ជួន សុវណ្ណ ថាឧកញ៉ា ឈាង ប៉ាក់សួរ ថាជាអ្នកបន្លំឯកសារលក់ដីវត្ត
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងកាន់ជើងម្ចាស់បូរី ប៉េង ហួត សូរិយោដី និងសាលារាជធានីភ្នំពេញ ទាក់ទងនឹងជម្លោះដីធ្លីមួយ នៅក្នុងវត្តកោះពោធិវង្ស ថាបើគ្មានប្លង់ទេនោះ ខាងសូរិយោដីក៏មិនវាស់វែងឲ្យ ហើយសាលាក្រុងក៏មិនចេញច្បាប់ឲ្យសាងសង់នោះដែរ។ ផ្ទុយទៅវិញ លោក ស្នងការរូបនេះ បានអះអាងថា គឺអ្នកដែលបង្កើត ឲ្យមានប្លង់កម្មសិទ្ធិនោះទៅវិញទេ ដែលជាអ្នកបង្កើតទំនាស់។
ជំនួបដើម្បីដោះស្រាយជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស។ (រូបថត MONOROOM.info/ O. Vary)
វិបត្តដីសាសនា - ជុំវិញជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស ដែលព្រះចៅអធិការ ព្រះតេជគុណ ពឿយ មេត្តា ទាមទារដាច់ខាតនូវការវាយកម្ទេចអាគារជាច្រើនល្វែង និងច្រើនជាន់នោះ អភិបាលរងសាលារាជធានីភ្នំពេញលោក ឃួង ស្រេង ទាំងស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ បានចូលខ្លួនមកស្របសម្រួល ពីការទាមទាររបស់ព្រះចីអធិការ ដោយជំនួសមកវិញ នូវការដោះដូរទីតាំងដីថ្មីទៅឲ្យវត្ត ឬសាងសង់សំណង់នានាក្នុងវត្តជាដើម។
រីឯជំហររបស់ព្រះតេជគុណ ពឿយ មេត្តា វិញ នៅតែទទូចឲ្យវាយកម្ទេចអាគារទាំងនោះ បើករណីណាម្ចាស់បូរីមិនព្រមប្រគល់ដីនៅជាប់វត្ត ដែលមានទំហំដីស្មើនឹងដីដែលបានបាត់បង់ និងមិនព្រមសាងសង់ផ្លូវចូល រួមទាំងក្លោងទ្វាវត្តឡើងវិញនោះទេ។
ជំនួបដោះស្រាយវិបត្តដីវត្តថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ អាចប្រព្រឹត្តទៅបាន ក្រោយពីមាន ព្រឹត្តិការណ៍នៃការវាយកម្ទេច របងហ៊ុំព័ទ្ធបូរីប៉េងហួត កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ មួយថ្ងៃមុនដំណើរចាកចេញទៅប្រទេសបង់ក្លាដេស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទាំងព្រះចៅអធិការវត្ត ទាំងពុទ្ធបរិស័ទ បានចោទលោកឧកញ៉ា ឈាង ប៉ាក់សូរ និងលោក ជា ខេមា អភិបាលរងខណ្ឌសែនសុខ បានឃុបឃិតគ្នាយកដីវត្ត៣០ម៉ែត្រគុណ១៧០ម៉ែត្រ មកសាងសង់បូរីលក់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
ដោយមានការគាំទ្រពីលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញនោះផង លោក ជា ខេមា បានបដិសេធចំពោះការចោទប្រកាន់នោះ ថាមិនមានជាប់ពាក់ព័ន្ធ និងកាន់ជើងភាគីក្រុមហ៊ុនឡើយ។ លោកបានបញ្ជាក់ថា លោកធ្វើការ ក្នុងនាមអាជ្ញាធរ ហើយត្រឹមតែជាអ្នកសម្របសម្រូលណ្ណោះ។
សូមទស្សនាវីដេអូ ជំនួបដោះស្រាយវិបត្តិដីវត្តដូចខាងក្រោម៖
វីដេអូផ្សេងទៀត សូមចុចទស្សនា៖ http://monoroom.info/tv
សូមរម្លឹកថា វត្តកោះពោធិវង្សនេះ បានទទួលសេចក្តីសម្រេចពីក្រសួងធម្មការ និងសាសនាឲ្យបើកវត្តនៅឆ្នាំ២០០៦។ មានចំណារជាពីសម្តេចសង្ឃរាជ ទេព វង្ស ពីអតីតអភិបាលរាជធានីលោក កែប ជុតិមា ពីអាជ្ញាធរមូលដ្ឋាន និងការឯកភាព គាំទ្រឲ្យបង្កើតវត្តនេះពីប្រជាពលរដ្ឋជិត៥០០គ្រួសារ។ ដីវត្តដែលបានបាត់បង់នោះចំនួន ៣០ម៉ែត្រគុណ១៧០ ម៉ែត្រ ក្នុងទំហំដីសរុប១០០ម៉ែត្រគុណ១៧០ម៉ែត្រ និងបាត់ផ្លូវចូលទំហំ១២ម៉ែត្រគុណ២៤៨ម៉ែត្រ៕