ប្រវត្តិ​​នៃ​​ការ​បង្ហូរ​ឈាម មុន​ក្លាយ​ជា​«ទិវា​​ពលកម្ម​អន្តរជាតិ»

«ទិវាពលកម្ម​ ឬទិវាបុណ្យការងារ អន្តរជាតិ» ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា ទិវាមួយ​ឧសភា។ ទិវានេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ នៅជុំវិញ​ពិភពលោក តាមរយៈការដង្ហែក្រុមហ្វូង​មនុស្ស​ជា​ច្រើន នៅតាម​ដង​ផ្លូវ ដោយមានកាន់​បដា និង​បន្លឺ​ពាក្យពេចន៍​នានា​ ក្នុង​ន័យ​បង្ហាញ រំលឹក ឬទាមទារ ទៅកាន់​និយោជក រដ្ឋាភិបាល និងមហាជនផ្សេងទៀត ឲ្យ​គោរពសិទ្ធិ​បុគ្គលិក កម្មករ ឬនយោជិក​ ស្របតាម​ច្បាប់​ការងារ​របស់​ប្រទេស ក៏ដូចជា​ច្បាប់​ការងារ​អន្តរជាតិ ។
ប្រវត្តិ​​នៃ​​ការ​បង្ហូរ​ឈាម មុន​ក្លាយ​ជា​«ទិវា​​ពលកម្ម​អន្តរជាតិ»
ផ្កាមុយហ្គេ ដែលរីកតែនៅថ្ងៃទី១ ខែឧសភាប៉ុណ្ណោះ ហើយត្រូវបានគេយកមកប្រគល់ឲ្យគ្នា ទៅវិញទៅមក នៅក្នុងទិវាបុណ្យការងារ ឬទិវាពលកម្មអន្តរជាតិ។ (រូបថតឯកសារ)
Loading...
  • ដោយ: គល់រាំង ដោយ គល់រាំង និង ដ.កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី ៣០ មេសា ២០១២
  • កែប្រែចុងក្រោយ: May 02, 2016
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ប្រទេសមួយចំនួនធំនៅក្នុងពិភពលោក មិនដែលភ្លេចប្រារព្ធ ទិវា​ពលកម្ម​អន្តរជាតិឡើយ។ តើទិវានេះមានប្រវត្តិ និងអត្ថន័យខ្លឹមសារបែបណាខ្លះ? សូមលោក​អ្នក​អញ្ចើញ​តាម​ដាន អត្ថបទ​​ស្រាវជ្រាវ​មួយ ដែលដកស្រង់ពីឯកសារជាច្រើន មកជម្រាបជូន​ដូចខាងក្រោម៖

អត្ថន័យ

«ទិវាពលកម្ម​ ឬទិវាបុណ្យការងារ អន្តរជាតិ» ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា ទិវាមួយឧសភា។ ទិវានេះ​ត្រូវ​​បានគេប្រារព្ធឡើង នៅជុំវិញពិភពលោក តាមរយៈការដង្ហែក្រុមហ្វូងមនុស្សជាច្រើន នៅតាមដងផ្លូវ ដោយ​មាន​កាន់បដា និងបន្លឺពាក្យពេចន៍នានា ក្នុងន័យបង្ហាញ រំលឹក ឬទាមទារទៅនិយោជក រដ្ឋាភិបាល និង​មហាជន​ផ្សេង​ទៀត ​ឲ្យគោរពសិទ្ធិបុគ្គលិក កម្មករ ឬនយោជិតស្របតាម ច្បាប់ការងាររបស់ប្រទេស ក៏ដូចជាច្បាប់​ការងារ​​អន្តរជាតិ។

ទិវានេះត្រូវបានប្រារព្ធឡើង ដោយចលនាពលកម្មអន្តរជាតិ រួមនិងចលនាឆ្វេងនិយម ដែលអាចជា​ទម្រង់​ផ្លូវ​ការ ឬ​មិនផ្លូវការ ទៅតាមប្រទេសជាច្រើនក្នុងពិភពលោក។ ថ្ងៃទី០១ ខែឧសភា ត្រូវបានគេចាត់ទុកថា ជាថ្ងៃ​ឈប់​​សម្រាក​​​របស់ជាតិនីមួយៗ នៅក្នុងចំណោមប្រមាណជា ៨០ប្រទេស។ នៅ​ប្រទេសបារាំង ថ្ងៃឈប់​សំរាក​ការងារ​«១​ឧសភា» មិនត្រូវបាននយោជក​កាត់ចេញពីប្រាក់ខែនោះទេ ហើយនយោជក ត្រូវផ្ដល់​ប្រាក់​បំណាច់​ចំនួន​ទ្វេដង ទៅកម្មករនយោជិកណា ដែលការងារតំរូវ​អោយគ្នាធើ្វការ ក្នុងថ្ងៃទីមួយឧសភានេះ។

ប្រវត្តិទិវាពលកម្មអន្តរជាតិ

ការប្រារព្ធ​«បុណ្យការងារ» ជាលើកទីមួយចាប់ផ្ដើម នៅចុងសតវត្សទី ១៨ នៅប្រទេសបារាំង នៅថ្ងៃទីមួយ នៃ​ខែ​ដំបូងរបស់ប្រតិទិន pluviôse (រវាងថ្ងៃទី២០មករា និង ១៨កុម្ភះនៃប្រតិទិនបច្ចុប្បន្ន) ហើយបន្ដធ្វើ​នៅឆ្នាំ​បន្ត បន្ទាប់​ក្រោយមក។ ហើយនៅឆ្នាំ១៨៦៧ ឧស្សាហកម្មជាគ្រួសារ របស់ហ្គោដាំង ដឺងហ្គីស Godin de Guise បាន​បង្កើតជា បុណ្យពលកម្មមួយ មានរូបរាងច្បាស់លាស់ជាងមុន ដោយលោក ហ្សន់ បាទីស ហ្គោដាំង គាត់​បានសសេរ​ជាអត្ថបទ​មួយឡើង ស្ដីអំពីដំណោះស្រាយសង្គមមួយ​សំរាប់កម្មករ។ កាលនោះ ថ្ងៃ​ដែល​គេ​អាច​ដង្ហែ​ក្បួន​បាន មិនមែននៅថ្ងៃ​ទីមួយឧសភាទេ តែគេបានធ្វើវានៅថ្ងៃទី៥មិថុនាទៅវិញ។

ឧស្សាហកម្មជាគ្រួសារ របស់ហ្គោដាំង ដឺងហ្គីស។ រូបភាព wikipedia.org

តែ «ទិវាពលកម្មអន្តរជាតិ» ដែលយើងដឹងរាល់គ្នា ហើយប្រារព្ធធ្វើជារៀងរាល់ឆ្នាំ​នៅក្នុងប្រទេសជាច្រើន នា​ពេលបច្ចុប្បន្ននេះ វាមានប្រភពចេញពីការតស៊ូ​របស់កម្មករ​ នយោជិក នៅចុងសតវត្សទី ១៩ ដើម្បីទាមទារ អោយ​មានការ​កំណត់ ពេលវេលាធ្វើការងារក្នុងមួយថ្ងៃ ត្រឹមតែ៨ម៉ោង។

រលកចលនាតស៊ូទាំងនោះ ចាប់ផ្ដើមតាំងពីថ្ងៃ ៥កញ្ញាឆ្នាំ១៨៨២ នៅទីក្រុងញ៉ូយកប្រទេសអាមេរិក ដោយ​កម្មករនយោជិក ចំនួនជាង ១០ ០០០នាក់ មកពីសហជីពជាច្រើន បានចុះដើរតាមដងផ្លូវ ហើយវាបានក្លាយ​ជា ក្បួនដង្ហែរ​លើកទីមួយនៃ ទិវា «បុណ្យការងារ»។ នៅក្នុងសមាជជួបជុំគ្នាដ៏ធំ នាឆ្នាំ១៨៨៤ ពពួក​សហជីព​បាន​ធ្វើការ​​ដាក់កំណត់​ឱសានវាទ​ចំនួនពីរឆ្នាំ ទៅខាងនយោជក ដើម្បីផ្ដូរពេលវេលាធ្វើការក្នុងមួយថ្ងៃ មកត្រឹម​តែ​៨ម៉ោងវិញ។ ពួកគេបាន​កំណត់ «ថ្ងៃទីមួយខែឧសភា» ជាថ្ងៃផ្ដើមដំបូងនៃការតស៊ូនេះ ដោយមក​ពីថ្ងៃនេះ​ជាថ្ងៃ​វិលជុំ​ប្រចាំឆ្នាំរបស់​សហគ្រាស ក្នុងការកំណត់យកធ្វើជាថ្ងៃនៃកិច្ចសន្យាធ្វើការ ដែលភាគច្រើន​បានចប់ ឬ​ចាប់​ផ្ដើម​នៅថ្ងៃនេះ។

ការតស៊ូទាមទារនេះ ឈានមកដល់ដំណាក់កាលរីករាលដាលខ្លាំង ហើយបាតុកម្មដ៏ធំមួយ ត្រូវបានរៀបចំធ្វើ នៅ​ថ្ងៃទីមួយ ខែឧសភា ឆ្នាំ១៨៨៦ ដែលមានកម្មករ​ នយោជិកចូលរួមធ្វើប្រមាណជា ៣៤០ ០០០នាក់ នៅ​គ្រប់​ទិសទី ក្នុង​ប្រទេសអាមេរិក។​ នៅតំបន់ Haymarket (ទីផ្សារ ស្មៅស្ងួត) នាទីក្រុង ស៊ីកាហ្គោ ក្នុងខណៈ​ដែល​ការ​ទាមទារ បាន​ឈានទៅដល់ការ ប្រទាញប្រទង់គ្នារវាងកងកំលាំងនគរបាល និងកម្មករ​ នយោជិក ស្រាប់​តែ​មាន​ជន​មិន​​ស្គាល់​​មុខម្នាក់បានបំបោក គ្រាប់បែកច្នៃពីរំសេវផ្ទុះនៅនឹងជួរមុខនៃក្រុមកំលាំនគរបាល ដែល​បាន​ធ្វើ​អោយ​នគរបាល​ម្នាក់​ស្លាប់។ នគរបាលប្រាំពីរនាក់ ផ្សេងទៀតបានស្លាប់ដែរ នៅក្នុងពេល​ប្រតាយ​ប្រតប់គ្នា​បន្ទាប់មក។

ក្រោយ​ពី​ព្រឹត្តិការណ៍ដែលខាងអជ្ញាធរបានចោទ ថា​ជាអំពើភេវរកម្មនេះ សមាជិកសហជីពចំនួន៥នាក់ ត្រូវ​បាន​គេ​​យកទៅ​ប្រហាជីវិត (បួននាក់ប្រហាជីវិតដោយព្យួករ នៅថ្ងៃទី១១វិច្ឆិការ ឆ្នាំ១៨៨៧ - ថ្ងៃនោះ​មាន​ឈ្មោះ​ថា ជាថ្ងៃ​សុក្រ​ដ៏​ខ្មៅ​ងងឹត - និងម្នាក់ទៀតសំលាប់ខ្លួនមុន នៅក្នុងពន្ធនាគារ) បើទោះជាគ្មាន​ភស្ដុតាង​ច្បាស់​លាស់​​បញ្ជាក់​ពី​​ទោស​​កំហុសក៏ដោយ។ សមាជិកសហជីពបីនាក់ផ្សេងទៀត ត្រូវបានគេកាត់ទោស អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត តែត្រូវដោះលែងនៅឆ្នាំ១៨៩៣ ដោយការលើកលែងទោសមួយ របស់​អភិបាល​នៅ​តំបន់​នោះ យោងទៅលើភាព​ផុយស្រួយខ្លាំង ​ក្នុងការស៊ើបអង្កេតរកទណ្ឌភាព ដាក់លើសមាជិក​សហជីព​ទាំង​នេះ។

ក្នុងពេលព្រឹត្តការណ៍ប្រតាយប្រតប់គ្នា ជារូបភាពគូរឡើងវិញ។ រូបភាព wikipedia.org

ដើម្បីឧទ្ទឹសទៅអ្នកដែលបានស្លាប់ទៅ ដើម្បីបុព្វហេតុរួមនេះ នៅវាលកប់សាកសព វ័លដហាម (Cimetière de Waldheim) នៅទីក្រុង ស៊ីកាហ្គោ (Chicago) គេបានចារផ្ទាំងសិលា នៅលើផ្នូរវីរជននៃសហជីព​ទាំង​នោះ ដោយ​​មានអត្ថន័យ​ថា៖

«ពេលវេលានឹងមកដល់ គឺនៅពេលភាពស្ងៀមស្ងាត់របស់យើង មានអនុភាពខ្លាំងជាង​សំរែក​ឈឺចាប់​របស់អ្នក ដើម្បីបុព្វហេតុរួម​នៅថ្ងៃនេះ»

«Le jour viendra où notre silence sera plus puissant que les voix que vous étranglez aujourd’hui»

«The time will come when our silence will be more powerful than the voices you strangle today»

ការទាមទារនេះ បានរីករាលដាល​កាន់តែធំឡើងៗ រហូតមកដល់ឆ្នាំ ១៨៨៩ សមាជជួបជុំគ្នាស្ដីពីការងារ ជា​លក្ខណៈ​អន្តរជាតិលើកទីពីរ ក៏ត្រូវបានគេរៀបចំឡើង នៅក្នុងរដ្ឋធានី​ប៉ារីសប្រទេសបារាំង នៅ​ក្នុង​ឱកាស​បុណ្យ​ខួប ១០០ឆ្នាំ​នៃ​បដិវត្តបារាំង និងការតាំងពិពណ៌សាកល។ ក្រោយមកទៀត សំណើរមួយក៏ត្រូវបាន​លើក​ឡើង​​នៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ១៨៨៩ ដោយលោក រ៉េម៉ុង ឡវីញ (Raymond Lavigne) យកថ្ងៃទី១ឧសភា ឆ្នាំ​១៨៩០ ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍  នៃ​ចលនា​តស៊ូរបស់កម្មករ​ នយោជិក ពលីនៅទីក្រុងស៊ីកាហ្គោ ដែល​បាន​ទាមទារ​អោយកំរិតពេលវេលាធ្វើការ តែ​៨ម៉ោងក្នុង​មួយថ្ងៃ  ហើយក៏ជាថ្ងៃសំរាប់ការដង្ហែ ក្បួនជាទូទៅ នៃទិវា​បុណ្យ​ការងារ​ផងដែរ។

ព្រឹត្តការណ៍ដ៏សោកសៅមួយទៀត ក្នុងពេលដង្ហែក្បួនថ្ងៃទីមួយឧសភាឆ្នាំ១៨៩១ នាផ្នែកខាងជើង នៃ​ប្រទេស​បារាំង កងកំលាំងនគរបាល​បានបាញ់រះ​ទៅលើអ្នកចូលរួមដង្ហែក្បួន ធ្វើអោយមានអ្នកស្លាប់ ពេលនោះ​មាន​ចំនួន​៩នាក់។ ព្រឹត្តការណ៍នេះ កាន់តែបានធ្វើ​អោយ​អត្តសញ្ញាណនៃ ទិវាថ្ងៃទីមួយឧសភា កាន់តែត្រូវ​បាន​គេ​និយាយ​រក​និង​​ទទួល​​ស្គាល់​ជាផ្លូវការថា ជា​ព្រឹត្តិការណ៍​​ប្រចាំឆ្នាំទូទៅមួយ សរាប់ពលករ​ទាំងឡាយ​ក្នុង​ពិភពលោក ក្នុងការ​ទាមទារអោយគេគោរពសិទ្ធ​របស់ខ្លួន និងសិទ្ធរស់នៅជាមូលដ្ឋាន នៅក្នុងសង្គម។

នៅប្រទេសបារាំង គេតែងតែជូនរង្វាន់គ្នាទៅវិញទៅមក នូវផ្កា មុយហ្គេ (Le muguet - រូបថតខាងលើបំផុត) ដែល​គេបានគិតថា​ជាផ្កា​នាំ​មក​នូវសំណាងល្អ ហើយវារីកតែនៅក្នុងអំឡុងពេលថ្ងៃទីមួយឧសភាតែប៉ុណ្ណោះ។ ទំលាប់នេះត្រូវបាន បណ្ដា​ជន​ជាតិ​​បារាំង​យក មកប្រើក្នុងឱកាស «ទិវាពលកម្ម​ ឬទិវាបុណ្យការងារ អន្តរជាតិ» នៅឆ្នាំ១៩០៧ និង​នៅ​ឆ្នាំ​១៩៣៦ បន្ត​បន្ទាប់មក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...