មជ្ឈមណ្ឌលពត៌មាន«ជ័យនាងគ្រត» សូមស្វាគមន៍
Loading...
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ៖ ជ័យគ្រត - រលាក់កងជើង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២
- កែប្រែចុងក្រោយ: April 30, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
- ពិធីការិនី គ្រត៖ ច៎ា ជាបឋម នាងខ្ញុំ គ្រត និង...
- ពិធីករ ជ័យ៖ ខ្ញុំបាទ ជ័យ ...
- ពិធីការិនី គ្រត៖ សូមជំរាបសួរ ពុកម៉ែបងប្អូន ទាំងអស់ ជាទីគោរពនិងជាទីមេត្រី។ ថ្ងៃនេះ នាងខ្ញុំជាអ្នករៀបរៀង កម្មវិធី ពត៌មានជ័យនាងគ្រត មានកិត្តិយស និងមាន សេចក្ដីសោមនស្សជាខ្លាំង ដែលបានចូលខ្លួនមកបំរើ ពុកម៉ែ បងប្អូន ជាអ្នកអាន និងជាអ្នកទស្សនានៅទីនេះ។ កម្មវិធីនេះ បានទទួលការផ្សាយបន្តផ្ទាល់តាមរយះ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ។ ច៎ា... នាងខ្ញុំសូមជំរាបថា នេះជាកម្មវិធីលើកដំបូងហើយ ដែលក្រុមនាងខ្ញុំទាំងអស់ បានខិតខំ ផលិតសំរិតសំរាំង ធ្វើយ៉ាងអស់ពីចិត្តពីបេះដូង ដើម្បីយកមកបំរើ ពុកម៉ែបងប្អូន។
- ពិធីករ ជ័យ៖ ហើយខ្ញុំបាទហ្នឹង ក៏សូមអោយមានមេត្តាខណ្តី សន្ដោស ពីសំនាក់ ពុកម៉ែបងប្អូន ទាំងអស់ផងដែរនូវ រាល់កំហុសខុសឆ្គងទាំងអម្បាម៉ាន ដែលអាចកើតមានជាលក្ខណៈអចេតនា ឬចេតនាក្ដី។ ទីមួយ ខ្ញុំបាទជ័យ និងនាងអូន គ្រត ក៏ដូចជាក្រុមខ្ញុំបាទទាំងអស់ ធ្វើការងារដោយមានចិត្តស្មោះ មិនបានងាករេ ប្រកាន់បក្សពួក ពណ៌សម្បុរ អាយុ មានសាសនាឬអត់សាសនា ឬក៏ថានះបុណ្យស័ក្ដិអ្វីនោះទេបាទ។ ហ៎ា ... និយាយរួម គិតហើយ និងឃើញយ៉ាងម៉េច គឺថាអញ្ចឹង។ គឺជាពត៌មានពិតនៃសំដីពិតៗតែម្ដងហើយបាទ។ ហើយទីពីរ ដូចពុកម៉ែបងប្អូន ជ្រាបស្រាប់ហើយថា ពួកយើងខ្ញុំនេះ ជាអ្នកស្រែសុទ្ធសាធតែម្ដង មិនដែលស្គាល់ថាអ្វីទៅហៅថា ស្តាយ(style)ថ្មី ឬក៏ភាពអស្ចារ្យ របស់អ្នកទីក្រុងអ្វីនោះទេ។ ពួកយើងខ្ញុំនេះ ជួនកាលងើបចេញពីស្ទូងនៅឯស្រែ ក៏ ដើរទៅយកពត៌មានតែម្ដង ហើយជួនកាលក៏ត្រូវដើរឆ្លងទ្វិប ដើម្បីទៅរកសម្ភាសអ្នកពិសេសៗ កំពូលៗ ធ្វើម៉េចអោយ បាន យកមកជំរាបពុកម៉ែបងប្អូន អោយបានភ្លាមៗ រហ័សទាន់ចិត្ត ហ៎ា។
- ពិធីការិនី គ្រត៖ ច៎ា ដោយថ្ងៃនេះជាការចាប់ផ្ដើមដំបូង នាងខ្ញុំ និងបងជ័យមិនមានអ្វីជំរាបជូនទេ តែគ្រាន់តែសូម បង្ហាញនូវសមសភាពខ្លះៗ របស់យើងតែប៉ុណ្ណោះ។ ជាដំបូង នាងខ្ញុំសូមនិយាយពីនាងខ្ញុំមុនទៅចុះ ច៎ា។ នាងខ្ញុំមាន អាយុ អ៊ឺ... នៅសល់តែប៉ុន្មានថ្ងៃទៀត ២១ឆ្នាំល្មម ហើយកើតនៅភូមិវាលវែង ឃុំព្រៃឈើ ស្រុកភ្នំខ្មែរ។ នាងខ្ញុំមិនមាន កំរិតចេះដឹងអីប៉ុន្មានទេ តែពីប៉ុន្មានឆ្នាំមុន ចេះតែដើរអើតនេះបន្ដិច អើតនោះបន្ដិចគេអាណិត ស្រែកដាក់អ្នកនេះ បន្ដិច ស្រែកដាក់អ្នកនោះបន្តិចគេខ្លាច គេអោយសញ្ញាប័ត្របណ្ឌិត យកមកដាក់គរអោយពេញផ្ទះ។
- ពិធីករ ជ័យ៖ នាងអូន គ្រត មានសញ្ញាប័ត្របណ្ឌិតគរអោយពេញផ្ទះអ្ហែរ ម៉េចក៏មិនចែកបងខ្លះ ...ហ៎ា។ រីឯខ្ញុំបាទវិញ ក៏មិនខុសប៉ុន្មានពីនាងអូន គ្រតដែរ។ ខ្ញុំបាទ មានដើមកំណើតនៅភូមិស្រុកជាមួយគ្នានឹង នាងអូន ហើយចំណេះដឹង គឺអាចសសេរបាន អានបាន... បើនិយាយអោយចំ គឺអាចប្រើប្រាស់ ដើម្បីគ្រាន់ទៅយកពត៌មានជូនពុកម៉ែបងប្អូន បាននុះឯង។ ដោយសារស្រុកកំណើតវាដូច្នេះឯង ហើយរស់នៅតែឯស្រែក្បែរនឹងជើងភ្នំ ទើបខ្ញុំបាទនិយាយចេញមកហ្នឹង វារដឺន អញ្ចឹងណាបាទ។
- ពិធីការិនី គ្រត៖ ពុកម៉ែបងប្អូនច្បាស់ជាសួរហើយថា ហេតុអ្វីបានពួកនាងខ្ញុំនេះមិននៅធ្វើស្រែ តែបែរចង់មកធ្វើពត៌មាន ជូនពុកម៉ែបងប្អូនទៅវិញ? សូមបងជ័យ ជំរាបពីគោលបំណងរបស់ពួកយើងបន្តិចទៅ ណាបង ...
- ពិធីករ ជ័យ៖ អូ មិនមែនបន្តិចទេ បើជំរាបពន្យល់ ច្បាស់ជាម៉ាកំភ្លូសឥឡូវហើយ។ តែនិយាយអោយស្រួលយល់ គឺថា អ្នកគេធ្វើពត៌មានសព្វថ្ងៃ និយាយតែអាដែលៗ ហើយដូចជាមិនសូវដឹងពីអាចក់អាចែម អាសុខអាសៅ ឬពុកម៉ែ បងប្អូន នៅឯស្រែ ដែលពួកគាត់ចង់និយាយដែរនោះទេ។ បើយើងនាំគ្នាធ្វើដំណើរទៅទីក្រុងទៅសុំគេនិយាយ វាអស់ សោហ៊ុយច្រើន អត់មានពេលវេលាទៀត ហើយតែមិនស្រួលៗ មិនសូវស្គាល់ទីក្រុងផង គេដេញអោយត្រឡប់ មកវាលវែងវិញ អត់ប្រយោជន៍។ អញ្ចឹងហើយបានជា ធ្វើវានៅនេះ នឹងគេនឹងឯងដែរទៅ គ្រាន់នឹងបាន អាចក់អាចែម អាសុខអាសៅ ឬពុកម៉ែបងប្អូន បាននិយាយចេញខ្លួនឯងខ្លះ។
- ពិធីការិនី គ្រត៖ ច៎ា បានក្បោះក្បាយល្អណាស់ បងជ័យ...
- ពិធីករ ជ័យ៖ យីអើ បានក្បោះក្បាយអី មុននឹងបងថា និយាយខ្លីៗអោយវាស្រួលយល់នោះទេតើ ...។ បាទ ហើយ កម្មវិធីពត៌មាន ជ័យនាងគ្រតនេះ ក៏នឹងមានជាវីដេអូផង ដែរណា ហ៎ា ...
- ពិធីការិនី គ្រត៖ អូនែ ... ឈប់ៗ បងជ័យ មានគេទូរស័ព្ទ ផ្ដល់ពត៌មានអោយយើងហើយ ...
- ពិធីករ ជ័យ៖ អើ បើមានគេទូរស័ព្ទផ្ដល់ពត៌មានហើយ ម៉េចក៏មិនឆាប់លើកទៅ... យីអើ នៅឯស្រែទេ តែក៏មាន ទូរស័ព្ទទាក់ទងដែរណា។ ឆ្លៀតឱកាសនេះ ខ្ញុំបាទជួសមុខ អោយក្រុមខ្ញុំបាទទាំងអស់នៅនេះ ក៏សូមជំរាប ទៅពុកម៉ែបងប្អូនថា បើពុកម៉ែបងប្អូនមានធុរះអ្វី ទុកព្រួយ ឬក៏រឿងសប្បាយ ហើយចង់អោយ ក្រុមពត៌មាន ជ័យនាងគ្រត ទៅចុះយកពត៌មានផ្ទាល់ ក៏សូមទាក់ទងមកកាន់ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ មកចុះបាទ។
- ពិធីការិនី គ្រត៖ តស់បងជ័យ មានពត៌មានធ្លាក់មកហើយ បន្ទាន់និងប្រញ៉ាប់ទៀតផង ត្រូវធ្វើដំណើរទៅឥឡូវនេះ តស់យើង លាពុកម៉ែបងប្អូន ទៅណាបងជ័យ...
- ពិធីករ ជ័យ៖ យីអើ និយាយមិនទាន់បានស្អីផង ក៏ត្រូវចេញទៅហើយ ...
- ពិធីការិនី គ្រត៖ ថាឲ្យចេញមក បងជ័យ ទៅយកព័ត៌មាន !!!