ឡុង ឌីម៉ង់ ថារដ្ឋមិនអាចដំឡើងប្រាក់ខែ ជូនតៃកុងរថយន្តក្រុងបានទេ
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍ ៖ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 04, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលារាជធានីភ្នំពេញ មិនអាចដំឡើងប្រាក់ខែឲ្យបាន ដូចនៅក្នុងវិស័យឯងជនមួយចំនួនបាននោះទេ។ នេះជាការថ្លែងបញ្ជាក់ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ របស់លោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពញ បន្ទាប់ពីកូដកម្មរបស់ក្រុមតៃកុងរថយន្ដក្រុងសាធារណៈច្រើនសិបនាក់ បានផ្ទុះឡើង កាលពីព្រឹកថ្ងៃដដែល ទាមទារឲ្យមានការដំឡើងប្រាក់បៀវត្សន៍ចាប់ពី ២៨០ ដុល្លាទៅ ៣០០ដុល្លា។
លោក ឡង់ ឌីម៉ង់ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមរយៈទូរស័ព្ទថា ក្រុមការងារធ្លាប់បានជជែក ចំពោះបញ្ហានេះរួចរាល់អស់ហើយ ជាមួយនឹងតៃកុងឡានទាំងនោះ ដោយបញ្ជាក់ថាការងារដែលពួកគាត់ធ្វើនោះ ជាសេវ៉ាដឹកជញ្ជូនរបស់រដ្ឋ ហើយចំពោះប្រាក់ខែក្នុងមួយខែ ៣២ម៉ឺនរៀល សំរាប់បុគ្គលិកបណ្តែត និងមានបូកបញ្ចូលជាមួយប្រាក់ ដែលសាលារាជធានីជួយឧបត្ថម្ភចំនួន ៤០ម៉ឺនរៀលទៀត ដូច្នេះចំនួនទឹកប្រាក់នេះ មិនអាចដំឡើងឲ្យលើសណ្នឹងបានទៀតនោះទេ។
លោកបញ្ជាក់បន្ថែមទៀតថា តៃកុងឡានដែលបើកបររថយន្តសាធារណៈ អាចឈប់ពីការងារបាន បើសិនជាពួកគាត់គិតថាប្រាក់ខែខាងលើនេះទាប ហើយចង់ត្រឡប់ទៅរកការងារ ក្នុងវិស័យឯកជនវិញនោះក៍បាន ពោលគឺគ្មានបញ្ហាអ្វីទេ ព្រោះការងារនេះតៃឡានមិនមានជាប់កិច្ចសន្យាអ្វីឡើយ ហើយខាងរដ្ឋាករស្វ័យ័តនឹងរកអ្នកថ្មី មកបើកបរជំនួសវិញ។
កិច្ចសន្យា ដែលគ្មានជាលាយលក្ខអក្សរ...
តែសម្រាប់ក្រុមតៃកុងឡានវិញ បានថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ខណៈពេលដែលពួកគាត់បានធ្វើកូដកម្ម នៅស្ថានីយ៍ចំណតរថយន្ត របស់រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងជិតផ្សារាត្រីថា ប្រាក់ខែរបស់ពួកគាត់ ដែលនឹងមានក្នុងមួយខែចាប់ពី ២៨០ដុល្លា ទៅ៣០០ដុល្លានោះ ជាការសន្យារបស់មន្ត្រីអ្នកទទួលខុសត្រូ របស់រដ្ឋាករស្វ័យ័ត។
ករណីនេះ ត្រូវបានលោក ឡុង ឌីម៉ង់ ឆ្លើយតបវិញថា ខាងលោកមិនបានសន្យាជាលាយលក្ខអក្សរ ជាមួយតៃកុងឡានទាំងនោះទេ។ លោកថា ប្រសិនបើថ្ងៃក្រោយទៅ រដ្ឋអាចសល់ប្រាក់ចំណេញបានខ្លះនោះ រដ្ឋនឹងពិចារណាដំឡើងប្រាក់ខែឲ្យពួកគាត់។ ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋចេញខាតទាំងស្រុងទៅលើសេវ៉ាដឹកអ្នកដំណើរនេះ។
គួរំលឹកថា ក្រុមអ្នកបើកបររថយន្ដក្រុងសាធារណៈ បានទទួលប្រាក់ខែរាប់ចាប់តាំងពីខែដំបូងមក ៧២ម៉ឺនរៀល ក្នុងមួយខែ ដែលស្របទៅនឹងការលើកឡើងរបស់លោក ឌីម៉ង់ ខាងលើនេះដែរ។ ប៉ុន្តែក្រុមអ្នកបើកបរ ដែលបានធ្វើកូដកម្មទាំងនោះ បានត្អូញត្អែរថា ពួកគាត់សុខចិត្តទ្រាំធ្វើការទាំងប្រាក់ខែចាយវាយមិនគ្រប់ ហើយបានរង់ចាំតាមការសន្យារបស់មន្ត្រីរដ្ឋាករ ដែលថានឹងដំឡើងប្រាក់ខែជូនពួកគាត់ នៅខែក្រោយៗ៕