អាដហុក​​ថា​ការ​​រំលោភ​​សិទ្ធិ​​ពលករ​​ខ្មែរ កំពុង​មាន​ច្រើន​ទៀត​នៅ​​ម៉ាឡេស៊ី

ករណីរំលោភបំពានសិទ្ធិសេរីភាពពលករខ្មែរ ដែលទៅបំរើការងារនៅប្រទេសម៉ាឡេស៊ី នៅមានចំនួនច្រើនករណីទៀត ដែលរដ្ឋាភិបាលមិនទាន់បានដោះស្រាយរួច ហើយបញ្ហានេះត្រូវបានសមាគមការពារសិទ្ធិមនុស្សអាដហុក លើក​យក​មក​បង្ហាញ ដើម្បីជំរុញឲ្យមានការអន្តរាគមន៍ជាបន្ទាន់។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី -ភ្នំពេញ ថ្ងៃទី ១៨ មករា ១០៥
  • កែប្រែចុងក្រោយ: January 28, 2015
  • ប្រធានបទ: សិទ្ធិពលករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាគម​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ដ៏​ចាស់​វស្សា​មួយ​ឈ្មោះ អាដហុក បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា ការ​អនុវត្ត​គំរោង ស្តី​ពី​ការ​ជួយ​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដែល​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ និង​ការ​ជួញ​ដូរ​កំលាំង​ពលកម្ម តាម​បណ្តា​ប្រទេស​នានា នៅ​លើ​ពិភពលោក នៅ​មាន​ចំណុច​អរវិជ្ជមាន​នៅ​ឡើយ ជា​ពិសេស​សម្រាប់​ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

សមាគម​មួយ​នេះ បាន​រក​ឃើញ​បញ្ហា​សេស​សល់ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ចំនួន​១៣០​ករណី ដែល​ពលករ​ជា​ជន​ជាតិ​ខ្មែរ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។ ករណី​នៃ​ពលករ​រង​គ្រោះ​ទាំង​នោះ រួម​មាន ថៅកែ​និង​ទីភ្នាក់ងារ​ធ្វើ​ទារុណកម្ម​លើ​រូប​រាង​កាយ​មាន​ចំនួន ១៦​ករណី ការ​បាត់​ដំណឹង ២៩​ករណី ការ​បាត់​ខ្លួន ៦៣​ករណី មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍ ២២​ករណី និង​ការ​បង្ខំ​បន្ត​អណត្តិ ១២ ករណី។

លោក ធុន សារ៉ាយ ប្រធាន​សមាគមអាដហុក បាន​ថ្លែងនៅក្នុងសន្និសីទមួយ នាព្រឹកថ្ងៃទី ២៧ ខែមករានេះ ថាបញ្ហាដែលនៅសេសសល់ នៅប្រទេសម៉ាឡេស៊ី និងដែលមិនទាន់ បានដោះស្រាយរួច អាចមានចំនួន​លើសពី១៣០ករណី ព្រោះថាសមាគមរបស់លោក មិនអាចមើលឃើញបញ្ហានៅក្នុងប្រទេសម៉ាឡេស៊ី គ្រប់​ជ្រុងជ្រោយនោះទេ។

លោកបានបន្ថែមថា ពលករភាគច្រើនដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី សុទ្ធតែស្របច្បាប់ ព្រោះពួក​គេ​ទៅតាមក្រុមហ៊ុន ដូច្នេះរដ្ឋាភិបាលគួតែធ្វើយ៉ាងណាជួយរកយុត្តិធម៌ និងចាត់វិធានការចំពោះបញ្ហា​ទាំងអស់​នេះ ឲ្យបានឆាប់បំផុតឲ្យពួកគាត់ និងគ្រួសារពួកគាត់ផងដែរ។ ពលករមួយចំនួន បានបាត់ខ្លួនទៅជាច្រើនឆ្នាំ ហើយអ្នកខ្លះទៀតបាត់ដំណឹង ពី៤ទៅ៥ឆ្នាំ។ លោក ធុន សារ៉ាយ បានថ្លែងទៀតថា ករណីបាត់ដំណឹងនេះ ជាការប៉ះពាល់ដល់សិទ្ធិរបស់ពលករ ព្រោះពលករទៅធ្វើការ ថៅកែមិនអនុញ្ញាតឲ្យទូរស័ព្ទមកសួរសុខទុក្ខ​អ្នកផ្ទះនោះទេ ដូច្នេះវាការអនុវត្តផ្ទុយពីការគោរពសិទ្ធិមនុស្សធ្ងន់ណាស់។ លោកបានពន្យល់ថា សូម្បីតែអ្នក​ដែលជាប់ពន្ធនាគានៅកម្ពុជា បច្ចុប្បន្នក៍មានសិទ្ធិ ទូរស័ព្ទមកលេងអ្នកផ្ទះដែរ។ ប៉ុន្តែពលករខ្មែរនៅ​ម៉ាឡេស៊ី​វិញ ថៅកែបានធ្វើការគាបសង្កត់ ឃាត់ឃាំងមិនឲ្យទូរស័ព្ទមកផ្ទះ ហើយថែមទាំងធ្វើទារណកម្មលើរាងកាយ មិនបើកប្រាក់បៀវត្សរ៍ឲ្យពួកគេទៀតផង។

ប្រធានសមាគមដដែលនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាបានធ្វើការផ្អាកបញ្ជូនពលករកម្ពុជា ទៅ​ធ្វើការនៅប្រទេសម៉ាឡេស៊ីទៀតហើយ ប៉ុន្តែរដ្ឋាភិបាលមិនបានចាត់វិធានការ ក្នុងការឃ្លាំមើលក្នុងការអនុវត្ត​ការផ្អាកនេះទេ។ ដូច្នេះហើយ បញ្ហានៅកើតមានចំពោះពលករ ពលការនីខ្មែរយើង។ នេះហើយជាកំហុសឆ្គង​ដ៍ធ្ងន់ធ្ងររបស់ រដ្ឋាភិបាលដែលបណ្តោយឲ្យក្រុមហ៊ុនបន្តបញ្ជូនពលករទៅជាបន្តបន្ទាប់ និងបង្ខំចិត្តពួកគេ​ឲ្យ​នៅ​ធ្វើការបន្តទៀត។

មិនមានប្រតិកម្មពីក្រសួងការងារ និងក្រសួងការបរទេសកម្ពុជានៅឡើយ ទៅលើការលើកឡើងរបស់​សមាគម​ខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...