱកាសនិយម នៃក្រុមអ្នកមានអំណាច ក្នុងដំណាក់កាលដីឡើងថ្លៃ ឬត្រូវប៉ាន់នោះ រួមផ្សំនិងដីជាច្រើនរបស់ប្រជាពលរដ្ឋ ដែលគ្រប់គ្រង់សព្វថ្ងៃនេះ ស្ទើតែទាំងអស់ក្នុងប្រទេសកម្ពុជា ដែល«ពុំ»ទាន់មាន«ប្លង់»ត្រឹមត្រូវនោះ។
វិបត្តិដីធ្លី តែងតែកើតមានជាបន្តបន្ទាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ តែសំនួរសួរថា ហេតុអ្វី បានពលរដ្ឋនៅតែគ្មានប្លង់ ឬកម្មសិទ្ធិលើដីធ្លីរបស់ខ្លួន និងតើហេតុអ្វី បានជារដ្ឋាភិបាលចេញធ្វើគម្រោងអភិវឌ្ឍន៍ នៅលើដីធ្លីរបស់ប្រជាជន?
មន្រ្តីសិទ្ធិមនុស្សរូបនេះ បានយកមូលហេតុមួយចំនួនមកបញ្ជាក់ថា៖ «ដោយសារអំពើពុករលួយផង ដោយសាការមិនយកចិត្តទុកដាក់ របស់អាជ្ញាធររដ្ឋផង ក្នុងការធ្វើប្លង់កម្មសិទ្ធិនេះ។ ប្រជាជនច្រើនណាស់ ដែលមិនទាន់មានប្លង់កម្មសិទ្ធិ។ (...) ក្នុងច្បាប់ភូមិនបាល គេឲ្យសំអាងទៅលើភស្តុតាងជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃថា អ្នកណាជាម្ចាស់កម្មសិទ្ធិ។ (...) នៅពេលដីមានទំនាស់ (អាជ្ញាធរ ឬក្រុមហ៊ុន) ទៅឈូសដី បំផ្លាញភស្តុតាងកាន់កាប់របស់ប្រជាជន។»
ចំពោះករណីដីធ្លី របស់ប្រជាពលរដ្ឋជាង២៥០គ្រួសារ មកពីភូមិចំនួនបីក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួចនេះ លោក នី ចរិយា បានបង្ហាញពីផ្លូវច្បាប់ ដែលអាចទទួលបានដីទាំងនោះមកវិញថា៖ «យោងតាមឯកសារដែលមាន ប្រជាពលរដ្ឋសុទ្ធតែមានសិទ្ធិទាំងអស់ ក្នុងការកាន់កាប់។ យើងមានភស្តុតាងឯកសារជារូបភាព ទាំងសាក្សីរស់ដូចលោកអុំមានអាយុ ៧៨ឆ្នាំនេះ ដែលធ្លាប់ធ្វ់ស្រែចំការ តាំងពីជំនាន់ឪពុករបស់លោកមកម្លេះ មិនក្រោមពី១០០ឆ្នាំទេដែលបានកាន់កាប់។ (...) តាមច្បាប់ភូមិបាល ត្រូវតែឲ្យគាត់ដោយស្វ័យប្រវត្តិ។ (...) ឯក្រុមហ៊ុនវិញ គ្មានអ្វីជាសំអាងទេ ក្រៅពីប្រើកម្លាំងប្រដាប់អាវុធបណ្តេញគេចេញ និងវាយដំប្រជាជន។»
ករណីទំនាស់ដីធ្លីនេះ លោក នី ចរិយា បានបន្ថែមថា រាល់ការដោះស្រាយកន្លងមក អាជ្ញាធរតែងតែធ្វើការបង្ខំ សំឡុត គម្រាមកំហែងឲ្យទទួលយក ទៅតាមផែនការដែលពួកអាជ្ញាធរចង់បាន តែមិនបានដោះស្រាយ ទៅតាមយន្តការផ្លូវច្បាប់នោះទេ។ «ការបំផ្លាញភស្តុតាង នៅក្នុងរឿងទំនាស់ ជាបទល្មើសព្រហ្មទណ្ឌ ហេតុអ្វីបានអាអាជ្ញាធរ មិនចាត់វិធានការក្នុងរឿងព្រហ្មទណ្ឌ។ ឯអ្នកវាយប្រជាពលរដ្ឋឲ្យមានរបួសស្នាម ហេតុអ្វីមិនចាត់វិធានការ តាមច្បាប់ព្រហ្មទណ្ឌ។»៕