បាតុកម្មនៅណាហ្គាវើល៖ បរាជ័យក្នុងកិច្ចចរចារត្រីភាគីនៅសាលារាជធានីភ្នំពេញ
កិច្ចចរចារត្រីភាគីរវាង ភាគីតំណាងកម្មករនិយោជិត តំណាងក្រុមហ៊ុនណាហ្គាវើល និងសាលារាជធានីភ្នំពេញមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ នៅក្នុងថ្ងៃនេះ។ ការចរចារត្រីភាគីនេះកើតឡើង បន្ទាប់ពីមានការឯកភាពគ្នា រវាងភាគីទាំងបី ទទួលយក«ការដោះស្រាយតាមរយៈតុចរចារ» ជំនួសឲ្យការធ្វើបាតុកម្ម។ បាតុកម្មដែលធ្វើឡើង ដោយបុគ្គលិក ណាហ្គាវើលច្រើនជាងមួយពាន់នាក់ ត្រូវបានបង្រ្កាបនិងឃាត់ខ្លួនចំនួន១៩នាក់ ពីសំណាក់សមត្ថកិច្ចកាលពីថ្ងៃ១៩ខែមិថុនាកន្លងទៅ តែត្រូបានដោះលែងមកវិញនៅល្ងាចថ្ងៃដដែល។
សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ។
អនុប្រធានសហជីពប្រចាំណាហ្គាវើលកញ្ញា ឈឹម ស៊ីថរ ថ្លែងថា៖ «កិច្ចប្រជុំនេះមិនបានទទួលលទ្ធផល ដូចការរំពឹងទុកដែលភាគីកម្មករនិយោកជិកចង់បាននោះទេ»។ កញ្ញាបន្ថែមថាក្រុមកម្មករនិយោជិក ត្រូវបានសាលារាជធានីភ្នំពេញជុំរុញឲ្យចូលបំរើការងារវិញ ដោយរង់ចាំការដោះស្រាយជាមួយក្រុមហ៊ុននៅពេលក្រោយ ខណៈពេលដែលគេមើលឃើញថា ភាគីទាំងពីរមិនអាចដោះស្រាយវិវាទការងារនេះ ជាមួយគ្នានាពេលកន្លងមក។ កញ្ញាបានបញ្ជាក់ថា ខាងភាគីបុគ្គលិកនឹងមិនចូលបំរើការងារវិញ ហើយក៏មិនបន្តធ្វើបាតុកម្មសារជាថ្មីដែរ ដោយរងចាំការពិភាក្សាជាមួយអង្គការជាដៃគូ និងសហភាពការងារ។
លោក ឌឿ ដារ៉ូ ជាលេខាផ្ទាល់ ប្រធានស្តីទីសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ពុជា (C.T.S.W.S.) បានលើកឡើងថា៖ «ការចរចារនេះមានស្ថានភាពតឹងតែង ដោយហេតុថា កម្មករនិយោជិកត្រូវបានជុំរុញឲ្យចូល បំរើការងារវិញដោយគ្មានលក្ខខណ្ឌ»។ លោកបានបន្តថា សហព័ន្ធសហជីពនេះ ដែលមានសមាជិកច្រើនជាងប្រាំពីរម៉ឺននាក់ ដោយឡែកតែក្នុងវិស័យទេសចរណ៍មួយមានជាងប្រាំពាន់ (៥០០០) នាក់នឹងបន្តធ្វើបាតុកម្ម ក្នុងករណីភាគីក្រុមហ៊ុន និងសាលារាជធានីភ្នំពេញមិនមានដំណោះស្រាយសមរម្យជូនកម្មករនិយោជិក។
ទាក់ទងបញ្ហានេះមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ឡុង ឌីម៉ង់ បានទេដោយលេខទូរស័ព្ទរបស់លោក ពុំមានអ្នកទទួល។ ទន្ទឹមនឹងនេះ មេធាវីរបស់ក្រុមហ៊ុនណាហ្គាវើល ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយឆ្លើយថា កំពុងជាប់ប្រជុំ និងចង់ឲ្យអ្នកយកព័ត៌មាន ទៅសម្ភាសផ្ទាល់ដល់កន្លែង។
សូមបញ្ជាក់ថា បាតុកម្មនេះទាមទារលក្ខខណ្ឌមួយចំនួន រួមមាន៖ ទីមួយនិងទីពីរ ទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិក ដែលត្រូវបានបញ្ឈប់ ឲ្យចូលបម្រើការងារ នៅកន្លែងដើមវិញព្រមទាំងទូទាត់ប្រាក់រំលឹក។ ទីបី ទាមទារឱ្យក្រុមហ៊ុនគោរពទៅតាមសេចក្ដីបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទីបួន ទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលទាបបំផុត ចំនួន១៥០ដុល្លារ រួមទាំងកាំប្រាក់ម្ភៃភាគរយដល់បុគ្គលិកទាំងអស់។ ទីប្រាំផ្ដល់ប្រាក់រង្វាន់ចំនួនមួយខែ ដល់បុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារ នៅក្រុមហ៊ុនណាហ្គាវើលនេះ និងទីប្រាំមួយ សុំឱ្យក្រុមហ៊ុនពិចារណាពីវត្តមាន និងអត្តចរិតនៃថ្នាក់គ្រប់គ្រងសណ្ឋាគារ ហាប៊ីប៊ួរ រ៉េហាន (Habibur Rehman /EAM-Hotel)។ នាយកផ្នែក VIP លោក ហ្វានី យ៉ុង (Fanny Yong) និងនាយកធនធានមនុស្ស ផ្នែកទំនាក់ទំនងបុគ្គលិកឈ្មោះ ជេរ៉េម៊ី ជា (Jeremy chea) ដែលរងការចោទប្រកាន់ថា កំពុងបង្កបញ្ហាជាមួយបុគ្គលិក។
---------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ