ផ្សារដើមគ៖ ដេញអាជីវករចេញ យកកន្លែងជួលផ្ញើរម៉ូតូ នៅទីបំផុត!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 28, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានដេញស្ត្រីវ័យចំណាស់លក់បន្លែ ចេញពីទីតាំងខាងមុខទីស្នាក់ការផ្សារដើមគ កាលពីចុងឆ្នាំ២០១៤កន្លងមក ប្រធានផ្សារដើមគ បានសន្យានៅពេលនោះថា នឹងយកកន្លែងនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់។ ប៉ុន្តែផ្ទុយទៅវិញ វាមិនដូចអ្វីដែលលោកបាននិយាយនោះទេ ព្រោះរំលងបានប្រមាណជា២ខែ ទីតាំងនេះបានក្លាយទៅជាកន្លែងផ្ញើរម៉ូតូកង់ ឬរថយន្ដរបស់ឯកជនមួយ ដែលមានតម្លៃលើស ពីសៀវភៅបន្ទុករបស់សាលារាជធានីភ្នំពេញបានកំណត់។ ការផ្ញើរម៉ូតូនេះ ត្រូវបានយកតម្លៃ ក្នុងម៉ូតូមួយគ្រឿងពី១០០០រៀល ទៅ២០០០រៀល ខណៈដែលសាលារាជធានីភ្នំពេញ បានចេញប្រកាសឲ្យប្រើប្រាស់តម្លៃ ត្រឹមតែពី៣០០រៀល ទៅ៥០០រៀល ក្នុងម៉ូតូមួយគ្រឿង។
» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
អ្នកស្រី សីវ លី អតីតអ្នកលក់ដូរនៅកន្លែងនេះ បាននិយាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នេះថា អ្នកស្រីមិននឹកស្មានថា ការសន្យាគ្រាន់តែជាពាក្យ ដែលគេនិយាយឲ្យរូចពីមាត់សោះ វាអយុត្តិធម៍ខ្លាំងណាស់ចំពោះអ្នកស្រី និងអជីវករផ្សេងទៀត ដែលនៅលក់ជាមួយគ្នា។ ធ្លាប់បានបង់លុយអស់ជាច្រើន ដើម្បីបានកន្លែងសម្រាប់រកស៊ី។ តែបង់ប្រាក់មិនបានប៉ុន្មានផង ក៏ត្រូវបានគេដេញ ក្រោមលេសថា យកកន្លែងរៀបចំនៅខាងមុខទីស្នាក់ការនេះ ឥឡូវមកដាក់កន្លែងផ្ញើម៉ូតូកង់ធ្វើមិនដឹង។
អជីវករផ្សារដើមគម្នាក់ទៀត ដែលបានចាកចេញពីកន្លែងលក់នេះ ដោយមានការបណ្តេញពីសន្តិសុខផ្សារនៅពេលនោះ បាននិយាយ ដោយមិនប្រាប់ឈ្មោះថា លោក សេង សារ៉ន ប្រធានផ្សារដើមគ ធ្វើបែបនេះមិនត្រឹមត្រូវទេ ដេញប្រជាពលរដ្ឋចេញយកកន្លែងផ្ញើរម៉ូតូកង់ ជាលក្ខណៈឯកជនទៅវិញ។ វាអយុត្តិធម៍ណាស់ ចំពោះប្រជាពលរដ្ឋក្រីក្រដែលគ្មានទីពឹង ព្រោះអ្នកមានអំណាចនិយាយបែបណា ក៏ស្រេចនឹងក្បាលចិត្ត។ ម្យ៉ាងទៀត កន្លែងផ្ញើរម៉ូតូកង់ ឬរថយន្តនៅពីមុខទីស្នាក់ការផ្សារដើមគនេះ មានតម្លែថ្លៃជាងកន្លែងផ្សេងៗ និងលើសពីរតម្លៃដែលរដ្ឋបានកំណត់ទៀតផង ដែលពលរដ្ឋមិនអាចទទួលយកបាន។
ចំពោះករណីដែលដេញប្រជាពលរដ្ឋ យកកន្លែងដាក់ផ្ញើម៉ូតូនេះ លោក សេង សារ៉ន ប្រធានផ្សារដើមគ មិនបានបំភ្លឺជាមួយទស្សនាវដ្តីទេ ដោយលោកបដិសេធន៍មិនឲ្យអ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីចូលជួប ក្នុងការិយាល័យរបស់លោក។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាឲ្យអ្នកសារព័ត៍មាន ឈប់ថតសកម្មភាពនៅទីស្នាក់ការ របស់លោកទៀតផង។ កងសន្តិសុខផ្សារមួយរូប នៅក្បែរនោះ បានបដិសេធថា ខ្លួនមិនដឹងពីមូលហេតុ ដែលយកតម្លៃក្នុងការផ្ញើរម៉ូតូកង់ ឬរថយន្តទាំងនេះទេ ដោយខ្លួនមិនអាចនិយាយបាន៕