កម្ពុជាទាមទារឲ្យថៃផ្តល់សំណង ដល់គ្រួសារពលករខ្មែរស្លាប់
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមរយៈក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការទាមទារ ដល់រដ្ឋាភិបាលយោធាថៃ ជួយអន្តរាគមន៍ចំពោះក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចាប់បញ្ជូនមកកម្ពុជា។
ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)
យុត្តិធម៌ - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹងទាមទារឲ្យក្រុមហ៊ុនធានារ៉ាប់រង ផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់ អំឡុងពេលបញ្ជូនមកកម្ពុជា។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរយ៉ាងហោចណាស់ ជាង២៥ម៉ឺននាក់ហើយ ដែលត្រូវបានរដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ តាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងនោះមានពលករ យ៉ាងតិច៨នាក់ស្លាប់ និងរបួស១៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។
មុនជួបតំណាងរបបយោធាថ្មីថៃ ដែលនឹងជួបនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះបានថ្លែងថា ជំនួបនឹងផ្តោតសំខាន់ពីបញ្ហា រដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនពលករខ្មែរ ឲ្យវិលមកកម្ពុជាវិញ ប៉ុន្មានសប្តាហ៍មកនេះ។
ពាក់ព័ន្ធបញ្ហានេះលោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានៅគ្រាចុងក្រោយនេះ ក៏បានស្នើរដ្ឋាភិបាលយោធាថៃ គប្បីស៊ើបអង្កេតការ បញ្ជូនពលករខ្មែរមកកម្ពុជាវិញ ដែលមានអ្នកស្លាប់ និងស្វែងរកហេតុផល នៃការបញ្ជូនពលករខ្មែរមកកម្ពុជាវិញ ព្រមទាំងស៊ើបអង្កេតករណីបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ក្នុងករណីកាប់ឈើតាមព្រំដែនផងដែរ៕